នៅ​ពេល​ស្រឡាញ់​អ្នក​ណា​ម្នាក់​ខ្លាំង អ្នក​នឹង​ក្លាយ​ជា​អ្នក​ចាញ់​​ ទាំង​ខ្លួន​គ្មាន​កំហុស

  • 2020-03-27 01:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សំណួរ​មួយ​ដែល​ខ្ញុំ​តែងតែ​សួរ​ខ្លួន​ឯង​គ្រប់​ពេល​ដែល​ខ្ញុំ​ឈ្លោះ​គ្នា​ជាមួយ​គេ « ហេតុអី​ខ្ញុំ​ត្រូវ​ជា​អ្នក​ទៅ​សុំទោស​គេ ទាំង​គេ​ជា​អ្នក​ខុស?» ចម្លើយ​ដែល​ខ្ញុំ​បាន​មក​វិញ​គឺ «មក​ពី​ខ្ញុំ​ស្រឡាញ់​គេ ខ្ញុំ​អត់​ចង់​បាត់បង់​គេ»

ពេល​ខ្លះ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​អន់​ចិត្ត ហើយ​គិត​ថា​ហេតុអី​ខ្ញុំ​ត្រូវ​ទ្រាំ​នៅ​ជាមួយ​មនុស្ស​ដែល​មិន​ខ្លាច​នឹង​បាត់បង់​ខ្ញុំ ដូច​ខ្ញុំ​ខ្លាច​បាត់​បង់​គេ?

រូបតំណាង

ខ្ញុំ​ក៏​ព្យាយាម​ណាស់​ដែរ តែ​ពេល​ខ្ញុំ​បែក​ពី​គេ​អារម្មណ៍​របស់​ខ្ញុំ​ហាក់​ដូច​ចុះ​នរក​អីចឹង រហូត​ត្រូវ​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​សុំទោស​គេ ទាំង​គេ​មិន​ដែល​សុំទោស​ខ្ញុំ​ទោះ​គេ​ជា​អ្នក​ធ្វើ​ខុស​ក៏​ដោយ។

នៅ​ពេល​ដែល​អ្នក​ស្រឡាញ់​អ្នក​ណា​ម្នាក់​ខ្លាំង ពេល​នោះ​អ្នក​នឹង​ក្លាយ​ជា​អ្នក​ចាញ់ ហើយ​អ្នក​នឹង​លែង​ខ្វល់​ថា​អ្នក​ណា​ឈ្នះ អ្នក​ណា​ចាញ់ អ្វី​ដែល​អ្នក​ដឹង​នោះ​គឺ​អាច​ស្រុះស្រួល​គ្នា​តែ​ប៉ុណ្ណោះ។

ប្រហែល​ពេល​នេះ​ខ្ញុំ​នៅ​ស្រឡាញ់​គេ​ខ្លាំង​រហូត​ធ្វើ​ឲ្យ​ខ្ញុំ​លែង​មើល​ឃើញ​តម្លៃ​ខ្លួន​ឯង ប៉ុន្តែ​ត្រូវ​ចាំ​ថា​អ្វីក៏​ដោយ​ក៏​មាន​ព្រំដែន និង​ទី​បញ្ចប់​ដែរ។

នៅ​ពេល​មួយ​ដែល​គេ​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្អែត​ខ្លាំង ខ្ញុំ​ជឿ​ថា​ខ្ញុំ​នឹង​មិន​អាច​ទ្រាំ​ទៅ​សុំទោស​គេ ដើម្បី​ចង់​តែ​ត្រូវ​គ្នា​វិញ​នោះ​ទេ។

ត្រូវ​ចាំ​ណា ការ​ស្រឡាញ់​តែ​ម្ខាង​មិន​អាច​រស់​នៅ​បាន​យូរ​អង្វែង​ទេ វា​នឹង​បញ្ចប់​នៅ​ពេល​ណា​មួយ។ ពេល​ខ្លះ​ទោះ​ខ្ញុំ​ស្រឡាញ់​គេ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ បើ​អ្វី​ដែល​គេ​ផ្ដល់​ឲ្យ​ខ្ញុំ​លើស​ពេក ខ្ញុំ​នឹង​សុខ​ចិត្ត​ខាំមាត់​ដើរ​ចេញ។

រូបតំណាង

ពេល​ដែល​ខ្ញុំ​ស្រឡាញ់​គេ​ខ្លាំង ខ្ញុំ​មើល​ឃើញ​គេ​ដូច​ជា​គ្រាប់​ពេជ្រ តែ​គេ​មើល​ឃើញ​ខ្ញុំ​វិញ​ដូច​ជា​ដុំ​ដី​មួយ​ដុំ ដែល​គ្មាន​ន័យ​អី​ទាំង​អស់​ក្នុង​កែវ​ភ្នែក​គេ។ ខ្ញុំ​មិន​បន្ទោស​​គេ​ទេ នេះ​គឺ​មក​ពី​ខ្ញុំ​ខ្លួន​ឯង ដែល​លង់​ស្រឡាញ់​គេ​ខ្លាំង រហូត​ធ្វើ​ឲ្យ​គេ​គិត​ថា​ខ្ញុំ​គ្មាន​គេ​ ខ្ញុំ​រស់​មិន​បាន។

ជួយ​ស្រឡាញ់​ខ្ញុំ​វិញ​ផង ទាន់​ពេល​នេះ​ខ្ញុំ​ស្រឡាញ់​ខ្លាំង កុំ​ចាំ​ដល់​ពេល​មួយ​ដែល​ខ្ញុំ​ដើរ​ចេញ​ ទើប​សួរ​ខ្ញុំ​ថា​ហេតុ​អី៕

ចុចអាន៖ចំពោះ​ខ្ញុំ រឿង​ស្នេហា​គ្មាន​ឡើយ​ពាក្យ​ថា​ “ចែក​រំលែក”

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម