ពន្លឺ ៧ យ៉ាងនៃស្នេហា ជួយការពារអ្នកមិនឲ្យឈឺចាប់ខ្លាំង

  • 2020-01-29 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និយាយ​ដល់​រឿង​ស្នេហា នរណា​​ៗ​ក៏​អាច​មាន​បាន​ដែរ គ្រាន់​តែ​​កម្រិត​នៃ​ការ​​យល់​ដឹង​និង​ក្តី​ស្រលាញ់​​មាន​ទំហំ​ខុស​ៗ​គ្នា​ប៉ុណ្ណោះ​។ ហេតុនេះ​ហើយ​ ដើម្បី​ស្វែង​រក​ពន្លឺ​ ធ្វើ​ឲ្យ​ស្នេហា កាន់​តែ​ភ្លឺ​ថ្លា​ស្រស់​ថ្លា និង​ការពារ​មិន​ឲ្យ​ឈឺ​ចាប់​ខ្លាំង គួរ​ចងចាំ​ចំណុច​សំខាន់​ៗ​ទុក​កុំ​បី​ខាន​។

១. ស្នេហា​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ ប៉ុន្តែ​​កុំ​នៅ​ទ្រាំ​ទ្រ​អី​ បើ​វា​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់

រូបតំណាង

ត្រូវ​ចេះ​បែង​ចែក​រវាង​ក្តី​ស្រលាញ់​និង​ទំនាក់​ទំនង​ស្នេហា។ ពេល​ខ្លះ​​ស្រលាញ់​​ខ្លាំង ឈឺចាប់​ក៏​កាន់​តែ​ខ្លាំង បង្ហូរ​ទឹក​ភ្នែក​អស់​កាន់​តែ​ច្រើន អ្វី​ៗ​មិន​ដូច​ជា​ការ​រំពឹង​ទុក។ អ្នក​ច្បាស់​ជា​មាន​អារម្មណ៍​រំភើប​ ពេល​បាន​នៅ​ជិត​មនុស្ស​ដែល​ខ្លួន​ប៉ង​ប្រាថ្នា ប៉ុន្តែ​បើ​គេ​មាន​ក្តី​​ស្រលាញ់​តប​មក​វិញ​បន្តិច​​ផង កុំ​នៅ​ទ្រាំ​ទ្រ ខ្ជះខ្ជាយ​ពេល​វេលា​អី​​ល្អ​ជាង​។ ស៊ូ​នៅ​ម្នាក់​ឯង​ ប្រសើរ​ជាង​ខំប្រឹង​ទះ​ដៃ​តែ​ម្ខាង​។ រង​ចាំ​ជួប​មនុស្ស​ដែល​មាន​ចិត្ត​លើ​អ្នក​ដូច​គ្នា ទើប​មិន​ឈឺ​ចាប់​។​

២. កុំ​ស្រលាញ់​គេ​ច្រើន​ជាង​ខ្លួន​ឯង

ម្តាយ​ឪពុក​​បាន​បង្កើត​​និង​​ស្រលាញ់​អ្នក​លើស​ពី​អ្វី​ៗ​ទាំង​អស់ ដូច្នោះ​ហើយ​អ្នក​​ក៏​ត្រូវ​ចេះ​​ស្រលាញ់​មើល​​ថែ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ដែរ​ ដើម្បី​កុំ​ឲ្យ​លោក​ទាំង​ពីរ​ខក​បំណង។ ដាច់​ខាត​កុំ​ព្រោះ​តែ​ក្តី​ស្រលាញ់ សុខ​ចិត្ត​​លះបង់​គ្រប់​យ៉ាង​ឲ្យ​ទៅ​គេ រហូត​ដល់​រីង​រៃ​ខ្សោះ​អស់​ពី​ខ្លួន ចុង​ក្រោយ​ដល់​តែ​វិប្បដិសារី។

៣. បើ​ស្រលាញ់​កុំ​លាក់​អាថ៌កំបាំង​នឹង​គ្នា​អី

បើ​ជា​ស្នេហា​ពិត​​ អាថ៌កំបាំង​ច្បាស់​ជា​គ្មាន​នោះ​ទេ។ រឿង​ឯកជន​​មួយ​ចំនួន​អាច​នឹង​​លាក់​ប៉ុន្តែ​បញ្ហា​​ខ្លះ គួរ​បើក​ចំហ​ចំ​ៗ​ប្រសើរ​ជាង ពុំ​ដូច្នោះ​ទេ មន្ទិល​សង្ស័យ ភាព​ខ្វះ​ទំនុក​ចិត្ត នឹង​បង្ក​ទៅ​ជា​បញ្ហា​ធំ​​រង្គោះ​រង្គើ​នឹង​គ្នា​មិន​ខាន​។

រូបតំណាង

៤. ស្នេហា​មិន​មែន​ជា​ការ​​ផ្លាស់​ប្តូរ​ទាំង​ស្រុង ​តែ​ជា​ការ​បំពេញ​ចន្លោះ​ខ្វះ​ខាត​ឲ្យ​គ្នា

ដើរ​នៅ​លើ​ផ្លូវ​តែ​មួយ ​មិន​ចាំ​បាច់​​ផ្លាស់​ប្តូរ​ឲ្យ​ដូច​គ្នា​ទាំង​ស្រុង​ក៏​មិន​អី​ដែរ សំខាន់​ឲ្យ​តែ​គូ​ស្នេហ៍​​អាច​ចំណាយ​ពេល​វេលា​ ស្វែង​យល់​ពី​គ្នា ជួយ​បំពេញ​ចន្លោះ​ខ្វះ​ខាត​ និង​ចេះ​​សម្រប​ខ្លួន​ គ្រប់​យ៉ាង​នឹង​ប្រសើរ​ឡើង។

៥. ស្នេហា​ជា​ការ​ចេះ​ទទួល​​យក ប៉ុន្តែ​មិន​មែន​អត់ធ្មត់​តែ​ម្ខាង

​​អ្វី​ដែល​អ្នក​ផ្សេង​ចូលចិត្ត​ មិន​ប្រាកដ​ថា​អាច​​ត្រូវ​គ្នា​ជា​មួយ​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​​ឡើយ។ ដូច​ជា​ពេល​ខ្លះ មាន​រឿង​មួយ​ចំនួន​ ដែល​អ្នក​មិន​ចង់​ឲ្យ​ដៃ​គូ​ធ្វើ ប៉ុន្តែ​គាត់​នៅ​តែ​ធ្វើ​ដដែល​ វា​​មិន​មែន​ជា​បញ្ហា​ធំ​ឡើយ។ យ៉ាង​ណា​មិញ​ ដរាប​ណា​គាត់​នៅ​តែ​រឹង​ទទឹង មិន​ព្យាយាម​សម្រប​ខ្លួន​ទាល់​តែ​សោះ ហើយ​បណ្តោយ​ឲ្យ​អ្នក​ខំ​ប្រឹង​អត់​ធ្មត់​ទទួល​យក​សម្ពាធ​តែ​ម្នាក់​ឯង ថ្ងៃ​ណា​មួយ​ស្នេហា​ច្បាស់​ជា​ដាច់​រហែក។

៦. ស្នេហា​មិន​​អាច​ខ្វះ​ភាព​ស្មោះ​ត្រង់

គូ​ស្នេហ៍​​ក្រៅ​ពី​មាន​ភាព​ផ្អែម​ល្ហែម​ហើយ ភាព​ស្មោះ​ត្រង់​ក៏​មិន​អាច​ខ្វះ​បាន​ដែរ​ ព្រោះ​វា​បញ្ជាក់​ពី​ការ​​ផ្តល់​​កិត្តិយស​ ការ​គោរព​និង​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។

៧. មិន​នៅ​តោង​ទាម​ជាមួយ​ស្នេហា​ដែល​មិន​​សម​នឹង​តម្លៃ​របស់អ្នក​

ស្រលាញ់​ខ្លាំង​ពេក​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​បាត់​បង់​សតិ។ បើ​ខំ​ប្រឹង​​ធ្វើ​ល្អ​យ៉ាង​ណា​ នៅ​តែ​គេ​មើល​មិន​ឃើញ​តម្លៃ​របស់​អ្នក​ ទោះ​បី​ជា​លះ​បង់​លើស​ពី​សមត្ថភាព​ទៀត ក៏​នៅ​តែ​គ្មាន​ន័យ​អី​ដែរ។ គួរ​ប្រគល់​ក្តី​ស្រលាញ់​ទៅ​ឲ្យ​នរណា​ម្នាក់ ដែល​យល់​​ច្បាស់​និង​មើល​ឃើញ​ពី​តម្លៃ​ពិត​ប្រាកដ​របស់​អ្នក ទើប​មិន​ហត់​នឿយ​ នឹង​រត់​តាម​ឬ​ត្រូវ​ផ្គាប់​ចិត្ត​​​គេ​គ្រប់​បែប​យ៉ាង​។

ដឹង​ពី​ពន្លឺ​សំខាន់​ៗ​ខាង​លើ​ហើយ សង្ឃឹម​ថា​អ្នក​អាច​ធ្វើការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ មុន​នឹង​មាន​ទំនាក់​ទំនង​ស្នេហា៕​

រូបតំណាង

ចុចអានបន្ត៖ មុន​ប្រគល់ការស្រលាញ់​ទៅបុរស​ណា ពិនិត្យ​មើល ៧ ចំណុច​នេះ​ឲ្យ​មែនទែន បើ​មានគួរ​តែដកខ្លួន​ឲ្យ​...

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម