សញ្ញាគ្រោះថ្នាក់ ៧ យ៉ាង បង្ហាញថាបេះដូងរបស់អ្នកដំណើរការមិនប្រក្រតី

  • 2020-03-19 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 69

យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ បាន​បង្ហាញ​ឲ្យ​ដឹង​ថា មាន​​មនុស្ស​ប្រមាណ ៦១​ម៉ឺន​នាក់ បាន​​​ស្លាប់​ដោយ​​មាន​​ពាក់ព័ន្ធ​​ជាមួយ​នឹង​​ជំងឺ​បេះដូង​ ជា​រៀង​រាល់​​ឆ្នាំ​ នៅ​សហរដ្ឋអាមេរិក។ ក្នុង​នោះ​ដែរ មាន​ទាំង​បុរស​និង​ស្រ្តី ដែល​កើត​ជំងឺ​បេះដូង ដោយ​សារ​មូលហេតុ​ផ្សេង​ៗ អាស្រ័យ​លើ​​​ការ​ប្រើ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​​ខុស​ៗ​គ្នា​។

ហេតុ​នេះ​ហើយ​​ មាន​សញ្ញា​​មួយ​ចំនួន ដែល​អ្នក​មិន​គួរ​មើល​រំលង ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​​ដល់​សុខភាព​បេះដូង។

១. ឈឺ​រោយ​ពេញ​​ដៃ

មនុស្ស​ប្រុស​​ភាគ​ច្រើន​ឈឺ​​នៅ​ដៃ​ខាង​ឆ្វេង ចំណែក​ឯ​មនុស្ស​ស្រី​​អាច​ឈឺ​នៅ​​ផ្នែក​ខាង​ឆ្វេង​ដូច​គ្នា ឬ​​ឈឺ​ទាំង​សង​​ខាង​តែ​ម្តង​។ មាន​មនុស្ស​ស្រី​មួយ​ចំនួន ​ឈឺ​កែង​ដៃ​ខុស​ពី​ធម្មតា មុន​ពេល​គាំង​បេះដូង។ ដោយ​សារ​តែ​​ការ​ឈឺចាប់​​នៃ​បេះ​ដូង បាន​បញ្ជូន​ទៅ​កាន់​ខួរ​ឆ្អឹង​ខ្នង ដែល​ជា​កន្លែង​​​​ភ្ជាប់​ជាមួយ​នឹង​សរសៃប្រសាទ​នៃ​រាងកាយ ជា​មូលហេតុ​នាំ​ឲ្យ​ខួរ​ក្បាល​យល់​​ច្រឡំ​​ថា ការ​ឈឺ​ចាប់​គឺ​នៅ​ផ្នែក​ដៃ​ទៅ​វិញ។

២. ក្អក​ញឹក​ញាប់​មិន​បាត់

​​​ការ​ក្អក​អាច​បណ្តាល​មក​ពី​មូល​ហេតុ​ផ្សេងៗ​ ហើយ​វា​ក៏​ជា​សញ្ញា​នៃ​ជំងឺ​បេះដូង​ផង​ដែរ។ នៅ​​ពេល​ដែល​អ្នក​ក្អក​មិន​​ឈប់ មាន​ចេញ​ស្លេះ​ពណ៌​បែប​ចុង​ឈូក និង​មាន​លាយ​ឡំ​ជាមួយ​ឈាម ដែល​​អាច​បញ្ជាក់​ពី​ការ​ចុះ​ខ្សោយ​នៃ​បេះដូង។

៣. ​ការ​ថប់បារម្ភ​មាន​កម្រិត​ខ្លាំង​ឬ​ខុស​ធម្មតា

​​សម្រាប់​អ្នក​ដែល​ជួប​ប្រទះ​នូវ​បញ្ហា​ថប់​អារម្មណ៍​ទាំង​នៅ​វ័យ​ក្មេង ភាគ​ច្រើន​គឺ​ងាយ​នឹង​កើត​ជំងឺ​បេះដូង​ខ្លាំង​ណាស់​។ ភាព​តាន​តឹង អាច​បណ្តាល​​មក​ពី​ការ​រស់​នៅ​ពោរពេញ​ដោយ​ស្រ្តេស ឬ​បញ្ហា​​នានា​ដូច​ជា ​ការ​ភ័យស្លន់ស្លោ​និង​ព្រួយ​បារម្ភ​ច្រើន​។ ទាំង​នេះ​​សុទ្ធ​តែ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​បេះ​ដូង ដូច​ជា​ធ្វើ​​ឲ្យ​ចង្វាក់​បេះដូង​លោត​ញាប់​ខុស​ប្រក្រតី សម្ពាធ​ឈាម​កើន​ឡើង និង​​​ថយ​ចុះ​ចង្វាក់​បេះ​ដូង​ជា​ដើម។

៤. ហើម​ជើង កែង​ជើង និង​ប្រអប់ជើង

នៅ​ពេល​​ដែល​​បេះ​​​​​ដូង​មាន​​ដំណើរ​​មិន​​ល្អ ជា​​មូល​ហេតុ​នាំ​ឲ្យ​ធាតុ​រាវ​ដែល​ហូរ​ចេញ​ពី​សរសៃ​ឈាម បាន​លេច​​ចូល​ទៅ​ជាលិកា​​នៅ​ជុំវិញ ជា​ពិសេស​​​​ជើង​និង​ប្រអប់​ជើង ជា​ផ្នែក​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​។

៥. មិន​ឃ្លាន​និង​មាន​អារម្មណ៍​ចង់​ក្អួត

មាន​អ្នក​ជំងឺ​បេះដូង​ជា​ច្រើន​​ ដែល​​តែង​តែ​បង្ហាញ​នូវ​សញ្ញា​លែង​ឃ្លាន​ឬ​​មាន​អារម្មណ៍​ចង់​ក្អួត សូម្បី​តែ​ពេល​ញ៉ាំ​បន្តិច​បន្តួច​។ ដោយ​សារ​តែ វត្ថុ​រាវ​បាន​បណ្តុំ​គ្នា​​នៅ​បរិវេណ​ថ្លើម​និង​ពោះវៀន ដែល​​បង្ក​ផល​រំខាន​​​​ដល់​​ការ​រំលាយ​អាហារ។ អ្នក​ក៏​អាច​មាន​​អាការៈ​ឈឺ​ពោះ​ផង​ដែរ ដូច្នេះ​គួរ​ទៅ​​ជួប​ពិគ្រោះ​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ជំនាញ​ បើ​អ្នក​​មាន​សញ្ញា​ទាំង​នេះ​។

៦​. ស្បែក​រោល​​រមាស់​​ឬ​មាន​ស្នាម​អុច​ខុស​ធម្មតា

អាការៈ​ស្បែក​រោល​រមាស់ ឬ​មាន​ស្នាម​អុច​ ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា​អ្នក​​អាច​ប្រឈម​​ខ្ពស់​នឹង​ជំងឺ​បេះដូង។ ចំពោះ​​អ្នក​ដែល​មាន​បញ្ហា​ស្បែក ត្រូវ​បាន​គេ​រក​ឃើញ​ថា ​មាន​ហានិភ័យ​ដល់​ទៅ ៤៨% ក្នុង​ការ​លើស​សម្ពាធ​ឈាម និង ២៩% ដែល​មាន​កម្រិត​ជាតិ​​​ខ្ពស់​។

៧. បាត់​បង់​ស្មារតី​ឬ​សន្លប់​​​

​ត្រូវ​ចាំ​ថា មាន​តែ​កា​រ​ការពារ​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​ប៉ុណ្ណោះ ដែល​អាច​ជួយ​ឲ្យ​អ្នក​ជៀស​​ផុត​ពី​​បញ្ហា​ធ្ងន់​ធ្ងរ​ផ្សងៗ។ មិន​គួរ​ធ្វេស​ប្រហែស​ដាច់​ខាត ប្រសិន​បើ​អ្នក​លេច​ចេញ​នូវ​សញ្ញា​មិន​​ប្រក្រតី​​ក្នុង​រាង​កាយ គួរ​ទៅ​ពិគ្រោះ​​ជាមួយ​​នឹង​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ទាន់​ពេល​វេលា​៕

ចុចអានបន្ត៖ តើនរណាខ្លះដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺ កូវីដ១៩?

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី