កុំសម្រុកតែពាក់ម៉ាស់ហើយភ្លេចអនុវត្តរឿងអស់ទាំងនេះ

  • 2020-01-29 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ នៅ​តាម​ឱស​ថ​ស្ថាន និង​តូប​លក់​ទំ​និ​ញ​ផ្សេងៗ​ មាន​ការ​ឈូរ​ឆរ​ និងអ៊ូរ​អរ​ខ្លាំង​ចំពោះ​ការ​ទិញ​លក់​ម៉ាស់។ លើស​ពី​នេះ តម្លៃ​ម៉ាស់​ឡើង​ថ្លៃ​ ដោយ​តម្លៃ​ម៉ាស់តាមកន្លែងខ្លះ ​មួយ​ប្រអប់អាចឡើងដល់ចន្លោះ ២ ដុ​ល្លារ ឡើង​ទៅ​ដល់ ១០ ដុល្លារ ទៅ​តាម​ទី​តាំង​លក់​ដូរ​។ យ៉ាង​ណា​មិញ ក្រៅ​ពី​ការ​ពាក់​ម៉ាស់​ការ​ពារ​ខ្លួន តើ​អ្នក​មាន​ដឹង​ពី​វិធី​ការ​ពារ​ខ្លួន​ផ្សេងៗ​ទៀត​ដែរ​ឬ​ទេ?

បន្ទាប់​ពី​មាន​ការ​រក​ឃើញ​បុរស​ជន​ជាតិ​ចិន​ម្នាក់​ មាន​ផ្ទុក​ជំងឺ​រលាក​សួត​បង្ក​ឡើង​ដោយ​មេ​រោគ​កូ​រ៉ូ​ណា​វី​រុស​(coronavirus) ប្រ​ភេទ​ថ្មី កាល​ពី​ពេល​ថ្មីៗ​នេះ ប្រ​ជា​ជន​កម្ពុជា​ជា​ច្រើន​មាន​ការ​ឈូរ​ឆរ​ខ្លាំង​ក្នុង​ការ​ពាក់​ម៉ាស់​។ ទន្ទឹមនឹងនេះ ការ​ពាក់​ម៉ាស់​តែ​មួយ​មុខ​ គឺ​មិន​អាច​ការ​ពារ​ជំ​ងឺ​មួយ​នេះ​បាន ១០០ ភាគ​រយ​ទេ។

ហេតុ​អ្វី?​ ព្រោះ​ការ​ពាក់​ម៉ាស់​អាច​ការ​ពារ​មិន​ឲ្យ​ខ្ទាត​ទឹក​មាត់​ ឬ​ការ​ពារ​កណ្តាស់​ពី​អ្នក​ដ​ទៃ​មក​លើ​ខ្លួន​អ្នក។

ក្រៅ​ពី​ការ​ពាក់​ម៉ាស់​ការ​ពារ រឿង​ចាំ​បាច់​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ការ​ពារ​ខ្លួន​ឯង​នោះ​គឺ៖

១. ឧស្សាហ៍​លាងដៃ​ជាមួយ​នឹង​សាប៊ូ​ ឬ​ទឹក​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់​មុន​ប៉ះ​ពាល់​ភ្នែក មុខ និង​ច្រ​មុះ

២. បរិ​ភោគ​បន្លែ ត្រី សាច់ ឆ្អិនៗ ចៀង​វាង​អាហារ​ឆៅៗ

៣. ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន​យ៉ាង​ហោច​ណាស់ ២ លីត្រ​ក្នុង​មួយ​ថ្ងៃ

៤. ចៀស​វាង​ប៉ះ​ពាល់​ជា​មួយ​សត្វ​ព្រៃ​រស់​ឬ​កន្លែង​ចិញ្ចឹម​សត្វ​ដោយ​គ្មាន​របស់​ការ​ពារ។ ពិ​សេស មិន​ត្រូវ​បរិភោគ​សត្វ​ឈឺ​និង​សត្វ​ស្លាប់​ដោយ​សារ​ជំងឺ​ទេ

៥. លាង​សម្អាត​ឧប​ករ​ណ៍​និង​កន្លែង​លក់​ដូរ​របស់​អ្នក​យ៉ាង​តិច​មួយ​ថ្ងៃ​មួយ​ដង

៦​. ចៀស​វាង​ប៉ះ​ពាល់​ជាមួយ​អ្នក​ជំងឺ​ដោយ​គ្មាន​ប្រដាប់​ការ​ពារ និង​មិន​ត្រូវ​ខាក​ស្តោះ​នៅ​ទី​សា​ធារ​ណៈ

៧. ប្រើ​ប្រាស់​ជ្រុញ​ផ្សេង​គ្នា​ចំពោះ​អាហារ​ឆ្អិន​និង​ឆៅ

៨. បើ​មិន​ស្រួល​ខ្លួន គ្រុន​ក្តៅ និង​ក្អក ត្រូវ​ផ្អាក​ការ​ធ្វើ​ដំ​ណើរ។ ប្រសិន​បើ​ពិបាក​ដក​ដង្ហើម​ត្រូវ​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់​ដើ​ម្បី​ទទួល​ការ​ព្យា​បាល

៩. ត្រូវ​ខ្ទប់​ច្រមុះ មាត់​នៅ​ពេល​ក្អក​ឬ​ក​ណ្តា​ស់​ឲ្យ​បាន​ត្រឹម​ត្រូវ។

មានសំណួរ ឬការសង្ស័យ ទាក់ទងនឹងជំងឺ​រលាក​សួត​ ដែលបង្ក​ឡើង​ដោយ​មេ​រោគ​កូ​រ៉ូ​ណា​វី​រុស​(coronavirus) ប្រ​ភេទ​ថ្មី សូមទូរសព្ទទៅលេខ ១១៥ ដោយឥតគិតថ្លៃពីគ្រប់ប្រព័ន្ធ៕

ចុចអានបន្ត៖

មកដឹងព័ត៌មានលម្អិតនិងវិធីការពារខ្លួនពីវីរុសកូរ៉ូណា ដើម្បីសុវត្ថិភាពទាំងអស់គ្នា

ប្រភព៖ ក្រសួងសុខាភិបាល ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម