បណ្តាំ​លោក​យាយ​មក​កាន់​ចៅ​ស្រី​មុន​ពេល​​រៀប​ការ

  • 2020-03-17 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​លោក​​​​យាយ​មាន​វ័យ​​​ចំណាស់​ហើយ ប៉ុន្តែ​គំនិត​​​​មិន​ចាស់​​​​​គំរឹល​​​​​នោះ​ទេ។ លោក​យាយ​បាន​ឆ្លង​កាត់​រឿងរ៉ាវ​​ជា​ច្រើន​​នៅ​ក្នុង​ជីវិត រួម​បញ្ចូល​ទាំង​​​​រឿង​គ្រួសារ​ផង​ដែរ។ គាត់​​តែង​​​តែ​​​និយាយ​រឿយៗ​ប្រាប់​ខ្ញុំ​ថា បើ​ចៅ​​​​​​ដាក់​​សន្ទូច​​ត្រូវ​​ចេះ​​​ប្រយ័ត្ន​​ ខ្លាច​ក្រែង​​បាន​ពស់​​​​​មិន​មែន​​ត្រី​។ ​ពាក្យ​​ដាស់​តឿន​របស់​​​យាយ ​ចាប់​​​តាំង​​ពី​ខ្ញុំ​​​មិន​ទាន់​មាន​ស្នេហា រហូត​​​ជិត​មក​ដល់​ថ្ងៃ​រៀប​ការ​​។ លោក​យាយ​​នៅ​តែ​ផ្តែ​ផ្តាំ​ឥត​ឈប់​ឈរ ហើយ​​ដាក់​​បម្រាម​ថា ហាម​បំពាន​​បើ​ចៅ​​ចង់​​រស់​នៅ​​បាន​សុខ​នៅក្នុងជីវិតគូ។

បើ​​ចៅ​​​មិន​​​ចង់​​ឲ្យ​​​ស្វាមី​​​​​បាក់​ចិត្ត​ទៅ​​លើ​​​​​ស្រី​​ដទៃ​​ ចៅ​ត្រូវ​​ចេះ​ការពារ រៀន​​បើក​​ចិត្ត​​ខ្លះ កុំ​​​ចង្អៀតចង្អល់​​ហួសហេតុ​ពេក មាន​​រឿង​អ្វី​​ត្រូវ​​​ចេះ​និយាយ​​កែ​សម្រួល​គ្នា។

យាយ​ដឹង​​ថា​ចៅ​​ឆ្លាត​​ ហើយ​​​ចៅ​ក៏​មានៈ​ណាស់​ដែរ ប៉ុន្តែ​បើ​​រៀប​ការ​​ហើយ​​​ ចៅ​ត្រូវ​​​ចេះ​​​ធ្វើ​ចាញ់​​​ខ្លះ ឲ្យ​​ប្តី​ឈ្នះ​​ខ្លះទៅ​​ កុំ​ធ្វើ​ខ្លាំង​​នាំ​​​រឿង​តូច​ទៅ​ជា​ធំ​ណា​ចៅ។

ចៅ​​ដឹង​អត់​ថា​​​ លោក​តា​របស់​ចៅ​​​ចូល​ចិត្ត​​ម្ហូប​​ដែល​​យាយ​ធ្វើ​ណាស់ គាត់​មិន​​​​​ចង់​​ហូប​​របស់​​នៅ​​​​ខាង​ក្រៅ​ទេ​ ដោយ​សារ​​​យាយ​​តែង​រៀប​ចំ​ទុក​ដាក់​​​ចម្អិន​​​អាហារ​ឆ្ងាញ់​​ៗ​ទុក​ឲ្យ​​តា​របស់​​ឯង។ ​​​​​​ត្រូវ​ហើយ​​ទោះ​​បី​​ចៅ​រវល់​យ៉ាង​ណា​ក៏​ដោយ ត្រូវ​​​​ចេះ​​​ធ្វើ​ម្ហូប កុំ​ពឹង​តែ​​​បាយ​ហាង នោះ​ទើប​​បង្ហាញ​​ថា​ចៅ​​ចេះ​​សន្សំ​​និង​​​យក​ចិត្ត​ទុក​​ដាក់​ចំពោះ​គ្រួសារ។

​​​​​​​​​​​​​​យាយ​​​​​​​រៀប​​​ការ​ជាង​​៤០​ឆ្នាំ​​ហើយ ​​​​តែ​យាយ​​នៅ​មាន​អាថ៌កំបាំង​មួយ​​ទៀត​​ ដែល​មិន​ទាន់​ប្រាប់​ចៅ​ គឺ​​យាយ​​ចូល​ចិត្ត​ធ្វើ​​ពុត​​​ជា​បើក​គម្រប​​​កែវ​​មិន​​​​ចេញ​ ហើយ​ទុក​​ឲ្យ​លោក​តា​ជួយ​​បើក​រហូត។​ តាម​ការ​​ពិត​​ទៅ​​យាយ​​​ក៏​​អាច​​បើក​​​ដោយ​​​ខ្លួន​ឯង​បាន​ដែរ គ្រាន់​តែ​យាយ​​ចង់​​បង្ហាញ​​ប្រាប់​​ថា ចៅ​​មិន​ត្រូវ​​​ធ្វើ​ចេះ​​គ្រប់​រឿង​​​ពេក​ទេ ​​រស់​​នៅ​​​ជាមួយ​គ្នា មាន​បញ្ហា​អ្វី​​​ ហ៊ាន​​​ហា​មាត់​សុំ​ជំនួយ​ ទើប​ស្វាមី​​​មាន​មោទនភាព​​ គិត​ថា​​​គាត់​​ជា​​មនុស្ស​​ពិសេស​​ដែល​ចៅ​ត្រូវការ​​ខ្វះ​មិន​បាន​​នៅ​​​ក្នុង​ជីវិត។

​ទោះ​ពេល​ចៅ​​ខឹង ចៅ​មិន​​សប្បាយ​ចិត្ត ក៏​ត្រូវ​តែ​ចេះ​គោរព​គ្នា ហាម​​ដាច់​ខាត​​​ខឹង​គោ​វាយ​រទេះ ស្រែក​គំហក​​ដាក់​គ្នា​​​​ គ្មាន​​ហេតុ​ផល។ មួយ​ទៀត​ រៀប​កា​រ​​ស្រលាញ់​​​​គ្នា​​យូរ​ប៉ុនណា ​ចៅ​​ត្រូវ​​តែ​បន្ត​​ភាព​ផ្អែមល្ហែម​ បង្ហាញ​ក្តី​​ស្រលាញ់ កាន់​​ដៃ​គ្នា​​​រហូត​​ដល់​​ចាស់​​សក់​ស្កូវ។

​​​​ចៅ​ជា​មនុស្ស​ស្រី ​​​ត្រូវ​ថែរក្សា​​រៀប​ចំ​​ខ្លួន​ប្រាណ​​ឲ្យ​បាន​ស្អាត​បាត បន្ទប់​​គេង​ ផ្ទះ​សម្បែង​​​​ក៏​​ត្រូវ​​ឲ្យ​មាន​​អនាម័យ​​របៀប​រៀប​រយ​ល្អ ដើម្បី​​​​​បណ្តេញ​​​អបមង្គល​ទាំង​អស់​ចេញ​ឲ្យ​​ឆ្ងាយ និង​បង្កើន​​ភាព​​ស្រស់​ស្រាយ​ក្នុង​ជីវិត។

​​​កាល​ជំនាន់​យាយ​​ ​​​បើ​​​​ប្តី​ប្រពន្ធ​មាន​​​ជម្លោះ​​​ ​គេ​​ការពារ​មិន​ឲ្យ​​អ្នក​ជិត​ខាង​ដឹង តែ​ដល់​​​ជំនាន់​​ចៅ​ជា​សម័យ​អ៊ីនធឺណែត ចៅ​​ត្រូវ​ការពារ​​៣​យ៉ាង​គឺ​ មិត្ត​ភ័ក្តិ អ្នក​ជិត​ខាង និង​​នៅ​​​​លើ​​បណ្តាញ​សង្គម ព្រោះ​​​​​វា​ជា​រឿង​ផ្ទៃ​​ក្នុង​ដែល​ចៅ​មិន​គួរ​ចែក​​រំលែក។

ចុង​ក្រោយ​គេ​​បង្អស់​​​ដែល​យាយ​ចង់​ផ្តែ​ផ្តាំ​​​ទៅ​ចៅ​​នោះ​គឺ ​បើ​​ចៅ​ចង់​ជួប​​ស្នេហ៍​ពិត ត្រូវ​ជ្រើស​​រើស​​មនុស្ស​ប្រុស ដោយ​​ផ្តោត​លើ​អត្តចរិត​​និង​ភាព​ចុះ​សម្រុង​​​នឹង​គ្នា ច្រើន​​ជាង​​ទឹក​​ប្រាក់​​និង​ឋានៈ​ ហើយ​​​ចៅ​​ត្រូវ​តែ​ប្រកាន់​ខ្ជាប់ ភាព​​ស្មោះ​ត្រង់ ក្តី​ស្រលាញ់ និង​ការ​អត់ឱន​​​​​ឲ្យ​គ្នា​ បើ​​ចៅ​ចង់​បាន​ស្នេហា​គង់វង្ស​ដូច​ជា​​យាយ ៕

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម