មិន​មែន​រឿង​អាក្រក់​ទាំង​អស់​ដែល​កើត​ឡើង​សុទ្ធ​តែ​ជា​កំហុស​របស់​អ្នក​នោះទេ

  • 2019-12-30 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ឆាក​ជីវិត មាន​រឿង​មួយ​ចំនួន​ដែល​ជា​រឿង​ពិបាក​នឹង​ទទួល​យក​ខ្លាំង។​ ការ​បាត់​បង់ ការ​បែក​បាក់ ការ​ប្រេះឆា មិន​ថា​វា​ជា​របស់​ដែល​អ្នក​ស្រឡាញ់​បំផុត ឬ ជា​មនុស្ស​ដែល​មាន​អត្ថន័យ​ក្នុង​ឆាក​ជីវិត​អ្នក​បំផុត សុទ្ធ​សឹង​ជា​រឿង​ដែល​គ្មាន​នរណា​ប្រាថ្នា​ចង់​ឱ្យ​កើត​ឡើង តែ​បើ​ជួប​ហើយ អ្នក​គួរ​ព្យាយាម​ដោះ​ស្រាយ​វា​ដោយ​សម្រួល​ដោយ​មិន​បន្ទោស​ទៅ​លើ​នរណា​ទាំង​អស់ ជា​ពិសេស​គឺ​ខ្លួន​ឯង។

រូបតំណាង

តើ​នរណា​​ចង់​​ឱ្យ​អ្នក​ដទៃ​ធ្វើ​បាប​ផ្លូវ​ចិត្ត​របស់​ខ្លួន​? ចម្លើយ​គឺ គ្មាន​ទេ។ គ្មាន​នរណា​ម្នាក់​ចង់​ឱ្យ​អ្នក​ដ​ទៃ​និយាយ​អាក្រក់ ស្តី​បន្ទោស ឬ បន្ទាប​តម្លៃ​ខ្លួន​នោះ​ទេ គឺ​ម្នាក់ៗ​ប្រាថ្នា​ចង់​ឱ្យ​គេ​ឯង​ចេះ​ផ្តល់​តម្លៃ​ឱ្យ​ខ្លួន​។ ចុះ​ហេតុ​អ្វី​បាន​អ្នក​ជា​មនុស្ស​ដែល​​​ផ្តល់​នូវ​ភាព​ឈឺ​ចាប់​ដល់​ខ្លួន​ឯង ដោយ​ការ​ស្តី​បន្ទោស​ឱ្យ​ខ្លួន​ឯង​រាល់​ពេល​មាន​រឿង​​មិន​ល្អ​កើត​ឡើង​? រឿង​ដែល​សូម្បី​តែ​អ្នក​ដទៃ​ក៏​អ្នក​មិន​ចង់​ឱ្យ​ធ្វើ​ដាក់​អ្នក​ផង ហេតុ​អ្វី​អ្នក​ធ្វើ​ដាក់​ខ្លួន​ឯង​ទៅ​វិញ?

រូបតំណាង

មិន​ថា​នៅ​ក្នុង​កាលៈទេសៈ​ណា​ទេ អ្នក​គួរ​ចង​ចាំ​ថា​ រឿង​មិន​ល្អ​អ្នក​ណា​ក៏​ត្រូវ​តែ​ជួប​ដែរ ទោះ​បី​ជា​អ្នក​ខំ​ប្រឹង​ការ​ពារ​ទប់​ស្កាត់​វា​យ៉ាង​ណា​ក៏​គង់​តែ​កើត​ដែរ ព្រោះ​គ្មាន​នរណា​ម្នាក់​អាច​ហាម​ឃាត់​រឿង​ទាំង​នោះ​មិន​ឱ្យ​កើត​ឡើង​នោះ​ទេ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​មាន​សមត្ថភាព​អាច​ធ្វើ​ឱ្យ​ជីវិត​របស់​គេ​ស្រស់​បំព្រង​ ជួប​តែ​រឿង​ល្អ​គ្រប់​ពេល​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​កុំ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រឿង​អាក្រក់​នោះ​ខ្លាំង​ពេក ហើយ​បែរ​មក​រក​វិធី​ដោះ​ស្រាយ​រឿង​ទាំង​នោះ​ឱ្យ​បាន​ល្អ​វិញ​ ទើប​ជា​ការ​ប្រសើរ ព្រោះ​ថ្វី​ដ្បិតតែ​អ្នក​មិន​អាច​គ្រប់​គ្រង​ស្ថានភាព​ជុំវិញ​ខ្លួន​អ្នក​បាន​មែន តែ​អ្នក​អាច​គ្រប់​គ្រង​នូវ​អារម្មណ៍ ស្មារតី និង​ ទង្វើ​របស់​អ្នក​បាន។

រូបតំណាង

ដូច្នេះ រាល់​ពេល​មាន​រឿង​មិនល្អ​កើត​ឡើង​ មិន​ថា​បាត់​បង់​ការងារ​ដែល​អ្នក​ខំ​តស៊ូ បែក​បាក់​មិត្តភាព​ដែល​អ្នក​ខំ​សាង បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ក្តី ឬ រឿង​មិន​ល្អ​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង អ្នក​ត្រូវ​រៀន​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ដើម្បី​ទទួល​យក​នូវ​រឿង​ទាំង​នោះ ហើយ ព្យាយាម​កុំ​ស្តី​បន្ទោស​អ្នក​ណា​ឡើយ​​ ជាពិសេស​គឺ​ខ្លួន​ឯង៕

រូបតំណាង
រូបតំណាង
រូបតំណាង

អានបន្ត៖ មេរៀនជីវិតសំខាន់ៗ គួរស្វែងយល់ឲ្យបានច្បាស់ មុនចូលដល់វ័យជាង ៣០ ឆ្នាំ

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម