អាហារ​អ្វីខ្លះមិនគួរទុកកន្លែងកក?

  • 2016-12-05 02:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ភាគ​ច្រើន​គិត​ថា​ការ​ទុក​ម្ហូប​អាហារ​ក្នុង​ទូ​កក​គឺ​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​រក្សា​ទុក​ឲ្យ​បាន​យូរ។ ប៉ុន្តែ​ធ្វើ​ដូច​នេះ​មាន​ប្រសិទ្ធ​ភាព​ចំពោះ​តែ​អាហារ​មួយ​ចំនួន​ប៉ុណ្ណោះ។ ដោយ​ឡែក​មាន​អាហារ​១០ ប្រភេទ​ដែល​មិន​គួរ​ទុក​ដាក់​នៅ​ជាន់​កក​ឡើយ​៖

1. អាហារ​ប្រចាំ​ថ្ងៃ៖ មានទឹកដោះគោ ប៊័រ ឈីសជាដើម។ អាហារ​ប្រភេទ​នេះ​មួយ​ចំនួន​នឹង​ចេញ​ទឹក​ពេល​យើង​ទុក​វា​ឲ្យ​កក។

2. ដំឡូងបារាំង​ឆៅ៖ ជា​ធម្មតា​ដំឡូង​បារាំង​នឹង​ប្រែ​ទៅ​ជា​ជាំ​ខ្មៅ​ពេល​វា​កក​។ ល្អ​បំផុត​គួរ​ទុក​វា​នៅ​កន្លែង​ត្រជាក់​ហើយ​ស្ងួត។

3. ស៊ុត៖ ស៊ុត​ឆៅ​នឹង​រីក​មាឌ​នៅ​ពេល​ត្រជាក់​​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ប្រេះ​សំបក​បាន ហើយ​ក៏​ធ្វើ​ឲ្យ​ស៊ុត​ក្រហម​ឡើង​ស្អិតៗ​ពេល​រលាយ។ គួរ​ទុក​វា​នៅ​កន្លែង​សម្រាប់​ដាក់​ស៊ុត​វិញ​ល្អ​ជាង។

4. អាហារ​កំប៉ុង៖ នៅ​ពេល​សារធាតុ​រាវ​នៅ​ក្នុង​កំប៉ុង​កក វា​នឹង​រីក​មាឌ​ធ្វើ​ឲ្យ​ផ្ទុះ​កំប៉ុង​បាន។

5. បន្លែ៖ អ្នក​មិន​គួរ​ទុក​បន្លែ​ដូច​ជា ស្ពៃ សាឡាត់ ត្រសក់ ក្នុង​ទូ​កក​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​បាត់​បស់​គុណភាព​និង​រសជាតិ។

6. អាហារ​ដែល​ខ្ចប់​មិន​បាន​ល្អ​៖ គួរ​ខ្ចប់​អាហារ​ឲ្យ​ជិត​ល្អ​មុន​នឹង​ដាក់​ចូល​ក្នុង​ទូ​កក បើ​មិន​ដូច្នេះ​ទេ​វា​នឹង​ប៉ះ​ពាល់ ពណ៌ ក្លិន និង​រសជាតិ​នៃ​អាហារ។

7. អាហារ​ក្ដៅ៖ ត្រូវ​ទុក​អាហារ​ឲ្យ​ត្រជាក់​សិន​សឹម​ដាក់​ក្នុង​ទូទឹកកក ព្រោះ​ចំហាយ​ក្ដៅ​ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​ទូ​ប្រែ​ប្រួល​ ហើយ​បង្ក​ជា​បាក់តេរី។

8. អាហារ​ដែល​រលាយ (កក​ហើយ​រលាយ)៖ នៅ​ពេល​អាហារ​ទាំង​នោះ​កំពុង​រលាយ​មេរោគ​ដែល​មិន​ងាប់​នៅ​សីតុណ្ហភាព​ទាប​នឹង​កើន​ឡើង។ ហើយ​បើ​អ្នក​យក​វា​ទៅ​ក្លាស្សេ​ម្ដង​ទៀត​នោះ​បាក់តេរី​នឹង​កើន​ថែម​ទៀត។

9. កំទេច​នំបុ័ង៖ វា​នឹង​ប្រែ​ជា​ទន់​ហើយ​ខាប់​ជ្រាយ នៅ​ពេល​កក។

10. ផ្លែឈើ​ដែល​មាន​ជាតិ​ទឹក​ច្រើន៖ ផ្លែឈើ​ដែល​មាន​ជាតិ​ទឹក​ច្រើន​ដូច​ជា ឪឡឹក និង​ត្រសក់ស្រូវ នឹង​ជាំ ទន់ ជ្រាយ ពេល​ដាក់​ក្នុង​ទូ​កក។

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ធន្នី

អត្ថបទពេញនិយម