នៅពេលពរពោះមិនគួរធ្វើរឿង ៧ យ៉ាងនេះទេ បើមិនចង់ឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ

  • 2020-02-28 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​មាន​ផ្ទៃពោះ អ្នក​ម្តាយ​គ្រប់​រូប​មិន​ត្រឹម​តែ​ត្រូវ​គិត​គូរ​យក​ចិត្ត​ទុកដាក់​ចំពោះ​សុខភាព ចំណី​អាហារ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ ក៏​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ការពារ​មិន​​ឲ្យ​ប៉ះពាល់​ដល់​​គភ៌​ក្នុង​ផ្ទៃ។

​​មាន​ទង្វើ​ ៧​យ៉ាង​ ដែល​មិន​គួរ​មើល​រំលង​ដើម្បី​អាច​ធានា​ទាំង​សុវត្ថិភាព​ម្តាយ​និង​កូន​។

១. ត្រាំ​ខ្លួន​ក្នុង​អាង​ទឹក​​ក្តៅ​ឬ​ទៅ​កន្លែង​ស្ទីម​សូណា

កម្តៅ​ក្តៅ​ខ្លាំង នៅ​ក្នុង​អាង​ទឹក​ឬ​កន្លែង​ស្ទីម​សូណា អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរស្រាល ប៉ុន្តែ​វា​មិន​ល្អ​សម្រាប់​គភ៌​​ឡើយ ព្រោះ​សូម្បី​តែ​នៅ​ក្នុង​ផ្ទៃ ក៏​កូន​របស់​អ្នក​អាច​រង​ផល​ប៉ះ​ពាល់​ពី​សីតុណ្ហភាព​​​បាន​ដែរ។ ជាពិសេស​កម្តៅ​ខ្លាំង​ពេក អាច​បណ្តាល​ឲ្យ​ជះ​ផល​អាក្រក់​ដល់​ខួរ​ក្បាល​និង​ខួរឆ្អឹងខ្នង​របស់​ក្មេង​ទៅ​ថ្ងៃ​មុខ។

អ្វី​ដែល​អ្នក​គួរ​ធ្វើ៖

  • មិន​ត្រូវ​ឲ្យ​រាង​កាយ​ត្រូវ​កម្តៅ​លើស​កម្រិត​ ហើយ​កុំ​​ត្រាំ​ខ្លួន​ជាមួយ​នឹង​ទឹក​ក្តៅ​លើស​ពី​១០​នាទី​ឲ្យ​សោះ​។

  • ងូត​ទឹក​ដែល​​មាន​កម្រិត​សីតុណ្ហភាព​ដូច​គ្នា​ជាមួយ​នឹង​រាង​កាយ​របស់​អ្នក។

  • អាច​សួរ​នាំ​ពី​គ្រូ​ពេទ្យ​ជំនាញ ដើម្បី​ឲ្យ​ច្បាស់​ថា តើ​អ្នក​អាច​ចំណាយ​ពេល​បាន​ប៉ុន្មាន សម្រាប់​ស្ទីម​សូណា​ឲ្យ​ស័ក្តិសម​ទៅ​នឹង​សុខភាព​របស់​ខ្លួន​។

២. ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ពេក

ប្រសិន​បើ​អ្នក​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ពេក ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ នោះ​វា​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​សិក្សា​រៀន​សូត្រ​និង​ការ​ចងចាំ​របស់​កូន​នា​ពេល​អនាគត។

អ្វី​ដែល​អ្នក​គួរ​ធ្វើ៖

  • ញ៉ាំ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ជំនួស​ឲ្យ​អាហារ​ផ្អែម។

  • កាត់​បន្ថយ​ភេសជ្ជៈ​ដែល​មាន​ជាតិ​សូដា​ឲ្យ​នៅ​កម្រិត​ទាប​បំផុត។

៣. ​ឈ្លោះប្រកែក​គ្នា

​​ការ​ឈ្លោះ​ប្រកែក​គ្នា អាច​ធ្វើ​ឲ្យ​អ្នក​ស្មុគស្មាញ តប់​ប្រមល់​ និង​បាក់​ទឹក​ចិត្ត​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​គភ៌ ជាពិសេស​ប្រព័ន្ធ​ការពារ​ភាព​ស៊ាំ និង​ខួរក្បាល​តែ​ម្តង។

អ្វី​ដែល​អ្នក​គួរ​ធ្វើ៖

  • សម្រាក​ឲ្យ​បាន​ច្រើន

  • គេង​ឲ្យ​បាន​គ្រប់គ្រាន់

  • ធ្វើ​សមាធិ តាំង​ចិត្ត​ឲ្យ​ស្ងប់

  • ដើរ​លំហែ​អារម្មណ៍ ចេញ​ស្រូប​យក​ខ្យល់​អាកាស​ស្រស់​ស្រាយ។

៤. យំ

ការ​យំ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ជា​រឿង​ទូទៅ ព្រោះ​ខណៈនេះ​អារម្មណ៍​របស់​អ្នក​នឹង​មាន​ការ​ប្រែប្រួល​ឆាប់​ខឹង​ឆេវឆាវ​ជាង​មុន។ យ៉ាង​ណា​មិញ​ បើ​សង្កេត​ឃើញ​ថា​ខ្លួន​ឯង មិន​ឃ្លាន​អ្វី​ទាល់​តែ​សោះ ហើយ​ចេះ​តែ​មាន​អារម្មណ៍​ថា​សោក​សៅ ឬ​គេង​ច្រើន​ជ្រុល និង​លែង​ចង់​ធ្វើ​អ្វី​ផ្សេងៗ​ទៀត​ វា​អាច​​ជា​សញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ដែល​បង្ក​ទៅ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដោយ​មិន​ដឹង​ខ្លួន​។

អ្វី​ដែល​អ្នក​គួរ​ធ្វើ៖

  • បើ​ករណី​នេះ​កើត​ឡើង​លើស​ពី​២​សប្តាហ៍ អ្នក​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទាន់​ពេល​វេលា​។

  • ស្វែង​រក​ដៃគូ​សម្រាប់​លើក​ទឹក​ចិត្ត និង​ព្យាយាម​និយាយ​លេង​ជាមួយ​អ្នក​មាន​កូន​ឬ​អ្នក​មាន​​ផ្ទៃពោះ​​ឯ​ទៀត។

៥. ពិបាក​គេង

តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា មាន​ស្ត្រី​ពោះ​ធំ​ដល់​ទៅ​ ៧៨% ដែល​ជួប​បញ្ហា​គេង​ពុំ​លក់។ អាការៈ​បែប​នេះ បាន​ធ្វើ​ឲ្យ​អារម្មណ៍​មិន​ល្អ​និង​វិល​មុខ​ចង់​ក្អួត។ សម្រាប់​ស្រ្តី​ដែល​គេង​បាន​តិច​ជាង​ ៦​ម៉ោង​ក្នុង​មួយ​យប់ អាច​ធ្វើ​ឲ្យ​ការ​សម្រាល​មាន​រយៈពេល​យូរ​ជាង​ធម្មតា។

អ្វី​ដែល​អ្នក​គួរ​ធ្វើ៖

  • រៀប​ចំ​ម៉ោង​ចូលគេង​ឲ្យ​បាន​ត្រឹម​ត្រូវ​សាជាថ្មី

  • ព្យាយាម​ហាត់​ប្រាណ​ឲ្យ​បាន​ហាង​ហោច​ណាស់ ៣០នាទី ក្នុង​មួយ​ថ្ងៃ

  • បើ​គេង​មិន​លក់​ទេ កុំ​បង្ខំ​ខ្លួន​ឯង​ខ្លាំង​ពេក អាច​ចំណាយ​ពេលអាន​សៀវភៅ​ល្អៗ ប៉ុន្តែ​កុំ​អាន​យូរ​ពេក

  • ព្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ដើម្បី​ដឹង​ពី​ទីតាំង​សម​រម្យ​សម្រាប់​គេង។

៦. មិន​សូវ​បញ្ចេញ​សកម្មភាព​និង​ញ៉ាំ​ច្រើន​លើស​កម្រិត

ការ​ឡើង​ទម្ងន់​ខ្លាំង​ពេក​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អាច​បណ្តាល​ឲ្យ​ប៉ះពាល់​​ដល់​ការ​លូតលាស់​របស់​គភ៌ ហើយ​សម្រាប់​អ្នក​ម្តាយ​វិញ ក៏​ពិបាក​នឹង​រក្សា​ទម្ងន់​ដែរ។

អ្វី​ដែល​អ្នក​គួរ​ធ្វើ៖

  • វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​អ្នក​មាន​ផ្ទៃ​ពោះ ត្រូវ​ឆ្លៀត​ពេល​ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៣០​នាតី​ក្នុង​មួយ​ថ្ងៃ។

  • កុំ​ភ្លេច​​ចេញ​ដើរ​ទៅ​ខាង​ក្រៅ​​ខ្លះ ដើម្បី​រក្សា​រាង​ឲ្យ​ស្អាត​បាន​យូរ ជាពិសេស​​បាន​ឲ្យ​ខួរក្បាល​ស្រូប​យក​ខ្យល់​អុកស៊ីហ្សែន​ផង​ដែរ។

  • គ្រប់គ្រង​របប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ។ មិន​គួរ​ញ៉ាំ​លើស​ពី ២០០០ កាឡូរី​ក្នុង​មួយ​ថ្ងៃ សម្រាប់៦​ខែ​ដំបូង។ ក្រៅ​ពី​នេះ​សម្រាប់​ខែ​បន្តបន្ទាប់ អ្នក​អាច​បន្ថែម​ ២០០ កាឡូរី​ទៀតជា​​ប្រចាំ។

៧. ផឹក​កាហ្វេ​លើស​កម្រិត

​​រាល់​ពេល​ដែល​អ្នក​ផឹក​កាហ្វេ ត្រូវ​ចាំ​ថា ជាតិ​កាហ្វេអ៊ីន​ នឹង​ចូល​ទៅ​ដល់​សុក​និងចរន្តឈាម​របស់​គភ៌​ក្នុង​ផ្ទៃ។ ជាទូទៅ​បើ​អ្នក​ផឹក​កាហ្វេ​ចាប់​ពី ៨កែវ​ឬ​លើស​ពី​នេះ អត្រា​ធ្វើ​ឲ្យ​ទារក​ស្លាប់​គឺ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​បំផុត។

អ្វី​ដែល​អ្នក​គួរ​ធ្វើ៖

  • គួរ​ញ៉ាំ​អាហារ​ឬ​ផឹក​ភេសជ្ជៈ​ណា​ដែល​មាន​ជីវជាតិ​បំប៉ន ជំនួស​ឲ្យ​កាហ្វេ។ បើ​អ្នក​មិន​អាច​ខ្វះ​កាហ្វេ​បាន អាច​ផឹក​ត្រឹម​១-២កែវ​ក្នុង​មួយ​ថ្ងៃ។

ចំណុច​ដែល​បាន​រៀប​រាប់​ខាង​លើ​ គ្រាន់​តែ​ផ្នែក​សំខាន់​មួយ​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន ប៉ុន្តែ​នៅ​មាន​ទម្លាប់​មួយ​ចំនួន​ទៀត ដែល​អ្នក​មិន​គួរ​ធ្វេសប្រហែស ឬ​អាច​សាក​សួរ​​ព័ត៌មាន​ពី​វេជ្ជបណ្ឌិត​ជំនាញ​នូវ​អ្វី​ផ្សេងទៀត​ដែល​គួរ​ជៀសវាង ដើម្បី​អាច​ការពារ​សុវត្ថិភាព​ឲ្យ​បាន​ពេញ​លេញ​ទាំង​ម្តាយ​និង​កូន៕

ចុចអានបន្ត៖ សញ្ញា ១០ យ៉ាង បង្ហាញថារាងកាយរបស់អ្នកកំពុងគ្មានភាពប្រក្រតី

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម