កូវីដ១៩សាហាវប៉ុណ្ណា ក៏មិនអាចមកផ្តាច់ស្នេហារបស់អ្នកបាន ឲ្យតែចេះវិធីទាំងនេះ
- 2020-04-06 05:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូវីដ១៩សាហាវប៉ុណ្ណា ក៏មិនអាចមកផ្តាច់ស្នេហារបស់អ្នកបាន ឲ្យតែចេះវិធីទាំងនេះ
ទម្រាំទំនាក់ទំនងស្នេហា អាចបន្តដំណើរទៅមុខបានពីមួយជំហានទៅមួយជំហាន វាមិនមែនងាយស្រួលដោយរលូន ដូចអ្វីដែលបានរំពឹងទុកនោះទេ។ ស្របពេលជាមួយគ្នា តែងមានលាយឡំនឹងឧបសគ្គផ្សេងៗ ដែលអ្នកត្រូវប្រឈម។ បើគូស្នេហ៍អាចជម្នះជាមួយវាបាន មានន័យថាទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែរឹងមាំទ្វេដង។ ជាពិសេសក្នុងអំឡុងពេលដែលមានជំងឺកូវីដ១៩ កំពុងធ្វើជារនាំងរារាំងអ្នកពីការជួបមុខគ្នា ដូច្នេះគួរដឹងពីវិធីសំខាន់ៗ ដើម្បីរក្សាស្នេហាមិនឲ្យរង្គោះរង្គើ។
**ការចេះយល់ពីគ្នាទៅវិញទៅមក ដើម្បីការពារស្នេហាឲ្យបានពេញលេញ**
របៀបធ្វើការងាររបស់អ្នកទាំងពីរ អាចនឹងផ្លាស់ប្តូរពីក្នុងការិយាល័យ មកធ្វើនៅផ្ទះជំនួសវិញបណ្ដោះអាសន្ន។ ពេលវេលាជួបគ្នាក៏ពុំសូវមានច្រើនដូចមុន យ៉ាងណាគួរសួរសុខទុក្ខគ្នាជាប្រចាំ ដើម្បីការពារកុំឲ្យមានគម្លាតកាន់តែឆ្ងាយ។
ក្នុងអំឡុងពេលនេះ ម្នាក់ៗអាចនឹងមានភាពតានតឹងច្រើន ដូច្នេះហើយមិនគួរទាមទារឲ្យភាគីណាម្នាក់ផ្គាប់ចិត្តលើសលប់ពេកទេ ពុំដូច្នោះជម្លោះនឹងអាចកើតមានគ្រប់ពេលវេលា។
ប្រសិនបើអ្នកសង្កេតឃើញដៃគូមានអារម្មណ៍មិនល្អ មិនអាចផ្តោតលើការងារ ត្រូវចូលរួមលើកទឹកចិត្ត កែប្រែស្ថានភាពឲ្យល្អប្រសើរ ជាងជាងការស្តីបន្ទោសដាក់គ្នា។
ក្នុងចំណោមអ្នកទាំងពីរ អាចមានភាគីម្ខាងណាមួយ ដែលមានគ្រួសារតឹងតែងហាមប្រាម មិនឲ្យចេញពីផ្ទះទាល់តែសោះ។ តែខណៈនេះ អ្នកមិនត្រូវប្រកាន់ខឹងអ្វីឡើយ ត្រូវចេះអធ្យាស្រ័យយល់យោគពីក្តីបារម្ភរវាងគ្រួសារនិមួយៗ។
ជំនួសឲ្យការជួបមុខគ្នាផ្ទាល់ អ្នកអាចណាត់ខលជួបមុខតាមទូរសព្ទ ដើម្បីសួរសុខទុក្ខគ្នាក៏បានដែរ។
ជៀសវាងការចុះចាញ់
ត្រូវរៀនបើកចិត្តឲ្យទូលាយចំពោះគ្នា ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។
ត្រូវចាំថា ប្រសិនបើអ្នកទាំងពីរ នៅតែអាចរក្សាទំនាក់ទំនងក្នុងកាលៈទេសៈបែបនេះ នោះស្នេហានឹងកាន់តែរឹងមាំមិនងាយបំបាក់បាន។
ប្រសិនបើមានរឿងរ៉ាវទាស់ទែងអន់ចិត្តនឹងគ្នា អាចទុកពេលបន្តិចសិន ដើម្បីរកដំណោះស្រាយ ប៉ុន្តែដាច់ខាតកុំព្យាយាមផ្តាច់ការទាក់ទងព្រោះតែបញ្ហាតូចតាច។
បើមានបញ្ហាអ្វីក្នុងចិត្ត គួរប្រាប់ដៃគូឲ្យបានដឹង ព្រោះបើអ្នកលាក់ទុកតែម្នាក់ឯង គ្មាននរណាអាចទាយបានឡើយ ទោះបីម្នាក់នោះស្និទ្ធស្នាលយ៉ាងណាក៏ដោយ។
ត្រូវរួមរួបគ្នាដើម្បីតតាំង ឆ្ពោះដំណើរទៅមុខបន្ត ដោយមិនចុះចាញ់ងាយៗ ទើបគូស្នេហ៍អាចស្ថិតស្ថេរបានយូរ៕
ចុចអានបន្ត៖ ស្នេហាងាយបែកបាក់ ដាច់គ្នាផុយៗ បើប្តីប្រពន្ធចាប់ផ្តើមមានចំណុចទាំងនេះ