តើ​ត្រូវ​ជ្រើស​យក​មនុស្ស​ដែល​យើង​ស្រលាញ់ ហើយ​គេ​មិន​តប​វិញ ឬ​មនុស្ស​ដែល​ស្រលាញ់​យើង?

  • 2019-12-17 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ដែល​យើង​ស្រលាញ់ មិន​ប្រាកដ​ថា​នឹង​ស្រលាញ់​យើង។ ឬ​គេ​ក៏​មាន​ចិត្ត​លើ​យើង​ដែរ តែ​មិន​អាច​ស្មើ​នឹង​មនោសញ្ចេតនា​ដែល​យើង​ឲ្យ​គេ​ទេ។ អាក្រក់​ជាង​នេះ​ទៀត​គឺ​វា​អាច​គ្រាន់​តែ​ជា​ស្នេហា​ដែល​ចេញ​ពី​តែ​ម្ខាង។ រូបរាង​គេ​នៅ​ជិត​យើង តែ​បេះដូង​បែរ​ជា​នៅ​កន្លែង​ផ្សេង។ ដូច​នេះ ហេតុអ្វី​យើង​ត្រូវ​រើស​គេ​នោះ?

រូបតំណាង

អ្ន​ក​អាច​ស្រលាញ់​គេ​តែ​ម្ខាង​បាន​យូរ​ប៉ុណ្ណា? អ្នក​អាច​ស៊ូ​ទ្រាំ​នឹង​មនោសញ្ចេតនា​ដែល​កំពុង​នៅ​ផ្លូវ​ទាល់​នេះ​ដល់​ពេល​ណា​ទៀត។ ដូច​គេ​និយាយ​មិន​ខុស អ្នក​ដែល​ស្រលាញ់​គេ​ច្រើន​ជាង តែង​ជា​បុគ្គល​ដែល​ឈឺ​ជាង​គេ។ នៅ​ពេល​ដែល​យើង​ស្រលាញ់​មនុស្ស​ម្នាក់​ច្រើន​ជាង​គេ​ស្រលាញ់​យើង អ្វី​គ្រប់​យ៉ាង​ដែល​​ធ្វើ ទោះ​បី​ជា​អស្ចារ្យ​យ៉ាង​ណា​ក៏​ប្រែ​ជា​សាមញ្ញ​ក្នុង​កែវ​ភ្នែក​របស់​គេ ហើយ​គេ​ក៏​មិន​បាន​ឲ្យ​តម្លៃ​គ្រប់​ទង្វើ​ទាំង​នោះ​ដែរ។

រូបតំណាង

ពេល​ខ្លះ​មិន​មែន​មក​ពី​គេ​មិន​ចង់​ស្រលាញ់​យើង​ទេ គ្រាន់​តែ​គេ​មិន​អាច។ មក​ពី​យើង​ស្រលាញ់​គេ​ច្រើន​ពេក គ្មាន​នៅ​សល់​ចន្លោះ ឲ្យ​គេ​តប​ស្នង​មក​វិញ។ ដល់​ទី​បញ្ចប់ យើង​បាន​ត្រឹម​ទទួល​ភាព​មិន​អើពើ និង​សាប​រលាប​ពី​គេ។ និយាយ​ឲ្យ​ចំ​ទៅ ជ្រើស​យក​មនុស្ស​ដែល​យើង​ស្រលាញ់​គឺ​ត្រឹម​ត្រូវ តែ​មនុស្ស​នោះ​ក៏​ត្រូវ​ស្រលាញ់​យើង​វិញ​ទើប​ត្រូវ។ ព្រោះ​បើ​ស្រលាញ់​គេ​ម្ខាង យើង​ឈាន​មួយ​ជំហាន គេ​ថយ​មួយ​រយ​ជំហាននោះ បេះដូង​មាន​តែ​របួស​មិន​ខាន។

បើ​មាន​តែ​ឈឺ​ចាប់​នោះ តាំង​ពី​ដំបូង គួរ​រើស​យក​មនុស្ស​ដែល​ស្រលាញ់​យើង​ឲ្យ​ហើយ។ មនុស្ស​ដែល​ពី​ដំបូង​យើង​អាច​មិន​ស្រលាញ់់​គេ​ជ្រាលជ្រៅ តែ​គេ​នឹង​មិន​ចាកឆ្ងាយ​យើង សូម្បី​តែ​ក្នុង​ការ​គិត។ គេ​នឹង​គ្មាន​ថ្ងៃ​ស្ដី​បន្ទោស ឬ​ហ៊ាន​ធ្វើ​ឲ្យ​យើង​ឈឺ ទោះ​បី​ពេល​​​ខ្លះ​យើង​ជា​អ្នក​ខុស​ក៏​ដោយ។

រូបតំណាង

តាម​ការ​ពិត​ទៅ ស្នេហា​ដែល​មាន​តែ​ការ​ឲ្យ​ទៅ​ នៅ​ពេល​ដំបូង​មើល​ទៅ​គឺ​ស្រស់​បំព្រង​ខ្លាំង​ណាស់។ តែ​យូរ​ទៅ គេ​នឹង​មិន​គោរព​វា ហើយ​ដែល​អ្នក​ដែល​ឲ្យ​ទៅ នឹង​ប្រែ​ជា​ហត់​នឿយ។ យើង​អាច​និយាយ​ថា ឲ្យ​តែ​យើង​ស្រលាញ់​គេ​គឺ​គ្រប់គ្រាន់​ហើយ គេ​មិន​តប​វិញ​ក៏​បាន តែ​ជាក់​ស្ដែង គឺ​យើង​រំពឹង​មនោសញ្ចេតនា​របស់​គេ​ខ្លាំង​បំផុត។ ដូច​នេះ រើស​យក​អ្នក​ដែល​យើង​ស្រលាញ់ ឬ​អ្នក​ស្រលាញ់​យើង គឺ​អ្នក​ដឹង​លទ្ធផល​ស្រាប់​ហើយ នៅ​សល់​តែ​ការ​សម្រេច​ចិត្ត​ប៉ុណ្ណោះ៕

អានបន្ត៖ ​ ស្នេហា​នៅ​អាយុ​១៧​ឆ្នាំ និង​នៅ​អាយុ​២៥​ឆ្នាំ ខុស​គ្នា​ដូច​ម្ដេច?

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម