ភាព​អស្ចារ្យ​របស់​មនុស្ស​ស្រី ​ដាច់​ខាត​​មិន​​ស្ថិត​នៅ​លើ​ ៣ យ៉ាង​​នេះ​ឡើយ!

  • 2020-03-03 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​សម័យកាល​ ឬ សង្គម​​មួយ​​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ប្រកួតប្រជែង ពេល​ខ្លះ​វា​អាច​ធ្វើ​ឱ្យ​អ្នក​ភ្លេច​ថា​ខ្លួន​ឯង​ជា​អ្នក​ណា​ មក​ពី​ណា ក្តី​ស្រមៃ​ខ្លួន​ជា​អ្វី។ យ៉ាង​ណា​មិញ មនុស្ស​ម្នាក់ៗ​ឈរ​លើ​តម្លៃ​ផ្សេងៗ​គ្នា​ ការ​ដែល​​អ្នក​ដទៃ​ឱ្យ​តម្លៃ​ទៅ​លើ​អ្វី​ម៉្យាង​ខ្ពស់ វា​ជា​សិទ្ធ​របស់​គេ ហើយ​ការ​ដែល​អ្នក​ឱ្យ​តម្លៃ​នូវ​អ្វី​ដែល​ខ្លួន​មាន​ ក៏​ជា​ក្តី​សុខ​ផ្ទាល់​ខ្លួន​របស់​អ្នក។ ជួន​កាល​ នៅ​ពេល​ដែល​មនុស្ស​ជុំ​វិញ​អ្នក​​មាន​អ្វី​ដែល​អ្នក​គ្មាន ​អ្នក​អាច​នឹង​​ចាប់​ផ្ដើម​មាន​ការ​យល់​ច្រឡំ​ថា​ខ្លួន​គ្មាន​ភាព​ជោគជ័យ ឬ ភាព​អស្ចារ្យ​ដូច​គេ។ ចូរ​កុំ​មាន​ទស្សនៈ​បែប​នេះ​ឱ្យ​សោះ! ភាព​អស្ចារ្យ​របស់​អ្នក​មិន​បាន​ពឹង​ផ្អែក​លើ​រឿង​ ៣ យ៉ាង​នេះ​ឡើយ៖

១. ស្វាមី ឬ សង្សារ

រូបតំណាង

នារី​គ្រប់​រូប​គួរ​ចាំ​ថា ស្នេហា​មិន​មែន​ជា​អ្វី​គ្រប់​យ៉ាង​ក្នុង​ឆាក​ជីវិត​ឡើយ។ មនុស្ស​ម្នាក់ៗ​ឱ្យ​តម្លៃ​ទៅ​លើ​ស្នេហា​ក្នុង​កម្រិត​ផ្សេង​គ្នា។ អ្នក​ខ្លះ​ចាំ​បាច់​ត្រូវ​តែ​ស្វែង​រក​ដៃគូ​ស្នេហា​សម្រាប់​ខ្លួន​ ព្រោះ​វា​មាន​អត្ថន័យ​សំខាន់​ក្នុង​ជីវិត​​ពួក​គេ។ ផ្ទុយ​ទៅ​វិញ​សម្រាប់​អ្នក បើ​អ្នក​ជា​មនុស្ស​ឯករាជ្យ មិន​ត្រូវ​ការ​ដៃគូ ឬ ក៏​មិន​ទាន់​រក​ឃើញ​អ្នក​ណា​ដែល​ខ្លួន​ពេញ​ចិត្ត​ពិត​ប្រាកដ សូម​កុំ​ប្រៀប​ធៀប​រឿង​រ៉ាវ​របស់​ខ្លួន​ទៅ​នឹង​អ្នក​ដទៃ​ឱ្យ​សោះ ព្រោះ​ភាព​អស្ចារ្យ​មិន​បាន​ស្ថិត​នៅ​លើ​ជីវិត​ស្នេហា​តែ​១​មុខ​ឡើយ។

២. ទ្រព្យ​សម្បត្តិ និង សម្រស់

រូបតំណាង

ចំណុច​មួយ​ទៀត​ដែល​អ្នក​មិន​គួរ​ប្រៀបធៀប​ជាមួយ​គេ​ឯង​​នោះ​គឺ​ ទ្រព្យ​សម្បត្តិ និង សម្រស់​ ព្រោះ​ថា​ទាំង​ ២ ចំណុច​នេះ​សុទ្ធ​សឹង​ជា​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​នៅ​ក្នុង​សង្គម​ឱ្យ​តម្លៃ​ខ្ពស់​​ជ្រុល​ រហូត​ដល់​ធ្វើ​ឱ្យ​អ្នក​ខ្លះ​បាត់​បង់​នូវ​ទំនុក​ចិត្ត​​ក៏​ដូច​ជា​ភាព​ជឿជាក់​របស់​ខ្លួន​ផង​ដែរ។ នារី​គ្រប់​រូប​​ មិន​ថា​ក្មេង ឬ​ចាស់ មិន​គួរ​​មាន​ការ​យល់​ច្រឡំ​ថា ​តម្លៃ​របស់​អ្នក​គឺ​ស្ថិត​នៅ​លើ​ ២​ យ៉ាង​នេះ​ឡើយ ព្រោះ​វា​ជា​គ្រាន់​តែ​របស់​ក្រៅ​ខ្លួន​ប៉ុណ្ណោះ។

៣. បរាជ័យ​របស់​អ្នក​ដទៃ

រូបតំណាង

ចំណុច​ចុង​ក្រោយ ហើយ​ក៏​ជា​ចំណុច​សំខាន់​ណាស់​ដែរ​នោះ​គឺ ភាព​អស្ចារ្យ​របស់​អ្នក​មិន​ពឹង​ផ្អែក​លើ​បរាជ័យ​របស់​អ្នក​ដទៃ​ឡើយ។ បើ​ការ​​យក​ឈ្នះ​ ឬ សម្រេច​នូវ​អ្វី​មួយ​ តម្រូវ​ឱ្យ​អ្នក​ផ្តួល​រលំ​ ឬ ទម្លាក់​តម្លៃ​របស់​អ្នក​ដទៃ នោះ​វា​មិន​មែន​ជា​ជោគជ័យ​ឡើយ​ហើយ​ក៏​គ្មាន​ភាព​អស្ចារ្យ​អ្វី​នោះ​ដែរ។ ភាព​អស្ចារ្យ​មិន​តម្រូវ​ឱ្យ​អ្នក​បន្ទាប​តម្លៃ​នរណា​ម្នាក់ ហើយ​លើក​តម្កើង​​តែ​ខ្លួន​ឯង។ ភាព​អស្ចារ្យ​មិន​​តម្រូវ​ឱ្យ​អ្នក​​​បង្ខំ​ខ្លួន​ឯង​ដើម្បី​ឱ្យ​មាន​ខ្សែ​ជីវិត​ដូច​អ្នក​ដទៃ។ ​ភាព​អស្ចារ្យ​ពិត​ប្រាកដ​នៃ​​មនុស្ស​ស្រី​គឺ​ស្តែង​ចេញ​ពី​ខាង​ក្នុង​តាម​រយៈ​សីលធម៌ អត្តចរិត ទឹក​ចិត្ត ​ព្រម​ទាំង​ពាក្យ​សម្ដី​ជាដើម។

រូបតំណាង

ចូរ​ស្រឡាញ់​ និង ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​មាន ព្រោះ​ថា​អ្នក​ក៏​​ជា​នារី​អស្ចារ្យ​ម្នាក់​ដែរ ជាមួយ​នឹង​អ្វី​ដែល​អ្នក​កំពុង​មាន។ កុំបណ្តោយឱ្យបរិបទសង្គមធ្វើឱ្យអ្នកបាត់បង់ភាពជាខ្លួនឯងឱ្យសោះ៕

រូបតំណាង
រូបតំណាង

អានបន្ត៖ របៀបអភិវឌ្ឍខ្លួនឲ្យក្លាយជាមនុស្សរឹងមាំ មើលឃើញពិភពលោកកាន់តែច្បាស់

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម