គូស្នេហ៍​ភាគច្រើន តែង​និយាយ​កុហក​គ្នា​ញឹកញាប់​បំផុតនូវ​រឿង ៨ យ៉ាង

  • 2020-01-16 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​និយាយ​កុហក​មិន​មែន​ជា​ទម្លាប់​ល្អ​នោះ​ទេ។ ប៉ុន្តែ​ពេល​ខ្លះ ស្ថានការណ៍​មិន​អំណោយ​ផល ប្រសិន​បើ​អ្នក​ហ៊ាន​ប្រាប់​ត្រង់​ៗ វា​អាច​បង្ក​បញ្ហា​​ធ្ងន់ធ្ងរ​ភ្លាមៗ​ក៏​មាន​។ ការ​កុហក​នោះ​គ្រាន់​តែ​ចង់​រក្សា​សេចក្ដី​សុខ សុភមង្គល វា​ក៏​គួរ​តែ​ត្រូវ​បាន​លើកលែង​ខ្លះ​ដែរ ជាក់ស្ដែង​ខាង​ក្រោម​នេះ ជា​បណ្ដុំ​នៃ​រឿង​ពេញ​និយម ៨ យ៉ាង ដែល​គូ​ស្នេហ៍​ភាគច្រើន​តែង​និយាយ​កុហក​គ្នា​ញឹកញាប់​បំផុត៖

រូបតំណាង

**១.ខ្ញុំ​មិន​អី​ទេ**

រាល់​ពេល​ខឹង អន់​ចិត្ត​ម្ដងៗ អ្នក​ប្រហែល​ជា​ប្រើ​ពាក្យ​មួយ​ឃ្លា​នេះ ដើម្បី​ព្យាយាម​លាក់បាំង​អារម្មណ៍​ខ្លួន​ឯង។ ថ្វី​ត្បិត​ថា អ្នក​ចង់​បញ្ចៀស​ជម្លោះ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​ប្រសិន​អ្នក​និយាយ​សម្ដី​​ខុស​ពី​ចិត្ត​បែប​នេះ​ច្រើន​ពេក អារម្មណ៍​ពិត​របស់​អ្នក​នឹង​ផ្ទុះ​ខ្លាំង​លើស​ដើម​នៅ​​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន។

២.ធ្លាប់​មាន​សង្សារ​ប៉ុន្មាន​នាក់​ដែរ?

មនុស្ស​ជា​ច្រើន​និយាយ​កុហក ដើម្បី​ធ្វើ​ឲ្យ​ដៃ​គូ​បច្ចុប្បន្ន​ទទួល​បាន​អារម្មណ៍​ល្អ​ចំពោះ​ប្រវត្តិ​ស្នេហា​របស់​ខ្លួន។ អ្នក​កំពុង​កុហក កុំ​បារម្ភ​ច្រើន​ពេក ព្រោះ​អ្នក​ដែល​ធ្លាប់​មាន​សង្សារ​ច្រើន​​ដទៃ​ទៀត ក៏​​កុហក​ដូច​អ្នក​ដែរ។

រូបតំណាង

៣.ចូលចិត្ត​ឪពុក​ម្ដាយ​របស់​គាត់

មិន​មែន​អ្នក​គ្រប់​គ្នា​សុទ្ធ​តែ​ត្រូវរ៉ូវ ស៊ី​ចង្វាក់​ជាមួយ​ឪពុក​ម្ដាយ​ក្មេក​គ្រប់​រឿង​នោះ​ទេ។ អ្នក​ប្រហែល​និយាយ​កុហក ដើម្បី​រក្សា​សន្តិភាព សាមគ្គីភាព រវាង​គ្រួសារ​​ទាំង​សង​ខាង។ វា​ជា​រឿង​ទូទៅ​ដែល​​​​មនុស្ស​​ភាគ​ច្រើន​​តែង​លំអៀង​ទៅ​ខាង​សាច់​ឈាម​​បង្កើត ជាង​សាច់​ថ្លៃ។

៤.តើ​ចាយ​លុយ​​​អស់​ប៉ុន្មាន?

រឿង​ហិរញ្ញវត្ថុ គឺ​ជា​រឿង​សំខាន់ ដែល​អ្នក​មិន​គួរ​​និយាយ​កុហក​សោះ​ឡើយ។ អ្នក​ទាំង​ពីរ​គួរ​តែ​បើក​ចំហ ពិភាក្សា​គ្នា​ជា​លក្ខណៈ​ផ្លូវ​ការ​ទើប​​ជា​រឿង​ប្រសើរ។ ប៉ុន្តែ​យូរ​ម្ដង អ្នក​អាច​នឹង​ជ្រុល​ខ្លួន ចាយវាយ​​​ច្រើន​លើស​ពី​ភាព​ចាំបាច់ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​កើត​ឡើង អ្នក​ត្រូវ​បង្ខំ​ខ្លួន​ប្រើ​វិធី​នេះ។

រូបតំណាង

៥.ស្អាត​ខ្លាំង​ណាស់

ទោះ​ជា​ការ​ស្លៀកពាក់ តុបតែង​ខ្លួន​របស់​គាត់​មិន​សូវ​ស្អាត ប៉ុន្តែ​ជឿ​ថា​អ្នក​មិន​ចង់​ឲ្យ​សម្ដី​ពិត​មួយ​នោះ​មក​ចាក់ដោត ប៉ះពាល់​អារម្មណ៍​គាត់​ឡើយ។ ហេតុនេះ​ដើម្បី​រក្សា​ស្នាម​ញញឹម អ្នក​ក៏​និយាយ​សម្ដី​កុហក​ប៉ុន្មាន​ម៉ាត់​នេះ​ទៅ។

៦.មិន​ដែល​នឹក​សង្សារ​ចាស់

មនុស្ស​ធ្លាប់​ស្រឡាញ់ ធ្លាប់​ឆ្លង​កាត់​អនុស្សាវរីយ៍​ជា​ច្រើន​ជាមួយ​គ្នា ក្រោយ​បែប​គ្នា រឿង​អី​ថា​មិន​ធ្លាប់​នឹក​រលឹក​គិត​ដល់​សូម្បី​ម្ដង​នោះ។ ទោះ​ជា​យ៉ាង​ណា ដើម្បី​កុំ​ឲ្យ​គូ​ស្នេហ៍​បច្ចុប្បន្ន​ប្រចណ្ឌ រក​រឿង​ត​ទៅ​ទៀត អ្នក​ក៏​មិន​អាច​ប្រាប់​ការ​ពិត​បាន​ដែរ​។​

រូបតំណាង

៧.ចូលចិត្ត​ម្ហូប​ដែល​គាត់​ចម្អិន

សម្រាប់​អ្នក​មាន​គូ​ស្នេហ៍​មិន​សូវ​ចេះ​ធ្វើ​ម្ហូប ប្រហែល​​ជា​​កុហក​ចំពោះ​រឿង​​មួយ​នេះ​ច្រើន​ជាង​គេ​តែ​ម្ដង ដើម្បី​ជួយ​​លើក​ទឹក​ចិត្ត គ្រាន់​​តែ​ប្រឹង​ញ៉ាំ​ឲ្យ​អស់ រួច​ញញឹម និង​សរសើរ​ប៉ុន្មាន​ម៉ាត់ វា​មិន​មែន​ជា​រឿង​ពិបាក​ខ្លាំង​ឡើយ។

៨.យល់ស្រប​ជាមួយ​គាត់

នៅ​ពេល​ដៃ​គូ​កំពុង​តែ​មាន​ជម្លោះ ការ​ខ្វែង​គំនិត​ជាមួយ​អ្នក​ណា​ម្នាក់ គាត់​ប្រាកដ​ជា​ត្រូវការ​ខ្នង​បង្អែក​ដែល​អាច​ជួយ​ជ្រោមជ្រែង គាំទ្រ​គំនិត​របស់​គាត់។ ព្រោះ​តែ​ស្រឡាញ់ ចង់​ការពារ​ ទោះ​ជា​អ្នក​មិន​​មាន​គំនិត​​ដូច​​គាត់ ក៏​អ្នក​ត្រូវ​តែ​និយាយ​កុហក ដើម្បី​ឲ្យ​គាត់​រីករាយ​មួយ​ពេល​ដែរ៕

ចុចអាន៖កុំ​ឲ្យ​មាន​វិប្បដិសារី ៨សំនួរ​នេះ​​គួរ​សួរ​​​​ទៅ​ខ្លួន​ឯង​មុន​សម្រេច​​ចិត្ត​លែង​លះ​គ្នា

ប្រភព៖ powerofpositivity ប្រែសម្រួល៖ អូន បញ្ញា