កូនៗគួរបង្កើតភាពជិតស្និទ្ធដល់ឪពុកម្តាយព្រោះមនុស្សចាស់ងាយនឹងប្រឈមអារម្មណ៍ឯកោបំផុត

  • 2019-12-04 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​វ័យ​ជរា ពិភព​លោក​ពិត​ជា​តូច​ណាស់។ កាន់​តែ​ចូល​វ័យ​ច្រើន ​ឪពុក​ម្ដាយ​របស់​អ្នក​កាន់​​តែ​មាន​អារម្មណ៍​ឯកោ​ឡើង​ៗ ព្រោះ​មិន​សូវ​មាន​អ្នក​ជិត​ស្និទ្ធ ​និង​គ្មាន​អ្នក​ចែក​រំលែក​រឿង​រ៉ាវ​ជាមួយ។​

រូបតំណាង

** ​មនុស្ស​ចាស់​ដែល​រស់​នៅ​ក្នុង​​ភាព​ឯកោ​យូរ ​ច្រើន​តែ​ប្រឈម​នឹង​​អត្រា​មរណភាព​ខ្ពស់ យោង​តាម​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​នៅ​ប្រទេស​សហរដ្ឋអាមេរិក បង្ហាញ​លទ្ធផល​ថា​ ២៣% នៃ​មនុស្ស​ចាស់​ជរា​ឯកោ បាន​ស្លាប់​ក្នុង​រយៈ​ពេល ៦​ ឆ្នាំ និង ១៤% នៃ​មនុស្ស​ចាស់​មាន​សាច់​ញាតិ​និង​មិត្ត​ភក្កិ​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​​នេះ​។

ការ​សិក្សា​បន្ថែម​ទៀត ​ក្នុង​ចំណោម​៣​នាក់ ​មាន​​ ១នាក់​​នៃ​មនុស្ស​ចាស់​ជរា​មាន​អារម្មណ៍​ឯកោ។ ដូច្នេះ​បើ​អ្នក​មាន​ឱកាស​និង​ពេល​វេលា ​គួរ​តែ​ឧស្សាហ៍​តេ​ទៅ​លេង​ឪពុក​ម្ដាយ ឧស្សាហ៍​មាន​ការ​ហូប​អាហារ​​ជុំ​គ្នា ដែល​​គ្រាន់​តែ​ធ្វើ​រឿង​ទាំង​នេះ ​បាន​ជួយ​បង្កើត​គុណ​ភាព​ជីវិត​ដល់​លោក​ទាំង​ពីរ​ឲ្យ​ស្រស់​បំ​ព្រង​និង​រស់​រាន​បាន​យូរ។​​​​

រូបតំណាង

ប្រសិន​បើ​អ្នក​ចង់​ឲ្យ​ឪពុក​ម្ដាយ​រស់​នៅ​ជា​មួយ​អ្នក​បាន​យូរ ​​អ្នក​ត្រូវ​ចំណាយ​​ពេល​ឲ្យ​បាន​ច្រើន​ជាមួយ​លោក​ទាំង​ពីរ។ ​នេះ​ជា​ឱសថ​ទិព្វ​ជួយ​បង្កើន​អាយុ​​ដល់​អ្នក​មាន​គុណ​បាន។ ​​បន្ថែម​ពី​នេះ ​អ្នក​ក៏​គួរ​ចែក​រំលែក​រឿង​ល្អ​ៗ ​អារម្មណ៍​​សប្បាយ​រីក​រាយ ​រួម​ទាំង​ការ​ជជែក​លេង​​ឲ្យ​បាន​ច្រើន​ជាមួយ​ឪពុក​ម្ដាយ​។ ​

បើ​សិន​អ្នក​មាន​កូន​តូច​នៅ​ផ្ទះ ក៏​ត្រូវ​បង្ហាត់​កូន​ឲ្យ​មាន​ទំនាក់​ទំនង​ជាមួយ​លោក​តា​លោក​យាយ​របស់​គេ។ ​កុំ​គិត​តែ​ពី​ការងារ ​មុខ​ជូរ​ហួញ ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​មិន​សប្បាយ​ចិត្ត​ដែរ។ ​ម្យ៉ាង​ទៀត ​គួរ​​ឆ្លៀត​ពេល​​នាំ​ឪពុក​ម្ដាយ​ទៅ​ដើរ​លេង​ សម្រេច​បំណង​ប្រាថ្នា​ដែល​លោក​ចង់​ធ្វើ​ជា​យូរ​មក​ហើយ។ ​ទាំង​នេះ​ជា​តម្លៃ​នៃ​អនុស្សាវរីយ៍​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​។

រូបតំណាង

ភាព​ឯកោ​មិន​មែន​ជា​​ជំ​ងឺ​​ទេ ​តែ​ជា​អារម្មណ៍​សោក​សៅ​ដែល​ប៉ះ​​ពាល់​ដល់​សុខភាព​បាន។ ​​ម្ល៉ោះ​ហើយ ​​មុន​ពេល​​បាត់​បង់​លោក​ទាំង​ពីរ ​អ្នក​ត្រូវ​​បង្កើត​ភាព​ជិត​ស្និទ្ធ ​យក​ចិត្ត​ទុក​ដាក់​លោក​ទាំង​ពីរ​បន្ថែម។ ​ឪពុក​ម្ដាយ​ពិត​ជា​​ត្រូវ​ការ​ក្ដី​ស្រលាញ់ ​និង​ការ​ខ្វល់​ខ្វាយ​ពី​អ្នក​ណាស់ ។ ​ដូច្នេះ​បើ​​ចង់​ឲ្យ​​អ្នក​មាន​គុណ​រស់​បាន​យូរ ​​កុំ​ទុក​ឲ្យ​លោក​ទាំង​ពីរ​ឯកោ៕​

អានបន្ត៖ ​ មួយ​ជីវិត​រស់​នៅ​តែ​ម្ដង សូម​កុំ​​ធ្វើ​រឿង​ទាំង​នេះ​ឲ្យ​ខ្លួន​ស្ដាយ​ក្រោយ​ឲ្យ​សោះ

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម