តិចនិករក្សាផ្កាឲ្យនៅស្រស់បានយូរថ្ងៃ អបអរពេលបុណ្យចូលឆ្នាំចិន

  • 2020-01-15 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ផ្កា​ជា​និមិត្ត​សញ្ញា​នៃ​ភាព​រីក​រាយ ​​ភាព​ជោគ​ជ័យ ​ស្រស់​ស្អាត​និង​សំណាង​ល្អ។ ​ដូច្នេះ​ហើយ​នៅ​ពេល​បុណ្យ​ទាន​ម្ដង​ៗ ​គេ​មិន​ភ្លេច​តាំង​ផ្កា​​១​ថូ ​ឬ ​​២​ថូ​​​ក្នុង​ផ្ទះ​នោះ​ទេ។ ​​ប៉ុន្តែ​តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ផ្កា​នៅ​តែ​ស្រស់​បាន​យូរ?​​

រូបតំណាង

ដើម្បី​រក្សា​ផ្កា​ឲ្យ​នៅ​​​ស្រស់​បាន​យូរ​ សំខាន់​បំ​ផុត​ត្រូវ​ផ្លាស់​ប្ដូរ​ទឹក​ជា​រៀង​រាល់​ថ្ងៃ។ ​​ប្ដូរ​ទឹក​ក្នុង​ថូ​រៀង​រាល់​ព្រឹក​ឲ្យ​បាន​ទៀង​ទាត់។ ​ម្យ៉ាង​ទៀត ​កុំ​ភ្លេច​កាច់​ទង​ដើម​ផ្កា​ទាំង​នោះ​ដើម្បី​ឲ្យ​វា​​ស្រូប​​ទឹក​បាន​ល្អ។

​អ្នក​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​មើល​ថា​មាន​ផ្កា​ណា​ងាប់​ឬ​ខូច ​គឺ​ត្រូវ​យក​ចេញ​ភ្លាម​ៗ​កុំ​ឲ្យ​ប៉ះ​​ពាល់​សោភ័ណ​ភាព​ដល់​ផ្កា​ដទៃ​។ ​​មួយ​វិញ​ទៀត ​​ថូ​ផ្កា​មាន​រចនា​បែប​បទ​ស្អាត​មិន​ទាន់​គ្រប់​គ្រាន់​ទេ ​ត្រូវ​ជ្រើស​ថូ​ណា​ដែល​ធំ​ទូ​លាយ ​ងាយ​ឲ្យ​ផ្កា​ស្រូប​ទឹក​បាន​ល្អ​ផង​ដែរ។

រូបតំណាង

ខាង​ក្រោម​នេះ ​​ជា​គន្លឹះ​សំខាន់​មួយ​ចំនួន​រក្សា​ផ្កា​ឲ្យ​នៅ​តែ​ស្រស់​បាន​យូរ​ថ្ងៃ​ក្នុង​អំ​ឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន៖ ​ ១. កិន​ថ្នាំ​អាស្ពីរីន​ចូល​ក្នុង​ថូ​ផ្កា ​ដើម្បី​ជួយ​បង្កើន​កំហាប់​​អាស៊ីត​នៅ​ក្នុង​ទឹក ​ដែល​ជួយ​រក្សា​ផ្កា​​ឲ្យ​នៅ​តែ​ស្រស់​បាន​យូរ​។

​២. ​​ដាក់​កាក់​​ក្នុង​ថូ​ ព្រោះ​សារធាតុ​លោហៈ​​​ជួយ​ប្រឆាំង​​បាក់​តេរី​​ធម្មជាតិ​​របស់​ផ្កា​មិន​ឲ្យ​ឆាប់​រលួយ។

៣. ​បន្តក់​ទឹក​ខ្មេះ ​២ -​ ៣ ​តំណក់​ក្នុង​​​ថូ​១​នាទី​សិន ​មុន​នឹង​ចាក់​ទឹក​ចូល​។ ​​ការ​រលាយ​ចូល​គ្នា​រវាង​ទឹក​ខ្មេះ​និង​ទឹក ជួយ​ការពារ​​ផ្កា​​ឲ្យ​នៅ​ស្រស់ ​មិន​ងាយ​ងាប់។ ​បន្ថែម​ពី​នេះ ​អ្នក​ក៏​អាច​​សាក​ល្បង​រោយ​ស្ករ​ស​បន្តិច​ ដែល​ជំរុញ​រស្មី​សំយោគ ​​កាន់​តែ​ជួយ​ផ្កា​ឲ្យ​នៅ​ស្រស់​ញញឹម​​ផង​ដែរ។

រូបតំណាង

​​រឿង​សំខាន់​មួយ​ទៀត​ដែល​​​មិន​គួរ​មើល​រំលង ​អ្នក​មិន​​ត្រូវ​ដាក់​ថូ​​ផ្កា​នៅ​​ក្បែរ​ទូរទស្សន៍ ​​ឬ ​ទូ​ទឹកកក និង​ទី​ដែល​​មាន​ខ្យល់​បក់​ខ្លាំង ​ឬ​ចាំង​ពន្លឺ​ព្រះ​អាទិត្យ​ពេក​ទេ ព្រោះ​ធ្វើ​ឲ្យ​ផ្កា​ស្រស់​របស់​អ្នក​ឆាប់​ស្ងួត​ហួត​ហែង​បាន​។

​​​ករណី​ផ្កា​ខ្លះ ​ត្រូវ​មាន​ការ​ថែ​ទាំ​​ជា​ពិសេស​

រូបតំណាង

យ៉ាង​ណា​ក៏​ដោយ ​ករណី​ផ្កា​ខ្លះ​មាន​ការ​ថែ​ទាំ​ខុស​ៗ​គ្នា​។ ​ដូច​ជា​ផ្កា​កុលាប ​អ្នក​មិន​គួរ​កាត់​ទង ​ឬ​បន្លា​​​​វា​ចោល​ទេ ​ព្រោះ​​ផ្កា​ងាយ​នឹង​ស្រពោន​​ងាប់ ​ដោយសារ​​វា​ជា​ផ្នែក​មួយ​សំខាន់​​របស់​ផ្កា​កុលាប។

រូបតំណាង

​​ចំពោះ​ផ្កា Chamomile ​វិញ ​វិធី​ថែ​ទាំ​គឺ​ត្រូវ​​ផ្លាស់​ប្ដូរ​ទឹក​ឲ្យ​បាន​ទៀង​ទាត់ ព្រម​ទាំង​កាត់​ចោល​ដើម​ណា​ដែល​ខូច។ ​មួយ​វិញ​ទៀត​ត្រូវ​ដាក់​ជី​អាសូត​ក្នុង​ថូ​ ដើម្បី​ជួយ​រក្សា​ផ្កា​ឲ្យ​ស្រស់​បាន​យូរ។

រូបតំណាង

​សម្រាប់​ផ្កា ​លី​លី​ វិញ ​​បើ​ចង់​ឲ្យ​ផ្កា​ទុក​បាន​យូរ​ស្រស់​ល្អ ត្រូវ​​ត្រាំ​​ថូ​​ក្នុង​ទឹក​​ជាមុន​សិន​ចំនួន​៥ នាទី។ ​​​ម្យ៉ាង​ទៀត ​កុំ​ភ្លេច​កាច់​ស្លឹក​ក្រោម​ៗ​ចោល​ខ្លះ ​ដើម្បី​ឲ្យ​ផ្កា​អាច​ស្រូប​​ទឹក​បាន​ប្រសើរ។

រូបតំណាង

​សង្ឃឹម​ថា​គន្លឺះ​ខាង​លើ​​អាច​ជួយ​ឲ្យ​ផ្កា​របស់​អ្នក​នៅ​តែ​ស្រស់​​ស្អាត​បាន​យូរ អំ​ឡុង​ពេល​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ​។ ​ផ្កា​ស្រស់​នឹង​ជួយ​បង្កើន​ភាព​​រីក​រាយ ​និង​​ជីវិត​ក្នុង​គ្រួសារ​ឲ្យ​ស្រស់​ស្រស់​ស្រាយ​ ​ពេញ​ដោយ​សុភមង្គល៕​

​អាន​បន្ត​៖​ ​ ៥ វិធីងាយស្រួលតាមបែបហុងស៊ុយ ប្រមូលលាភសំណាងឆ្នាំថ្មីចូលផ្ទះ

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម