៥ យ៉ាង​អ្នក​គួរ​ពិចារណា ប្រសិន​ចង់​បាន​ទំនុក​ចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន

  • 2020-03-05 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាប់​តាំង​ពី​ស្នេហា​រហូត​ដល់​ការងារ ការ​ជឿ​ទុក​ចិត្ត គឺ​ជា​តម្រូវការ​ចាំបាច់​ដែល​មនុស្ស​ម្នាក់ៗ​តែងតែ​ប្រាថ្នា​ចង់​បាន​ពី​មនុស្ស​ជុំវិញ​ខ្លួន។ ពេល​ខ្លះ​ទោះ​ជា​អ្នក​ជា​មនុស្ស​ស្មោះត្រង់ ហើយ​ព្យាយាម​បង្ហាញ​ចិត្ត​បរិសុទ្ធ​​ខ្លាំង​ប៉ុណ្ណា ក៏​អ្នក​ដទៃ​មិន​ងាយ​បើក​ចិត្ត​ទទួល​យក​អ្នក។ បើ​បែប​នោះ​មែន អ្នក​ត្រូវ​ពិចារណា​ចំណុច​ទាំង ៥ ខាង​ក្រោម នោះ​នឹង​អាច​យក​ឈ្នះ​ចិត្ត​ពួក​គេ​បាន​ដោយ​ស្រួល៖

១.រាប់​អាន​មនុស្ស​ឲ្យ​បាន​ច្រើន

អ្នក​គួរ​រាប់អាន​មនុស្ស​ឲ្យ​បាន​ច្រើន ទោះ​បី​ពួកគេ​ត្រឹម​តែ​ជា​មិត្ត​ធម្មតា​ៗ​ក៏​ដោយ។ នៅ​ពេល​ដែល​អ្នក​ជា​មនុស្ស​ងាយ​ស្រួល​ទទួល​យក​មិត្ត អ្នក​ដទៃ​ក៏​ងាយ​ស្រួល​បើក​ចិត្ត​ទទួល​​យក​អ្នក​ដូច​គ្នា។ ជាក់ស្ដែង នៅ​ពេល​ដែល​មនុស្ស​មិន​ស្គាល់​ម្នាក់ Add friend មក​អ្នក​តាម​ Facebook ហើយ​មាន​មិត្តភ័ក្ដិ​របស់​អ្នក​ច្រើនជា friend ស្រាប់ អ្នក​​ប្រាកដ​ជា Confirm គេ​ម្នាក់​នោះ​មិន​ខាន។

រូបតំណាង

**២.ក្លិន​ខ្លួន​ស្រទន់**

ស្ដាប់​ទៅ​ដូច​ជា​កំប្លែង​បន្តិច ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​បញ្ជាក់​ថា មនុស្ស​ទូទៅ​តែង​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាមួយ​មនុស្ស​ដែល​ប្រើ​ក្លិន​ទឹកអប់​ខ្លាំង​ៗ។ ដូច្នេះ​អ្នក​គួរ​ប្រើ​ក្លិន​ដែល​ស្រទន់​ប្រហើរ ដូចជា​ក្លិន​ផ្កា​ឡាវេនឌ័រ ឬ​ផ្កា​កូឡាប​ជា​ដើម។

៣.សម្រប​ខ្លួន​បាន​យ៉ាង​ល្អ​ជាមួយ​ភាព​ខ្មាស​អៀន

រាល់​ពេល​អ្នក​ជួប​រឿង​​អាម៉ាស់​មុខ តើ​អ្នក​សម្រប​ខ្លួន​បែប​ណា៖ ខឹង មួម៉ៅ ជះ​កំហឹង រត់​គេច​ ឬ​ក៏​គុំកួន? ប្រសិន​បើ​អ្នក​មាន​ប្រតិកម្ម​តប​បែប​នេះ អ្នក​ជុំវិញ​ប្រាកដ​ជា​ខ្លាច​រអា លែង​ហ៊ាន​លេង​ជាមួយ និង​ពិបាក​ក្នុង​ការ​ជឿ​ទុក​ចិត្ត​អ្នក​ណាស់។ ដូច្នេះ​អ្នក​គួរ​ចេះ​ទទួល​យក​ភាព​ខ្មាស​អៀន​ដោយ​បើក​ចំហ​ខ្លះ ទើប​​ជា​ការ​ប្រសើរ។

រូបតំណាង

៤.ប្រើ​កែវ​ភ្នែក​ទន់ភ្លន់ រាល់​ពេល​សន្ទនា

មនុស្ស​មាន​ជំនឿ​ថា នៅ​ពេល​អ្នកណា​ម្នាក់​ព្យាយាម​គេចវេះ​ក្រសែ​ភ្នែក​ពេល​សន្ទនា​ជាមួយ​គ្នា គឺ​គេ​កំពុង​តែ​កុហក ឬ​​លាក់បាំង​អ្វី​មួយ​មិន​ខាន។ ដូច្នេះ​អ្នក​គប្បី​រៀន​ប្រើ​ក្រសែ​ភ្នែក​បែប​ទន់ភ្លន់ រាល់​ពេល​សន្ទនា​ជាមួយ​អ្នក​ដទៃ ដើម្បី​បង្ហាញ​ពួកគេ​អំពី​ភាព​ស្មោះត្រង់​ដែល​មាន​នៅ​ក្នុង​​ខ្លួន​​របស់​អ្នក។

៥.កុំ​ខ្លាច​នឹង​និយាយ​ពាក្យ “សុំទោស”

នៅ​ពេល​ដែល​អ្នក​ស្នើ​សុំ​ជំនួយ​ពី​អ្នកណា​ម្នាក់ អ្នក​គួរ​ប្រើ​ពាក្យ​មួយ​ឃ្លា​​នេះ​ដើម្បី​ចាប់ផ្ដើម​ប្រយោគ។ សម្ដី​សុភាព​រាបសា​បែប​នេះ តើ​អ្នកណា​ទៅ​អាច​បដិសេធ​សំណើ​អ្នក​បាន​នោះ? មនុស្ស​ជុំវិញ​ប្រាកដ​ជា​ចូលចិត្ត ស្រឡាញ់ ព្រម​ទាំង​ប្រគល់​ភាព​ជឿជាក់​ដល់​អ្នក​ជា​មិន​ខាន៕

រូបតំណាង

ចុចអាន៖១០វិធី​​សាស្រ្ត​យក​ឈ្នះ​ចិត្ត​មនុស្ស​បាន​យ៉ាង​​ស័ក្ដិសិទ្ធិ

ប្រភព៖ Womanitely ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម