កុំបំពុលសង្គម! យកករុណាធម៌ដាក់ខ្លួន ខណៈផ្ទុះការឆ្លងវីរ៉ុសថ្មី កូរ៉ូណាក្នុងពិភពលោក

  • 2020-02-03 10:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អង្គការ​សុខភាព​ពិភពលោក​ ហៅ​កាត់ WHO បាន​ប្រកាស​អាសន្ន អំពី​ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​រលាក​សួត ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា​វីរុស​ ប្រភេទ​ថ្មី។ ជាមួយ​គ្នា​នេះ សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ ចុះ​ផ្សាយ​ព័ត៌មាន​ទាន់​ហេតុ​ការណ៍​ជា​បន្តបន្ទាប់​គួរ​ឲ្យ​ចាប់​អារម្មណ៍។ បណ្ដា​ប្រទេស​នានា​ នៅ​ជុំវិញ​ពិភពលោក​ រួម​ទាំង​ប្រទេស​កម្ពុជា​ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់ ​និង ​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​វីរុស​ថ្មី​នេះ ជូន​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន​ក្ដី​បារម្ភ ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​សុវត្ថិភាព​ខ្ពស់។

នៅ​ក្នុង​កាលៈទេសៈ​នេះ​ ​អ្នក​តាំង​ខ្លួន​ជា​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម​ក៏​មាន​ច្រើន​គួរសម បាន​ឆក់​ឱកាស​ល្បី ដោយ​មិន​បាន​ខ្វល់​ពី​សុខ​ទុក្ខ​សាធារណៈ បាន​នាំ​គ្នា​ឆ្លៀត​បំពុល​បរិយាកាស​ នាំ​ចលាចល​ក្នុង​សង្គម និង​ពិភពលោក​ ឲ្យ​កាន់​តែ​តានតឹង​ទ្វេ​ដង​។ សកម្មភាព​របស់​ពួកគេ គឺ​ដើម្បី​បម្រើ​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន សម្រុក​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ និង​ឆក់​ឱកាស​រក​លុយ​តាម​របៀប​ខុស​ៗ​គ្នា លែង​ខ្វល់​ពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​។

លោក​ សំបូរ មាណ្ណារ៉ា ព្រឹទ្ធ​សាកល​វិទ្យា​អធិការរង នៃ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​​ប្រាប់ គេហទំព័រ​ កញ្ញា ថា នេះ​ជា​វិបត្តិ​មួយ​ដែល​តែង​កើត​មាន ស្រប​ពេល​មាន​ព្រឹត្តិការណ៍​សង្គម​អ្វី​មួយ​កើត​ឡើង។ លោក​បន្ត​ថា ក្នុង​កាលៈទេសៈ​ដ៏​ចាំ​បាច់​នេះ ក្រៅ​ពី​អនុវត្ត​តាម​វិធានការ​របស់​មន្ត្រី​ជំនាញ​សុខភាព ក្នុង​នាម​ជា​អ្នកសារព័ត៌មាន​ពិត សូម​យក​ករុណា​ធម៌ មក​ដាក់​ខ្លួន ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ។ សូម​កុំ​ឆ្លៀត​ផ្សាយ​ព័ត៌មាន​ បំប៉ោង​ថែមថយ​គ្រឿង ចុះ​ឡើង​ដូច​សម្ល​ នាំ​វឹកវរ​ ចលាចល និង​ទាញ​ទម្លាក់​តម្លៃ​សីលធម៌​សារព័ត៌មាន និង​សង្គម​ដែល​ប្រតិបត្តិ​គោរព​ព្រះពុទ្ធ​សាសនា។

ដើម្បី​ទប់ទល់​ព័ត៌មាន​ក្លែងក្លាយ សម្រាប់​អ្នក​សារព័ត៌មាន​​វិជ្ជាជីវៈ​វិញ បើ​តាម​ លោក ​ម៉ៃ ទិត្យថារ៉ា នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា ​(Cambo-Ja) ​ បាន​បញ្ជាក់​ថា ពួកគេ​បាន​ផ្សព្វផ្សាយ​បាន​ល្អ​ហើយ ប៉ុន្តែ​គួរ​តែ​បង្កើន​ការ​សរសេរ​អត្ថបទ​បែប​ពន្យល់​ដែល​មាន​តម្លៃ និង​ប្រភព​ច្បាស់លាស់ រៀបរាប់​ពី​វិធី​ការពារ និង​ធ្វើ​ម៉េច​ឲ្យ​មាន​សុវត្ថិភាព​រស់​នៅ​ខ្ពស់ ជាជាង​ការ​ផ្សាយ​បំភ័យ​ពលរដ្ឋ​ពី​ការ​ឆ្លង​នៃ​កូរ៉ូណា​វីរុស។

រូបភាព Facebook page Cambo-Ja

ចំណែក​ឯ​រដ្ឋាភិបាល ក៏​គួរ​បញ្ចេញ និង​ផ្សព្វផ្សាយ​ពី​ស្ថានភាព​នៃ​អ្នក​ឈឺ ការ​ព្យាបាល និង​ការ​វិវិត្ត​ចុង​ក្រោយ​ឲ្យ​កាន់​តែ​ឆាប់​រហ័ស ជាជាង​ឲ្យ​ក្រុម​ធ្វើ​ព័ត៌មាន​ក្លែងក្លាយ ចេញ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្ដេសផ្ដាស​នាំ​ចលាចល​សង្គម​ និង​ប៉ះពាល់​ដល់​តម្លៃ​នៃ​វិជ្ជាជីវៈ​​សារព័ត៌មាន។ ​

ខណៈ​ផ្ទុះ​ការ​ឆ្លង​វីរុស​កូរ៉ូណា​នេះ​ដែរ ក្រៅ​ពី​ក្រុម​ចុងភៅ​ព័ត៌មាន (ន័យធៀប) ដែល​និយម​លេង​ក្បាច់​ថែម​គ្រឿង​ រឿង​តូច​បំប៉ោង​ឲ្យ​ធំ គ្មាន​ប្រភព​ច្បាស់ ឬ​ហៅថា ចង​មុង​សរសេរ​ឲ្យ​តែ​បាន និង​ធ្វើ​ម៉េច​ឲ្យ​តែ​ទាក់ទាញ​អ្នកអាន​គ្មាន​ប្រណី ដូច​នឹង​ពាក្យ​ថា ក្អែក១០ ទៅជាក្អែក១០០ ! តាម​រយៈ​សារ​ចែករំលែក​តាម​បណ្តាញ​សង្គម មាន​ជន​ឱកាស​និយម លក់​ម៉ាស​ដំឡើង​ថ្លៃ តាម​អំពើ​ចិត្ត ដែល​ធម្មតា​តម្លៃ​ម៉ាស​ ចំនួន ២ = ៥០០រៀល ឬ១ប្រអប់ = ជាង ១២.០០០ រៀល បាន​ហក់​ឡើង​ដល់ តម្លៃ ១ប្រអប់ ១២.០០០០រៀល ឬ ៣០ដុល្លារ​អាមេរិក។

រូបតំណាង

សកម្មភាព​នេះ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បាន​ព្រមាន​ផ្លូវច្បាប់​ទៅលើ​អ្នកលក់​ម៉ាស់(Mask) ​កុំ​ឲ្យ​ដំឡើង​ថ្លៃ​ខុស​ធម្មតា ព្រោះ​អាច​ប្រឈម​នឹង​ទោស​វិច្ឆេត​កម្ម ។ នេះ​បើ​តាម​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ថ្លែង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន ស្ដី​ពី «​វឌ្ឍនភាព​ក្រសួងបរិស្ថាន និង​បច្ចុប្បន្នភាព​នៃ​ស្ថានភាព គុណភាព​ខ្យល់​នៅ​កម្ពុជា​» នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា​។

ចំណុច​នេះ លោក​ ង៉ែត​ ជូ ទី​ប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​នៅ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Emerging Markets Consulting ហៅ​កាត់ (EMC) បាន​ពន្យល់​ថា បើ​តាម​គោលការណ៍​សេដ្ឋកិច្ច ​អាច​ហៅ​ថា ជា​ការ​ឆ្លៀត​ឱកាស ជាក់​ស្ដែង​ដូចជា​រឿង​អ្នក​ម៉ាស​ខ្លះ​ដំឡើង​ថ្លៃ។​ ប៉ុន្តែ​បើ​ករណី​ខ្លះ ការ​ផ្គត់ផ្គង់​នៅ​មាន​កម្រិត មិន​គ្រប់​តាម​តម្រូវ​ការ ចាំ​បាច់​គឺ​ទំនិញ​ មិន​ថា​តែ​ម៉ាស នឹង​ឡើង​ថ្លៃ​ជា​ធម្មតា តាម​ច្បាប់​សេដ្ឋកិច្ច។ ក្រៅ​ពី​នេះ ក៏​ទាក់ទង​នឹង​សីលធម៌​នៃ​អ្នក​រកស៊ី ក្នុង​ករណី​ថា ពួកគេ​មាន​ទំនិញ​នៅ​ក្នុង​ស្តុក​ស្រាប់ ហើយ​ឆ្លៀត​ឱកាស​យក​មក​បញ្ចេញ​លក់​ក្នុង​តម្លៃ​ថ្លៃ​ហួសហេតុ។

ឆ្លើយតប​នឹង​ចំណុច​នេះ ដើម្បី​ដោះស្រាយ​បញ្ហា លោក ង៉ែត ជូ យើង​ទាំង​អស់​គ្នា អាច​បណ្ដុះ​គំនិត ចេះ​ជួយ​គ្នា ក្នុង​គ្រា​មាន​អាសន្ន ដើម្បី​ប្រយោជន៍​មហាជន។ ចំណែក​រដ្ឋាភិបាល​គួរ​បង្កើន​ការ​ផ្សព្វផ្សាយ​លើក​កម្ពស់​ស្មារតី​គុណធម៌ និង​សីលធម៌ ដល់​អ្នក​ជំនួញ​ទាំងអស់ ដើម្បី​ឲ្យ​ពួក​គេ​យល់​ដឹង។

យោង​តាម​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ ​មិន​ទាន់​មាន​អ្នក​ស្លាប់​ដោយ​សា​វីរុស​កូរ៉ូណា ប៉ុន្តែ​យើង​មាន​អ្នក​ឆ្លង​វីរុស​នេះ ១ករណី លើ​អ្នក​ជំងឺ​ជា​ជនជាតិ​ចិន ដែល​បាន​ធ្វើដំណើរ​មកពី​ ក្រុង​ វ៉ូហាន​ មក​កាន់​ខេត្ត​ព្រះសីហនុ។

គិត​ត្រឹម​ ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​៣ ខែ​កុម្ភៈ​នេះ បើ​តាម​ប្រភព​ព័ត៌មាន BNO News បាន​ឲ្យ​ដឹង​ថា នៅ​ប្រទេស​ចិន​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរ៉ុស​កូរ៉ូណា កើន​ឡើង​ដល់ ៣៦១នាក់ និង ១​នាក់​ទៀត​ស្លាប់​នៅ​ប្រទេស​ភីលីពីន។ ខណៈ​អ្នក​ជំងឺ​ឆ្លង​នៅ​ ២៤​ប្រទេស​ជុំវិញ​ពិភពលោក មាន​ចំនួន​ជាង ១៧០០០ ហើយ ៤៨០នាក់ បាន​ព្យាបាល​ជា​សះស្បើយ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ។

រឿង​ចាំ​បាច់​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ការ​ពារ​ខ្លួន ​ពី​ការ​ឆ្លង​​វីរ៉ុស​កូរ៉ូណា ៖ ​

១. ឧស្សាហ៍​លាងដៃ​ជាមួយ​នឹង​សាប៊ូ​ ឬ​ទឹក​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់​មុន​ប៉ះ​ពាល់​ភ្នែក មុខ និង​ច្រ​មុះ

២. បរិ​ភោគ​បន្លែ ត្រី សាច់ ឆ្អិនៗ ចៀង​វាង​អាហារ​ឆៅៗ

៣. ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន​យ៉ាង​ហោច​ណាស់ ២ លីត្រ​ក្នុង​មួយ​ថ្ងៃ

៤. ចៀស​វាង​ប៉ះ​ពាល់​ជា​មួយ​សត្វ​ព្រៃ​រស់​ឬ​កន្លែង​ចិញ្ចឹម​សត្វ​ដោយ​គ្មាន​របស់​ការ​ពារ។ ពិ​សេស មិន​ត្រូវ​បរិភោគ​សត្វ​ឈឺ​និង​សត្វ​ស្លាប់​ដោយ​សារ​ជំងឺ​ទេ

៥. លាង​សម្អាត​ឧប​ករ​ណ៍​និង​កន្លែង​លក់​ដូរ​របស់​អ្នក​យ៉ាង​តិច​មួយ​ថ្ងៃ​មួយ​ដង

៦​. ចៀស​វាង​ប៉ះ​ពាល់​ជាមួយ​អ្នក​ជំងឺ​ដោយ​គ្មាន​ប្រដាប់​ការ​ពារ និង​មិន​ត្រូវ​ខាក​ស្តោះ​នៅ​ទី​សា​ធារ​ណៈ

៧. ប្រើ​ប្រាស់​ជ្រុញ​ផ្សេង​គ្នា​ចំពោះ​អាហារ​ឆ្អិន​និង​ឆៅ

៨. បើ​មិន​ស្រួល​ខ្លួន គ្រុន​ក្តៅ និង​ក្អក ត្រូវ​ផ្អាក​ការ​ធ្វើ​ដំ​ណើរ។ ប្រសិន​បើ​ពិបាក​ដក​ដង្ហើម​ត្រូវ​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់​ដើ​ម្បី​ទទួល​ការ​ព្យា​បាល

៩. ត្រូវ​ខ្ទប់​ច្រមុះ មាត់​នៅ​ពេល​ក្អក​ឬ​កណ្ដាស់​ឲ្យ​បាន​ត្រឹម​ត្រូវ។

សូម​រំលឹក​ថា ប្រសិន​បើ​មាន​សំណួរ ឬ​ការ​សង្ស័យ​ទាក់ទង​នឹង​ជំងឺ​រលាក​សួត​ ដែល​បង្ក​ឡើង​ដោយ​មេ​រោគ​កូ​រ៉ូ​ណា​វី​រុស​(coronavirus) ប្រ​ភេទ​ថ្មី សូម​ទូរសព្ទ​ទៅ​លេខ ១១៥ ដោយ​ឥត​គិត​ថ្លៃ​ពី​គ្រប់​ប្រព័ន្ធ៕

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម