រៀបការ​ហើយ ទើប​ដឹង​ប្រពន្ធ​ដែល​មាន​ផ្ទៃពោះ​នោះ គឺ​ជា​មនុស្ស​ប្រុស​សោះ

  • 2019-12-09 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហេតុការណ៍​មួយ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ចិន​ហួស​ចិត្ត​ជា​ខ្លាំង​ននៅ​ពេល​វា​ត្រូវ​បាន​កប់​បាត់​អស់​រយៈ​ពេល​៤​ឆ្នាំ ហើយ​គាស់​ឡើងវិញ ព្រោះ​ល្បិច​បោក​ប្រាស់​នេះ​សាហាវ​ខ្លាំង​ពេក។

ហេតុ​ការណ៍​ខាង​លើ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៥ ប៉ុន្តែ​ដោយ​សារ​ការ​ស៊ើបអង្កេត​ថ្មី​ទើប​ធ្វើ​ឲ្យ​រឿង​នេះ​ត្រូវ​គេ​ជីក​កកាយ​ឡើង​វិញ។ តាម​នោះ​ដែរ បុរស​ម្នាក់​នៅ​ស្រុក Hai Yang ខេត្ត Hunan ប្រទេស​ចិន បាន​រក​ឃើញ​ថា ប្រពន្ធ​ដែល​ខ្លួន​ទើប​រៀបការ​នោះ បាត់​ខ្លួន នៅ​ពេល​ស៊ើបចុះ ស៊ើប​ឡើង​លោក​សឹង​តែ​មិន​ជឿ​នៅ​ពេល​ដឹង​ថា ប្រពន្ធ​ខ្លួន​តាម​ពិត​ជា​បុរស​សោះ។

ជាក់​ស្ដែង បុរស​ត្រកូល Wang ខាង​លើ​បាន​ស្គាល់​ប្រពន្ធ​ខ្លួន​តាម​អនឡាញ ក្រោយ​ពេល​ស្រលាញ់​គ្នា ពួក​គេ​បាន​ណាត់​ជួប​ខាង​ក្រៅ។ ស្រាប់​តែ​ថ្ងៃ​មួយ នារី​ឈ្មោះ Miao Xiao Man ប្រាប់​សង្សារ​ខ្លួន​ថា នាង​មាន​កូន​ហើយ ហើយ​ចង់​ឲ្យ​លោក​រៀបការ​នឹង​នាង។ ក្រោយ​មក​ ខាង​ប្រុស​ក៏​ពិភាក្សា​នឹង​គ្រួសារ​ពី​រឿង​នេះ។

នៅ​ខែ​តុលា ឆ្នាំ​២០១៥ មង្គលការ​ដ៏​ធំ​មួយ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ស្រុក​កំណើត​ខាង​ប្រុស។ ប៉ុន្តែ​៣​ថ្ងៃ​ក្រោយ ទើប​លោក Wang ដឹង​ថា​​ប្រពន្ធ​របស់​ខ្លួន បាត់​ខ្លួន​បាត់​ទៅ​ហើយ​។ គ្រួសារ​ខាង​ប្រុស​ស្មាន​ប្ដី​ប្រពន្ធ​​ឈ្លោះ​គ្នា ក៏​មិន​បាន​ប្ដឹង​ប៉ូលិស​ឡើយ។

ប៉ុន្តែ​នៅ​ពេល​ថ្មី​ៗ​ណេះ មាន​ហេតុការណ៍​បោក​បញ្ឆោត​មួយ​ទៀត​នៅ​ក្នុង​ខេត្ត​ដដែល មាន​ឈ្មោះ​ដូច​នារី​ខាង​លើ​តែ​ម្ដង។ ដោយ​នារី​ខាង​លើ​បាន​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ម្នាក់ ហើយ​បាន​សំណូមពរ​ឲ្យ​លោក​ផ្ញើលុយ​ជា​ច្រើន ច្រើន​សារ​រហូត​ឡើង​ដល់ជិត​៥០០០​ដុល្លារ ហើយ​ក៏​បាត់​ខ្លួន​បាត់។ ក្រោយ​មក​លោក​ក៏​ប្ដឹង​ប៉ូលិស​ឲ្យ​ស្វែង​រក​នាង។ គេ​បាន​រក​ឃើញ​នាង​នៅ​ហាង​អ៊ីនធឺណិត​មួយ ប៉ុន្តែ​ក្នុង​រូប​រាង​ជាមនុស្ស​ប្រុស។

ក្រោយ​ពេល​​ធ្វើ​ការ​ស៊ើប​អង្កេត​រួច ទើប​គេ​ដឹង​ថា ជន​បោក​ប្រាស់​ខាង​លើ​គឺ​ជា​មនុស្ស​ប្រុស ដោយ​មាន​ឈ្មោះ​ពិត​ ថា Miao Dong Dao អាយុ​២៧​ឆ្នាំ។ នៅ​ពេល​ឆែក​ឆេរ​ផ្ទះ គេ​រក​ឃើញ​សក់​ពាក់ និង​គ្រឿង​បន្លំ​ធ្វើ​ស្រី​ជា​ច្រើន។ ជនដៃដល់​បាន​សារភាព​ថា ខ្លួន​បាន​ប្រកប​របរ​បោក​ប្រាស់នេះ​តាំង​ពី​យូរ​មក​ហើយ ហើយ​បាន​បោក​បុរស​ចំនួន​១១​នាក់​បាន​សំរេច​ហើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel