អត់​​ស្នេហា​ក៏​អត់​បញ្ហា! ៧​វិធី​ធ្វើ​ឲ្យ​ជីវិត​ Single ​រីករាយ និង​មាន​ន័យ​បំផុត

  • 2020-02-14 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​ Single ឬអត់​គូ​គឺ​ជា​អ្វី​ដែល​មនុស្ស​ជា​ច្រើន​ភ័យ​ខ្លាច ហើយ​គេ​តែង​ឮ​ពាក្យ​ចំអក​ចំអន់​អ្នក​អត់​មាន​គូ​ជា​ហូរហែ​ដូច​ជា ចូល​សារមន្ទីរ អត់​លិទ្ធ លក់​អត់​ចេញ និង​ពាក្យ​ជា​ច្រើន​ទៀត​ដែល​ស្ដាប់​ទៅ​ហាក់​មាន​តែ​ភាព​អវិជ្ជមាន។ ប៉ុន្តែ​ការ​ពិត ការ​អត់​គូ​វា​មិន​អាក្រក់​ដល់​ម្ល៉ឹង​ទេ ប៉ុន្តែ​វា​ជា​ពេល​វេលា​ដែល​យើង​អាច​បំពេញ​ផ្នែក​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ក្នុង​ជីវិត។

១. ដើរ​លេង​ឲ្យ​អស់​ដៃ

សម្រាប់​អ្នក​មាន​គូ​​ គឺ​នឹង​អាច​ជួប​ប្រទះ​បញ្ហា​ដែល​ត្រូវ​នៅ​ផ្ទះ​មើល​ថែ​គ្រួសារ ឬ​ចង់​ទៅ​ណា​មក​ណា​ត្រូវ​ចាំ​ភាគី​ម្ខាង​ទៀត​អនុញ្ញាត​សិន​ទើប​ទៅ​បាន។ ប៉ុន្តែ​សម្រាប់​អ្នក​មិន​ទាន់​មាន​គូ ពេល​វេលា​នេះ​គឺ​ជា​ឱកាស​ដែល​អ្នក​អាច​ដើរ​ហើរ ស្គាល់​សង្គម បាន​យ៉ាង​ពេញ​ទំហឹង ដូច្នេះ​ត្រូវ​ឆ្លៀត​ពេល​​ដែល​សេសសល់​ពី​ការងារ​ដើរ​លេង​លំហែ​ឲ្យ​អស់​ចិត្ត ទាន់​អ្នក​នៅ​មាន​ពេល​វេលា។

២. ប៉ាវ​ខ្លួន​ឯង​ដើរ Shopping ឲ្យ​សប្បាយ​ចិត្ត

មិន​ទាន់​មាន​គូ មាន​ន័យ​ថា​យើង​មិន​ចាំបាច់​ចែក​រំលែក​ការ​ចំណាយ​ជាមួយ​អ្នក​ណា​ទាំង​អស់។ ដូច្នេះ​បើក​ប្រាក់​ខែ​ម្ដង​ៗ​ យើង​អាច​ទិញ​របស់​ដែល​ខ្លួន​ចង់​បាន ទិញ​សម្លៀក​បំពាក់​ថ្មី​ៗ​ដើម្បី​ជា​រង្វាន់​ខ្លួន​ឯង​បាន​យ៉ាង​ពេញ​ចិត្ត។ បើ​ការ Shopping គឺ​ជា​ក្ដី​សុខ​របស់​យើង​ទៅ​ហើយ យើង​ត្រូវ​រក​លុយ​ឲ្យ​បាន​ច្រើន ហើយ​ចំណាយ​លុយ​ខ្លះ​ដើម្បី​ក្ដី​សុខ​នេះ។

៣. ចំណាយ​ពេល​ជាមួយ​មិត្តភ័ក្ដិ​តាម​ចិត្ត

ពេល​វេលា​ដែល​អាច​សប្បាយ​រីករាយ​ជាមួយ​មិត្តភ័ក្ដិ​បាន​យ៉ាង​ពេញទី​គឺ​មាន​តែ​ពេល​នៅ single នេះ​ហើយ ដូច្នេះ​បើ​មាន​ឱកាស​គួរ​ជួបជុំ​មិត្តភ័ក្ដិ​​ពង្រឹង​ទំនាក់​ទំនង​ឲ្យ​បាន​ច្រើន ល្អ​ជាង​ស្ដាយ​ក្រោយ​​នៅ​ពេល​ដែល​អ្នក​លែង​មាន​ពេល​សម្រាប់​ពួក​គេ។

៤. ផ្ដល់​ពេល​វេលា​ឲ្យ​គ្រួសារ​ឲ្យ​បាន​ច្រើន​

បើ​គិត​តាម​អាយុ​ នៅ​ពេល​នេះ​ឪពុក​ម្ដាយ​យើង​ក៏​ចាស់​ហើយ​ដែរ ពួក​គាត់​មិន​អាច​នៅ​ជាមួយ​យើង​រហូត​ទេ។ ដូច្នេះ​ជាជាង​អង្គុយ​កើត​ទុក្ខ​រឿង​អត់​គូ​ស្រករ អ្នក​គួរ​ចំណាយ​ពេល​មើល​ថែ​ពួក​គាត់​ឲ្យ​បាន​ល្អ និង​បង្កើន​ភាព​រីករាយ​សម្រាប់​ពួក​គាត់​ឲ្យ​បាន​ច្រើន​បំផុត ព្រោះ​នៅ​ពេល​អ្នក​មាន​គ្រួសារ ពេល​វេលា​របស់​អ្នក​សម្រាប់​ពួក​គាត់​លែង​មាន​ច្រើន​ទៀត​ហើយ។

៥. ធ្វើ​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត​ដោយ​មិន​បាច់​ខ្លាច​អ្នក​ណា

បំណាច់​នឹង​គ្មាន​គូ​ទៅ​ហើយ អ្នក​គួរ​តែ​ធ្វើ​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត​ និង​ចង់​ធ្វើ​ឲ្យ​ហើយ មិន​ថា​រៀន​ត រៀន​ជំនាញ​ផ្សេង​ៗ ញ៉ាំ​អ្វី​ដែល​ខ្លួន​ចង់​ញ៉ាំ ជប់លៀង​ជាមួយ​មិត្តភ័ក្ដិ ឬ​ធ្វើ​ដំណើរបែប Adventure ផ្សេង​ៗ ព្រោះ​អ្នក​អាច​ធ្វើ​វា​បាន​ដោយ​មិន​មាន​ការ​រំខាន​ដូច​ពេល​មាន​គូ​ឡើយ។

៦. មើល​ថែ​ខ្លួន​ឯង​ឲ្យ​ស្អាត

ពេល​វេលា​ស្រស់​ស្អាត​បំផុត​របស់​មនុស្ស​ស្រី​គឺ​ពេល​នៅ​លីវ​នេះ​ហើយ ព្រោះ​ក្រោយ​រៀបការ​ មិន​មែន​ថា​អ្នក​មិន​មាន​ពេល​មើល​ថែ​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​វា​នឹង​ពិបាក ដូច​ជា​ពេល​អ្នក​មាន​កូន​ជា​ដើម។ ញ៉ាំ​អាហារ​ល្អ​ៗ ហាត់​ប្រាណ លាប​ក្រែម​បំប៉ន​ និង​ការពារ​ស្បែក ឲ្យ​នៅ​ស្រស់​ស្អាត ដូច្នេះ​មិន​បាច់​ភ័យ​ទៀត​ឡើយ​ថា​គ្មាន​អ្នក​ណា​មក​ស្រលាញ់។

៧. ស្វែង​រក​ចំណេះដឹង​បន្ថែម

ស្អាត​តែ​ម្យ៉ាង​មិន​គ្រប់នោះ​ទេ មនុស្ស​ស្រី​សម័យ​នេះ​គឺ​ត្រូវ​ពូកែ និង​​ឆ្លាត​ទៀត​ទើប​កាន់​តែ​មាន​តម្លៃ និង​ភាព​រឹងមាំ​សម្រាប់​ខ្លួន​ឯង។ អ្នក​មិន​រវល់​ជាមួយ​ស្នេហា ដូច្នេះ​វា​​គួរ​តែ​ជា​ឱកាស​ក្នុង​ការ​ ​ស្វែង​រក​ចំណេះដឹង​អភិវឌ្ឍ​ខ្លួន​ជានិច្ច ព្រោះ​ពេល​ណា​យើង​មាន​ចំណេះដឹង​ខ្ពស់ មុខ​តំណែង​ការងារ​យើង​ក៏​វិវត្ត​ទៅ​តាម​នោះ ហើយ​ក្នុង​ការ​រក​ស៊ី​ទៀត​សោត ក៏​ធ្វើ​ឲ្យ​យើង​មាន​ឱកាស​​ និង​ជោគជ័យ​កាន់​តែ​ច្រើន​ដែរ។

ឃើញ​ទេ ការ​នៅ​លីវ​បើ​ទោះ​បី​​ឯកោ​​នៅ​ពេល​ខ្លះ ប៉ុន្តែ​វា​ក៏​ជា​ការ​បើក​ឱកាស​ជា​ច្រើន​សម្រាប់​ខ្លួន​ឯង។ ដូច្នេះ​កុំ​ទៅ​ខ្លាច​​អត់​គូ​អី ប៉ុន្តែ​ត្រូវ​អត់​គូ​ដោយ​មាន​ក្ដី​សុខ ធ្វើ​អ្វី​ល្អ​ៗ​សម្រាប់​ខ្លួន​ឯង​និង​អ្នក​ដទៃ នោះ​នឹង​មាន​មនុស្ស​ល្អ​ៗ​ចូល​មក​ក្នុង​ជីវិត​យើង​ដោយ​ឯកឯង។ កុំ​​ប្រញាប់​ចង់​បាន​គូ​ខ្លាំង​ពេក ព្រោះ​ការ​មាន​គូ​ហើយ​មាន​ទុក្ខ វា​គួរ​ឲ្យ​ខ្លាច​ជាង​ការ​នៅ​ម្នាក់​ឯង​ទៅ​ទៀត ៕

ប្រភព៖ Spiceee ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម