ធ្វើការពីផ្ទះប្រកបដោយប្រសិទ្ធភាព បើអ្នកចេះលៃលកតាមតិចនិក៥យ៉ាងនេះ
- 2020-04-02 09:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើការពីផ្ទះប្រកបដោយប្រសិទ្ធភាព បើអ្នកចេះលៃលកតាមតិចនិក៥យ៉ាងនេះ
ដោយសារតែថ្មីនេះៗ ក្រុមហ៊ុនបានផ្លាស់ប្តូរវិធីធ្វើការ ដោយអនុញ្ញាតឲ្យបុគ្គលិកធ្វើការពីផ្ទះបាន។ ម្ល៉ោះហើយ តិចនិកធ្វើការនៅការិយាល័យនិងនៅផ្ទះ អាចខុសគ្នាខ្លះៗ ប៉ុន្តែក្នុងនាមជាបុគ្គលិក អ្នកត្រូវរៀបចំការងារ ឲ្យបានល្អដូចពេលបំពេញនៅការិយាល័យដែរ។
**១. កំណត់ម៉ោងធ្វើការឲ្យបានជាក់លាក់**
នៅពេលចាប់ផ្ដើមធ្វើការពីផ្ទះដំបូង អ្នកប្រាកដជាមានអារម្មណ៍មិនសូវស្រណុកខ្លះៗ។ ដូចជាក្រោកពីគេងយឺត ឬផ្អាកការងារមួយភ្លែតទៅលេងនៅទីណាសិន ហើយចាំត្រលប់មកបន្តការងារវិញ ដោយសំអាងថាគ្មានមេនៅជិត ...។ តែឈប់! សូមកុំធ្វើបែបនេះអី អ្នកគួរដាក់វិន័យសម្រាប់ខ្លួនឯង។ បើអ្នកមិនបានធ្វើការឲ្យបានគ្រប់ជ្រុងជ្រោយអំឡុងម៉ោងធ្វើការទេ នៅពេលក្រុមត្រូវការរបាយការណ៍បន្ទាន់ អ្នកប្រាកដជាមិនអាចប្រគល់ឲ្យពួកគេបាន ហើយពេលនោះអ្នកនឹងស្ថិតក្នុងបញ្ជីខ្មៅមិនខាន។
២. កុំបើកទូរទស្សន៍ ឬលេងហ្គេមពេលកំពុងធ្វើការ
បុគ្គលិកខ្លះ បើកទូរទស្សន៍មើលបន្តិចដើម្បីបំបាត់ស្រ្តេស ឬឆ្លៀតលេងហ្គេមបន្តិច ដោយគិតថាចង់សម្រាកភ្នែក ។ ប៉ុន្តែអ្នកដឹងទេកម្មវិធីខ្លះធ្វើឲ្យអ្នកភ្លេចផ្ចង់អារម្មណ៍ពីការងារ រហូតភ្លេចធ្វើការតែម្ដង ដែលនេះនាំឲ្យអ្នកកាន់តែខ្ជិលមួយកម្រិតទៀត។ ដូច្នេះ អ្នកត្រូវមានវិន័យចំពោះខ្លួនឯង នោះនឹងមិនពិបាកនៅពេលធ្វើការពីផ្ទះនោះទេ។
៣. រៀបចំបញ្ជីប្រចាំថ្ងៃ
សម្រាប់អ្នកធ្វើកាពីផ្ទះ គឺតម្រូវឲ្យមានវិន័យខ្ពស់ចំពោះខ្លួនឯងណាស់។ ដូច្នេះ គួរមានបញ្ជីប្រចាំថ្ងៃគឺជាការល្អ ព្រោះនឹងជួយឲ្យអ្នកដឹង និងឃើញពីលទ្ធផលការងារណាមួយដែលកំពុងធ្វើ និងមិនទាន់រួចរាល់ជាដើម។ កំណត់គោលដៅច្បាស់លាស់ដោយវិធីនេះ នោះអ្នកអាចធ្វើការពីផ្ទះដោយលែងបារម្ភ ឬភ្លេចអ្វីមួយហើយ។
៤. រៀបចំការងារតាមគោលការណ៍
ជាការពិត នៅពេលអ្នកធ្វើបញ្ជីរួច មានន័យថាដាច់ខាតអ្នកត្រូវតែបំពេញការងារទាំងនោះឲ្យរួចរាល់។ មិនត្រូវគិតថា ធ្វើការនៅផ្ទះ ចាំបំពេញការងារម៉ោងណាក៏បាននោះ។ ការងារដែលមិនទាន់រួចរាល់ គឺត្រូវប្រញាប់បញ្ចប់ ម្ល៉ោះហើយការអនុវត្តនេះយូរទៅៗនឹងបានប្រសិទ្ធភាពមិនខាន។
៥. សម្រាកភ្នែក ឬទម្រេតខ្នងមួយភ្លែត
ច្បាស់ណាស់ ច្បាប់ការងារនិងពេលវេលាដែលអ្នកបានកំណត់សម្រាប់ធ្វើការ គឺជារឿងសំខាន់។ ប៉ុន្តែការសម្រាកភ្នែកពីកញ្ចក់កុំព្យូទ័រ ឬក៏ក្រោកឡើងបន្តិចដើម្បីឲ្យសសៃសសោងមានចលនាក៏សំខាន់ដូចគ្នា។ បន្ទាប់ពីអង្គុយយូរម៉ោងនៅមុខកុំព្យូទ័រ បណ្ដាលឲ្យភ្នែកស្រវាំងនិងផ្សារភ្នែក រួមទាំងខួរក្បាលមិនអាចគិតអំពីការងារបានល្អទៅមុខផងដែរ។ ដូច្នេះ អ្នកត្រូវបែងចែកម៉ោងពេលឲ្យបានត្រឹមត្រូវ កុំផ្តោតលើអ្វីមួយហួសហេតុពេក៕
អានបន្ត៖ របៀបហ្វឹកហាត់ខ្លួន ធ្វើការពីផ្ទះឲ្យមានប្រសិទ្ធភាព មិនធុញទ្រាន់