ធ្លាប់​ទេ? អង្គុយ​ស្តាប់​រឿង​គេ​ឡើង​ចង់​ហូរ​ទឹក​ភ្នែក ស្អែក​ឡើង​គេ​ត្រូវ​គ្នា​​បាត់!

  • 2019-12-16 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​​លើក​ទូរសព្ទ​មក​ឮ​សំឡេង​មិត្តរបស់​អ្នក​យំ​រៀប​រាប់​រឿង​ស្នេហា​ ហើយ ចង់​ឱ្យ​អ្នក​ទៅ​កំដរ​ទេ? តើ​អ្នក​ធ្លាប់​ដាក់​ចិត្ត​ដាក់​កាយ​ស្តាប់​រឿង​ទុក្ខសោក​របស់​គេ ហើយ អាណិត​អាសូរ​រហូត​យំ​តាម​ទេ? ហើយ​ធ្លាប់​ឱ្យ​យោបល់​គេ ដល់​ស្អែក​ឡើង​ ឃើញ​គេ​បង្ហោះ​រូប​លើ​ហ្វេសបុក​ (Facebook) យ៉ាង​ស្អិត​រមួត​វិញ​បាត់​ទៅ​ហើយ។

រូបតំណាង

កាល​ពី​មុន​ ពេល​មិត្តភ័ក្តិ​ហៅ​ទៅ​កំដរ​ព្រោះ​ឈ្លោះ​គ្នា​ជាមួយ​សង្សារ ឬ បែក​គ្នា​ម្តងៗគឺ ប្រញាប់​ទៅ​ភ្លាម​ ហើយ អង្គុយ​ស្តាប់​គេ​រៀប​រាប់​វិបត្តិ​ដោយ​យក​ចិត្ត​ទុក​ដាក់​ រហូត​ពេល​ខ្លះ​ចូល​តួ​ឡើង​ស្រក់​ទឹក​ភ្នែក​ជំនួស​ទៀត​ក៏​មាន ប្រយួស​ឱ្យ​គេ​បែក​គ្នា​ក៏​មាន ក្តៅ​ក្រហាយ​ជាមួយ​ភាគី​សង្សា​រនោះ​ក៏​មាន។ ស្រាប់​តែ​ស្អែក​ឡើង​មិន​ទាន់ ឃើញ​គេ​ផុស​រូប​ជាមួយ​សង្សារ​គេ​វិញ​ធ្វើ​មិន​ដឹង ទាំងយើង​ឡើង​ត្រដាប​ត្រដួស​ជាមួយ​អស់​មួយ​យប់​។​ ណ្ហើយ! មិន​ដឹង​និយាយ​ថា​ម៉េច​ឱ្យ​សម​ទេ។

តួនាទី​ជា​មិត្ត​មាន​តែ​អ៊ីចឹង។​ ថ្ងៃ​ណា​គេ​ត្រូវ​គ្នា អង្គុយ​ចាំ​តែ ​Like​ រូប​ផ្អែម​ល្អែម​គេ​ទៅ ហើយ​ថ្ងៃ​ណា​គេ​ឈ្លោះ​គ្នា អង្គុយ​ចាំ​តែ​លើក​ទូរសព្ទ​ទៅ។ យ៉ាង​ណា​មិញ មិន​មែន​ទៅខឹង​ ឬ អន់​ចិត្ត​នឹង​មិត្ត​ខ្លួន​ឯង​អ្វី​នោះ​ទេ គ្រាន់​តែ​ពេល​ខ្លះ ស្ថានការណ៍​ផ្លាស់​ប្តូរ​លឿន​ពេក ស្ទើរ​ធ្វើ​ចិត្ត​មិន​ទាន់ ​។ ​អ៊ីចឹង​ហើយ​បាន​ថា ពេលគេឈ្លោះគ្នា យើងកុំចូលតួជាមួយគេខ្លាំងពេក ពេលឲ្យយោបល់ថាគួរបែកគ្នាទៅ ដល់ពេលគេត្រូវគ្នាវិញ គឺយើងនឹងហើយជាអ្នកនៅចំកណ្តាលនៃរឿងនេះ ពិបាកមុខខ្លាំងជាងគេ៕

រូបតំណាង

អានបន្ត៖ ​ អារម្មណ៍​នៅ​ពេល​ដែល​គេ​លែង​ស្រលាញ់​យើង​ទៀត

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម