គន្លឹះ ៦ យ៉ាង​ធ្វើ​ឱ្យ​អ្នក​គេង​លក់​ស្រួល ស្កប់ស្កល់​ល្អ គ្មាន​ការ​រំខាន

  • 2020-01-15 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អ្នក​ដែល​មាន​បញ្ហា​រឿង​គេង​មិន​លក់ ឬ មិន​សូវ​ស្កប់​ល្អ ហើយ​ឧស្សាហ៍​ភ្ញាក់​ពេល​កណ្តាល​យប់​ទេ? ទាក់​ទង​ជាមួយ​នឹង​ការ​គេង​នេះ​គឺ​សំខាន់​ខ្លាំង​ណាស់ ព្រោះ​ថា​បើ​គេង​មិន​គ្រប់​គ្រាន់​ ឬ មិន​ស្ងប់​ល្អ វា​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រឡះ​នៅ​ក្នុង​ខ្លួន គ្មាន​កម្លាំង​កំហែង និង អាច​ឈាន​ដល់​ឈឺ​ក្បាល​ជាដើម​។ ដូច្នេះ បើ​អ្នក​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ការ​គេង​មិន​សូវ​លក់ និង ត្រឡប់​ខ្លួន​ចុះ​ឡើង​ពេញ​មួយ​យប់​នោះ​ អាច​មក​សាកល្បង​នូវ​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ខាង​ក្រោម​នេះ​បាន​៖

រូបតំណាង

**១. ធ្វើ​លំហាត់​ប្រាណ**

ការ​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា ការ​ធ្វើ​លំហាត់​ប្រាណ​គឺ​រួម​ចំណែក​ដ៏​ធំ​ក្នុង​ការ​ធ្វើ​ឱ្យ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​គេង និង គេង​បាន​ស្កប់​ល្អ​ទៀត​ផង។ គួរ​បញ្ជាក់​ថា ការ​ធ្វើ​លំហាត់​ប្រាណ​នៅ​ពេល​ព្រឹក​គឺ ជា​ការ​អនុវត្ត​ដ៏​ល្អ​បំផុត ព្រោះ​បាន​ត្រូវ​ខ្យល់​អាកាស និង​ កម្តៅ​ថ្ងៃ​ខ្លះ។

២. យក​​ការ​គេង​ជា​សំខាន់

អ្នក​ខ្លះ​មក​ដល់​ផ្ទះ​ហើយ​នៅ​ត្រូវ​ចំណាយ​ពេល​មួយ​ភាគ​ធំ​ទៅ​លើ​ការងារ​ទៀត ដែល​កាត់​បន្ថយ​នូវ​ពេល​វេលា​ដែល​ត្រូវ​គេង​ជា​ច្រើន​។ សម្រាប់​អ្នក​មមាញឹក​នឹង​ការងារ​ ឬ មុខរបរ​ គួរ​ណា​យក​ការ​គេង​ជា​ធំ​ផង ព្រោះ​សុខភាព​គឺជា​កត្តា​ចម្បង។ ដូច្នេះ ការងារ​ដែល​មិន​ចាំ​បាច់​ខ្លាំង គួរ​ទុក​ចោល​មួយ​ឡែក​សិន ហើយ​យក​ពេល​នោះ​ដើម្បី​សម្រាក​សិន ទើប​មាន​កម្លាំង​ធ្វើ​ត​នៅ​ថ្ងៃ​ស្អែក។

រូបតំណាង

៣. បង្កើត​ទម្លាប់​មួយ​សម្រាប់​រាង​កាយ

ដូច​ជា​កាល​​ពី​តូច ដែល​រាល់​ពេល​អ្នក​មើល​សៀវភៅ​តុក្កតា អ្នក​នឹង​ទន់​ភ្នែក​ចង់​គេង​នោះ សម្រាប់​បច្ចុប្បន្ន​ក៏​ដូច​គ្នា​ ព្យាយាម​ទម្លាប់​ខ្លួន​ឱ្យ​ធ្វើ​អ្វី​ម្យ៉ាង​មុន​ពេល​គេង ដើម្បី​ឱ្យ​រាង​កាយ​របស់​អ្នក​សុំាំ​ទៅ​នឹង​ទម្លាប់​អ្វី​ម្យ៉ាង​ពេល​គេង អាច​ជា ការ​ស្តាប់​តន្ត្រី​ជា​ដើម​។ ការ​ធ្វើ​បែប​នេះ​ ធ្វើ​ឱ្យ​រាង​កាយ​អ្នក​ងាយ​សម្រប​នឹង​ទម្លាប់​ថ្មី​នោះ ដូចនេះ​រាល់​ពេល​អ្នក​ធ្វើ​វា អ្នក​នឹង​មាន​អារម្មណ៍​ងងុយ​គេង​ភ្លាម។

៤. កុំ​ញុំាំ​ច្រើន​ពេក​នៅ​ពេល​យប់

ការ​ញុំា​ច្រើន​​ពេក មុន​ពេល​គេង​ក៏​អាច​​បង្ក​ជា​បញ្ហា​ដល់​ការ​គេង​ដែរ ព្រោះ​វា​ធ្វើ​ឱ្យ​អ្នក​ហល់​ពោះ និង រំខាន​ធ្វើ​ឱ្យ​គេង​មិន​លក់​ជាដើម​។ បើ​អ្នក​ទម្លាប់​ញុំា​ច្រើន​ គួរ​ទុក​ចន្លោះ​ពេល​​យ៉ាង​ហោច​ណាស់ ពី២​ទៅ​៣ម៉ោងក្រោយ​ពេល​ញុំាំ​រួច ព្រោះ​រាង​កាយ​ត្រូវ​ការ​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​រំលាយ​អាហារ​ មុន​ពេល​អ្នក​ចូល​គេង។

រូបតំណាង

៥. ចៀសវាង​ជាតិ​សុរា និង កាហ្វេអុីន

ដូច​ដែល​អ្នក​ដឹង​ស្រាប់​ហើយ ជាតិ​កាហ្វេ​អុីន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដាស់​ស្មារតី​អ្នក​ឱ្យ​ស្វាង​ល្អ តែ​បើ​អ្នក​ពិសារ​វា​ខុស​ពេល នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ ជាពិសេស​ការ​គេង​មិន​លក់​ជាដើម។ សុរា​ក៏​ដូច​គ្នា អ្នក​ខ្លះ​ថា​ផឹក​សុរា​ងាយ​ស្រួល​គេង ប៉ុន្តែ​វា​អាច​នឹង​ធ្វើ​ទុក​ពោះ​ឱ្យ​មាន​បញ្ហា​នៅ​កណ្តាល​យប់​ក៏​មាន។ ដូចនេះ បើ​អាច ​គួរ​​ចៀស​វាង​ជាតិ​២​នេះ​នៅ​ក្នុង​របប​អាហារ​របស់​អ្នក​នៅ​ពេល​យប់។

៦. សម្រួល​អារម្មណ៍​ឱ្យ​បាន​ល្អ​មុន​គេង

មុន​ពេល​គេង អ្នក​គួរ​សម្រាក​ខួរ​ក្បាល​ ជាពិសេស​ធ្វើ​រឿង​អ្វី​ដែល​សប្បាយៗ និង ផ្តល់​នូវ​ភាព​ធូរ​ស្រាល​ដល់​គ្រប់​កង្វល់​ទាំង​ឡាយ។ វិធី​ល្អ អ្នក​គួរ​ព្យាយាម​កុំ​យក​រឿង​ណា​ដែល​ធ្វើ​ឱ្យ​អ្នក​ស្រ្តេស​ ឬ គិត​ច្រើន​នៅ​ពេល​យប់​មុន​គេង ព្រោះ​ស្រេ្តស​អាច​មាន​ប្រតិកម្ម​ជា​មួយ​ការ​គេង​របស់​អ្នក ធ្វើ​ឱ្យ​អ្នក​ឈរ​ភ្នែក ឬ គេង​ងើប​គេង​ងើប​ជា​ដើម។ ដូចនេះ ខួរ​ក្បាល​របស់​អ្នក​ត្រូវ​ការ​មាន​ពេល​​សម្រាក​ដូច​គ្នា ទើប​អ្នក​អាច​គេង​លង់​លក់​ស្រួល គ្មាន​អ្វី​មក​រំខាន៕ ​​

រូបតំណាង
រូបតំណាង

អានបន្ត៖ ដឹងគុណវិបត្តិនៃការគេងបើកភ្លើង ទើបភ្ញាក់ព្រើតថាគ្រោះថ្នាក់លើសអ្វីដែលធ្លាប់គិត

ប្រភព៖ Harvard ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម