ហាត់ប្រាណរួច គួរហូបអាហារប៉ុន្មានមុខនេះ ដើម្បីជំនួយសុខភាពកាន់តែប្រសើរ

  • 2020-04-10 01:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បន្ទាប់​ពី​ហាត់​ប្រាណ​រួច ​រាង​កាយ​បាត់​បង់​ថាមពល​ជា​ច្រើន។ ដូច្នេះ​ ​ការ​ជ្រើស​រើស​អាហារ​សុខភាព​នឹង​ជួយ​ឲ្យ​រាង​កាយ​មាន​តុល្យភាព ​ព្រម​ទាំង​ជាតិ​ទឹក​ផង​ដែរ។ ​ម្ល៉ោះ​ហើយ ក្រោយ​​ហាត់​ប្រាណ​រួច ​​អាហារ​ដែល​អ្នក​គួរ​ទទួល​ទាន​ ​រួម​មាន៖

១. ទឹក​ដោះ​គោ​ជូ

ទឹក​ដោះ​គោ​ជូ​មាន​ប្រូតេអ៊ីន​ខ្ពស់ ​មាន​កាបូន​ហាយ​ដ្រាត​​ដែល​ជួយ​រាង​កាយ​​ឲ្យ​មាន​ថាម​ពល​គ្រាប់​គ្រាន់។ ប៉ុន្តែ​អ្នក​គួរ​ជ្រើស​ទឹក​ដោះ​គោ​ជូ​រស​ជាតិ​ដើម ទើប​មាន​ជាតិ​ស្ករ​តិច។ ​អាហារ​មួយ​ប្រភេទ​នេះ​ជួយ​បង្កើន​​កម្លាំង​និង​កាត់​បន្ថយ​ការ​ឃ្លាន​បន្ទាប់​ពី​ហាត់​ប្រាណ​រួច​។

២. ស៊ុត

​ស៊ុត​ត្រូ​វ​បាន​គេ​ចាត់​ទុក​ថា​ជា​អាហារ​សម្បូរ​ជីវជាតិ ​​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន ​​និង​មាន​តម្លៃ​សម​រម្យ​ទៀត​ផង។ ​ដោយសារ​តែ​បែប​នេះ​ហើយ វា​បាន​ក្លាយ​ជា​អាហារ​ល្អ​មួយ​បន្ទាប់​ពី ហាត់​ប្រាណ​រួច ព្រោះ​អាមីណូអាស៊ីត​ក្នុង​ស៊ុត​​ជា​សារធាតុ​ដែល​រាង​កាយ​ត្រូវ​ការ​ចាំ​បាច់​ដើម្បី​ស្រូប​យក​ប្រូតេអ៊ីន​ក្នុង​ការ​ជួស​ជុល​សាច់​ដុំ​ដែល​ខូច​ខាត ​ការពារ​របួស​ក្រោយ​ពី​ហាត់​ប្រាណ​រួច​ថែម​ទៀត។

៣. គ្រាប់​ធញ្ញជាតិ

​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អាហារ​សម្រន់​ដ៏​មាន​សារប្រយោជន៍​ចំពោះ​អ្នក​ធ្វើ​លំហាត់​ប្រាណ​រួច។ ​គ្រាប់​ធញ្ញជាតិ​មាន​កាបូន​ហាយ​ដ្រាត ​ប្រូតេអ៊ីន ​​ដែល​ជួយ​រាងកាយ​បង្កើត​ថាមពល​​បាន​យ៉ាង​ល្អ។​ យ៉ាង​ណា​ក៏​ដោយ ​អ្នក​គួរ​ហូប​គ្រាប់ធញ្ញជាតិ​ត្រឹម​មួយ​ក្ដាប់​ដៃ​បាន​ហើយ ​ដោយ​សារ​វា​ផ្ទុក​កាឡូរី​ខ្ពស់។ ​ម្យ៉ាង​ទៀត ​គួរ​លាយ​គ្រាប់​ធញ្ញជាតិ​​ប្រភេទ​ផ្សេង​ៗ ដើម្បី​រាង​កាយ​ទទួល​បាន​ជីវជាតិ​សម្បូរ​បែប។

៤. Cheese ​និង​ផ្លែ​ប៉ោម

​ផ្លែ​ប៉ោម ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្លែ​ឈើ​​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់។ មួយ​វិញ​ទៀត ​វា​សម្បូរ​ជីវជាតិ​ច្រើន​ប្រភេទ​ដែល​មាន​គុណ​ប្រយោជន៍​​ដល់​រាង​កាយ ​មាន​សារធាតុ​កាក​សរសៃ​ជួយ​ឲ្យ​ឆាប់​ឆ្អែត​បាន​ទៀត​ផង។ ចំណែក Cheese ​វិញ ​វា​នឹង​បង្កើត​ឲ្យ​រាង​កាយ​ទទួល​បាន​កាបូន​ហាយ​ដ្រាត​គ្រប់​គ្រាន់ ព្រម​ទាំង​ប្រូតេអ៊ីន​ដើម្បី​ឲ្យ​រាង​កាយ​រស់​ឡើង​វិញ។ សាក​ល្បង​កាត់​ផ្លែ​ប៉ោម​មួយ​ចំណិត និង​ Cheese ​មួយ​ផ្នែក ​សម្រាប់​ញ៉ាំ​ដើម្បី​ជួយ​ការពារ​រាង​កាយ ​បន្ទាប់​ពី​ហាត់​ប្រាណ​រួច​៕

​​​​​​​​

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម