កុំ​ឲ្យ​ជីវិត​មាន​តែ​ទុក្ខ​មិន​ចេះ​ចប់​ ​អ្នក​គួរ​ហាត់​រម្ងាប់​ចិត្ត​ទាំង ​៨​យ៉ាង​នេះ​​ឲ្យ​បាន​

  • 2019-12-17 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ហ្វឹក​ហាត់​ផ្លូវ​ចិត្ត​កុំ​ឲ្យ​មាន​ភាព​ច្របូកច្របល់ ធ្វើ​ឲ្យ​ចិត្ត​មាន​សមាធិ និង​មាន​​សតិ​នឹងនរ​គ្រប់​ពេល​វេលា គឺ​ជា​រឿង​ដ៏​សំខាន់ ព្រោះ​ថា​បើ​ចិត្ត​យើង​កាន់​តែ​ស្ងប់ នោះ​ជីវិត​យើង​នឹង​កាន់​តែ​មាន​ក្ដី​សុខ​ច្រើន​ទៅ​តាម​នោះ​ដែរ។ បើ​សិន​អ្នក​ត្រៀម​ខ្លួន​រួច​ហើយ សូម​សាក​ល្បង​ហ្វឹក​ហាត់​តាម​រយៈ​​វិធី​ខាង​ក្រោម​នេះ៖

១. ហាត់​សម្លឹង​ខ្លួន​ឯង​ថា​តូច

មាន​ន័យ​ថា ត្រូវ​ធ្វើ​ជា​អ្នក​​តូច កុំ​ធ្វើ​ខ្លួន​​ជា​​អ្នក​ធំ។ ចូរ​ធ្វើ​ជា​មនុស្ស​ធម្មតា កុំ​ធ្វើ​ជា​មនុស្ស​សំខាន់ ។ នៅ​ពេល​មាន​អ្វី​កើត​ឡើង​ សូម​កុំ​គិត​តែ​​​ខ្លួន​ឯង​ជ្រុល​ពេក។

២. ហាត់​មិន​សន្សំ​រឿង

មាន​ន័យ​ថា ការ​ប្រមែប្រមូល​​អ្វី​គ្រប់​យ៉ាង​មក​ជា​ភារៈ។ លើ​លោក​នេះ​គ្មាន​អ្វី​ដែល​យើង​​ប្រមែប្រមូល​មក​ហើយ មិន​ជា​ភារៈ​នោះ​ទេ លើក​លែង​តែ​អំពើ​ល្អ ក្រៅ​ពី​នោះ​គឺ​សុទ្ធ​តែ​បន្ថែម​​បន្ទុក​ឲ្យ​យើង​បើ​មិន​ច្រើន ក៏​តិច។

៣. ហ្វឹក​ហាត់​ខ្លួន​ឯង​ឲ្យ​​ចេះ​​គិត​​ងាយ​ៗ

មាន​ន័យ​ថា កុំ​​វង្វេង​​នឹង​ភាព​ល្អ​ឥត​ខ្ចោះ ព្រោះ​ភាព​ឥត​ខ្ចោះ​គ្មាន​ទេ​នៅ​លើ​លោក​នេះ មាន​តែ​មនុស្ស​ល្ងង់​ប៉ុណ្ណោះ​ដែល​មើល​ឃើញ​ថា ​មាន​មនុស្ស​ល្អ​ឥត​ខ្ចោះ​នៅ​លើ​លោក​នេះ។

៤. ហ្វឹក​ហាត់​ខ្លួន​ឯង​ឲ្យ​នៅ​ស្ងៀម​ៗ ឬ​ពុំ​ដូច្នោះ​ទេ​គឺ​និយាយ​តែ​អ្វី​ដែល​ល្អៗ

មាន​ន័យ​ថា ចំពោះ​រឿង​មិន​ល្អ ឬ​ពាក្យ​សម្ដី​អ្វី​ដែល​និយាយ​ទៅ​ហើយ​គ្មាន​ផល​​ល្អ គួរ​តែ​កុំ​និយាយ ព្រោះ​ថា​ការ​និយាយ​ស្ដី ឬ​ការ​រិះគន់​អ្នក​ដទៃ​ក្នុង​ន័យ​កាច់​បំបាក់ គឺ​មាន​តែ​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​ក្ដៅ​ក្រហាយ​តែ​ប៉ុណ្ណោះ។

៥. ហ្វឹក​ហាត់​ខ្លួន​ឯង​​ឲ្យ​យល់​ពី​ធម្មជាតិ

មាន​ន័យ​ថា​អ្វី​ៗ​ក៏​អាច​កន្លង​ផុត​ដែរ នៅ​ពេល​មាន​ក្ដី​សុខ​ត្រូវ​ដឹង​ថា បន្តិច​ទៀត​ក្ដី​សុខ​នឹង​កន្លង​ទៅ នៅ​ពេល​មាន​ទុក្ខ ក៏​ត្រូវ​ដឹង​ដែរ​ថា បន្តិច​ទៀត​ក្ដី​ទុក្ខ​នោះ​នឹង​កន្លង​ទៅ។ នៅ​ពេល​មាន​បញ្ហា​អាក្រក់​ៗ​កើត​ឡើង ត្រូវ​គិត​ថា​រឿង​រ៉ាវ​ទាំង​អស់​នោះ​នឹង​មិន​នៅ​ជាមួយ​យើង​រហូត​ថ្ងៃ​ស្លាប់​ទេ។

៦. ហ្វឹក​ហាត់​ឲ្យ​ខ្លួន​ឯង​យល់​ពី​បញ្ហា​នៃ​​​ការ​និយាយ​ដើម

មាន​ន័យ​ថា យើង​កើត​មក​ក៏​ត្រូវ​ដឹង​ខ្លួន​ថា យើង​ប្រាកដ​ជា​ត្រូវ​​​​គេ​និយាយ​ដើម​។ នៅ​ពេល​ត្រូវ​គេ​និយាយ​ដើម ត្រូវ​ដឹង​ថា យើង​គ្រាន់​បើ​ហើយ ព្រោះ​វា​មាន​ន័យ​ថា​គេ​នៅ​នឹក​ដល់​ឈ្មោះ​របស់​យើង។ អ្នក​ដែល​ចូលចិត្ត​ខឹង​ច្រឡោត ដោយ​សារ​​​ការ​និយាយ​ដើម​ពី​​អ្នក​ដទៃ​គឺ​ជា​មនុស្ស​ដែល​មិន​យល់​ពី​សង្គម ព្រោះ​សូម្បី​​តែ​កូន​ៗ​ក៏​នៅ​និយាយ​ដើម​ឪពុក​ម្ដាយ ចុះ​ទម្រាំ​អ្នក​ដទៃ​។ បើ​យើង​ហាម​ខ្លួន​​ឯង​មិន​ឲ្យ​និយាយ​ដើម​អ្នក​ដទៃ​បាន​ពេល​ណា សឹម​គិត​ថា គ្មាន​នរ​ណា​នឹង​និយាយ​ដើម​យើង។

៧. ហ្វឹក​ហាត់​ខ្លួន​ឯង​ឲ្យ​ផុត​ចាក​ពី​ការ​ធ្វើ​ទាសករ​លុយ

មាន​ន័យ​ថា ​យើង​ត្រូវ​​រៀន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​កំពុង​មាន បើ​កំពុង​ជិះ​ឡាន​អ្វី​ត្រូវ​ពេញ​ចិត្ត​ឡាន​នោះ ស្លៀក​​សម្លៀក​បំពាក់​អ្វី ត្រូវ​ពេញ​ចិត្ត​សម្លៀក​បំពាក់​នោះ។ ការ​ដែល​យើង​​អាច​ឈប់​ធ្វើ​ជា​ទាសករ​លុយ​បាន គឺ​ត្រូវ​ចាប់​ផ្ដើម​ពី​​ការ​ចេះ "ស្កប់ស្កល់"។ នៅ​ពេល​ស្កប់ស្កល់​ហើយ យើង​នឹង​​​មិន​បាច់​ខំ​រក​លុយ​ច្រើន ហើយ​ជីវិត​យើង​នឹង​មាន​ឱកាស​ធ្វើអ្វី​ល្អ​ៗ​បាន​ច្រើន​ជាង​ការ​រក​លុយ។

៨. រៀន​លះ​បង់ និង​​ព្រម​ចាញ់​អ្នក​ដទៃ​ខ្លះ

មាន​​ន័យ​ថា ការ​ដែល​មនុស្ស​ម្នាក់​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​ខ្លះ គឺ​ជា​រឿង​ចាំបាច់។ អ្នក​ណា​ក៏​ដោយ​ដែល​ឈ្លក់​វង្វេង​នឹង​ភាព​ត្រឹមត្រូវ នឹង​មិន​ព្រម​ចាញ់​ប្រៀប​អ្នក​ណា​ឡើយ។ មិន​យូរ​មិន​ឆាប់ មនុស្ស​ម្នាក់​នោះ​នឹង​អាច​បែក​ ឡប់​សតិ ក្លាយ​ជា​មនុស្ស​ដែល​ឈ្នះ​​គ្រប់​យ៉ាង​ប៉ុន្តែ​គ្មាន​ក្ដី​សុខ ព្រោះ​ត្រូវ​​តែ​តស៊ូ​ប្រជែង​ជាមួយ​អ្នក​នៅ​ជុំវិញ​ខ្លួន​ឲ្យ​ដល់​ទី​បំផុត​ ៕

ចុចអាន៖

ប្រភព៖ khitpen ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម