ខ្លាច​ប្ដី​ដឹង​ថា​ខ្លួន​រលូត​កូន នារី​ថៃ​លួច​កូន​គេ​ហើយ លួច​រត់​ចេញ​ពី​មន្ទីរ​ពេទ្យ

  • 2019-12-16 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​មិន​ហ៊ាន​ប្រាប់​តាម​ត្រង់​ថា​ខ្លួនបាន​រលូត​កូន​ហើយ​នោះ នារី​ម្នាក់​មក​ពី​ប្រទេស​ថៃ​បាន​សម្រេច​ចិត្ត​លួច​កូន​របស់​គ្រួសារ​អ្នក​ដទៃ​តែ​ម្ដង។

នារី​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ Sriwaluck Akethamsatien អាយុ​២៧​ឆ្នាំ​បាន​រលូត​កូន​របស់​ខ្លួន​កាល​ពី​ខែ​មុន។ ដោយ​សារ​តែ​មិន​ចង់​ឲ្យ​ប្ដី ដែល​កំពុង​ចង់​ក្លាយ​ជា​ឪពុក​ខក​បំណង​នោះ អ្នក​ម្ដាយ​ខាង​លើ​នៅ​តែ​ធ្វើ​ពុត​ថា​ខ្លួន​កំពុង​ពពោះ​នៅ​ឡើយ។ ក្រោយ​មក នាង​បាន​មក​មន្ទីរ​ពេទ្យ​មួយ​នៅ​ខេត្ត Phang Nga ហើយ​បាន​ស្គាល់​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ទើប​សម្រាល​កូន​រួច។

នារី​ដដែល​បាន​ប្រាប់​ប្ដី​ថា ខ្លួន​ត្រូវ​នៅមន្ទីរពេទ្យ​ដើម្បី​សម្រាល​កូន។ យ៉ាងណាក្ដី ក្រោយ​ពេល​សុំ​មើល​ថែ​រក្សា​កូន​របស់​ប្ដី​ប្រពន្ធ​ខាង​លើ​រួច នាង​បាន​ពរ​ទារក​នេះ​រត់​គេច​ខ្លួន​តែ​ម្ដង បើ​តាម​កាមេរ៉ា​សុវត្ថិភាព​ថត​បាន។ ក្រោយ​ពេល​ចេញ​ពី​មន្ទីរពេទ្យ ​នាង​បាន​ជិះ​ម៉ូតូឌុប​តម្រង់​ទៅ​ផ្ទះ ដែល​មាន​ប្ដី​កំពុង​ទន្ទឹង​រង់​ចាំ​នាង​យ៉ាង​សប្បាយ​ចិត្ត​ខ្លាំង។​ យ៉ាងណាក្ដី ក្រោយ​ពេល​បាត់​កូន​ខ្លួន ប្ដី​ប្រពន្ធ​ខាង​លើ​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព ហើយ​តាម​ដល់​ផ្ទះ​របស់​អ្នក​លួច​កូន​របស់​ខ្លួន ដែល​នៅ​ឃ្លាត​មន្ទីរពេទ្យ​៨០០​ម៉ែត្រ។

ក្រោយ​ពេល​ប៉ូលិស​សាកសួរ Sriwaluck បាន​សារភាព​ថា ក្រោយ​ពេល​ត្រូវ​រលូត​កូន ខ្លួន​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ប្ដី​ឡើយ ដូច​នេះ​នៅ​តែ​បន្ត​កុហក​រហូត​មក។ ដល់​ពេល​ត្រូវ​សម្រាល​កូន​ ទើប​នាង​បាន​ទៅ​លួច​កូន​គេ​បែប​នេះ។ ដោយ​សារ​សកម្មភាព​ខាង​លើ នាង​ត្រូវ​បាន​កាត់​ទោស​ជាប់​គុក​៥​ឆ្នាំ ពី​បទ​ចាប់​ជំរិត​កូន​ក្មេង៕

អានបន្ត៖ ​ ១៥ សន្លឹកដែលជាងគំនូរបានប្រែភេទតួអង្គល្បីៗក្នុងរឿងគំនូរជីវចល

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម