ដៃមិនងាយជ្រួញ មានសំណើមជានិច្ចដោយតិចនិកសំខាន់៥យ៉ាង

  • 2019-12-02 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ដៃ​ ជា​ផ្នែក​មួយ​សំខាន់ ព្រោះ​មិន​ថា​ពេល​ចុច​ទូរស័ព្ទ ​ចាប់​ដៃ​គ្នា​ដើម្បី​សម្ដែង​ការ​ស្វាគមន៍ ​រួម​ទាំង​ពេល​ចាប់​កាន់​អាហារ ​និង​ពាក់​ចិញ្ចៀន​ជា​ដើម ​គឺ​ដៃ​បាន​ក្លាយ​ជា​ចំណុច​ទាក់​ទាញ​មួយ។ ​ដូច្នេះ​​ នារី​ទាំង​អស់​​មិន​ត្រូវ​អើពើ ​រហូត​ដល់​ដៃ​ឡើង​ជ្រួញ ​​មិន​ស្រឡូន​ស្អាត​ឡើយ។ ​​​ដូច្នេះ​ហើយ ​នារី​ទាំង​អស់​​គួរ​ធ្វើ​រឿង​ខាង​ក្រោម ​ដើម្បី​ចៀស​វាង​​ដៃ​ប្រែ​ជា​ជ្រួញ ​​កុំ​ឲ្យ​ពិបាក​កែខៃ​។

រូបតំណាង

​១. ​ កុំ​លាង​ដៃ​ញឹក​ញាប់​ពេក

ការ​លាង​ដៃ​ជា​រឿង​ល្អ​ហើយ ​តែ​បើ​លាង​ជាមួយ​សាប៊ូ ឬ ជែល​ញឹក​ញាប់ នឹង​បណ្ដាល​ឲ្យ​​ស្បែក​ខ្វះ​ជាតិ​សំណើម។ ​ពេល​នោះ​វា​នឹង​ប្រែ​ជា​ស្ងួត ហើយ​កាន់​តែ​ជ្រួញ​ទៅ​ៗ។ ​ដូច្នេះ​​អ្នក​អាច​បន្ថែម​​ដោយ​ការ​លាប​ឡេ​លើ​ដៃ​​ ដើម្បី​ចៀស​វាង​បញ្ហា​ទាំង​នេះ​។

រូបតំណាង

​២. ​កុំ​ប៉ះ​ផ្ទាល់​ជាមួយ​ផលិត​ផល

បើ​​ដៃ​របស់​អ្នក​កំពុង​មាន​បញ្ហា​អាឡែហ្សី​ជាមួយ​សាប៊ូ ​ទឹក​លាង​ដៃ ​​សាប៊ូ​លាង​ចាន ក៏​ដូច​ជា​ថ្នាំ​សម្លាប់​មេរោគ​និង​​ទឹក​សម្អាត​ផ្សេង​ៗ ​​​អ្នក​មិន​ត្រូវ​ប្រើ​ប្រាស់​វា​ដោយ​ប៉ះ​ផ្ទាល់​ឡើយ។ ​ដំណោះ​ស្រាយ​ល្អ ​ត្រូវ​ពាក់​ស្រោម​ដៃ​​រាល់​​ពេល​​មាន​ប្រើ​ប្រាស់​សារធាតុ​ទាំង​នេះ​។ ​ដូច្នេះ ​ជាតិ​​កាត់​ក្នុង​ផលិត​ផល​ទាំង​នោះ​មិន​រាល​ដាល​​ដល់​​ដៃ​ផ្ទាល់​ឡើយ ហើយ​ដៃ​របស់​អ្នក​ក៏​​​​មិន​ស្ងួត​ខ្លាំង​ដែរ។

រូបតំណាង

៣​. ​​កុំ​ស្ថិត​ក្នុង​កន្លែង​ត្រជាក់​រាល់​ថ្ងៃ

ខ្យល់​ត្រជាក់​អាច​ជា​រឿង​ល្អ​ធ្វើ​ឲ្យ​អ្នក​ស្រណុក​ស្រួល ​តែ​តាម​ពិត​ទៅ​វា​មាន​ផល​អវិជ្ជមាន​លើ​ស្បែក​​ផង​ដែរ។ ​សម្រាប់​អ្នក​ដែល​ធ្វើ​ការ​ក្នុង​បន្ទប់​ការិយាល័យ ​ឬ​ក៏​ទី​កន្លែង​មាន​សីតុណ្ហភាព​ត្រជាក់​​រាល់​ថ្ងៃ ​គប្បី​​មាន​​​​ឡេ​សម្រាប់​លាប​​ប្រអប់​ដៃ​នៅ​លើ​តុ​មួយ​ប្រអប់ ​ដើម្បី​លាប​ ព្រោះ​វា​ជួយ​បំ​ពេញ​សំណើម ​ទន់​រលោង​​ដល់​ស្បែក​ដៃ​បាន។ ​​អ្នក​ត្រូវ​លាប​ជា​រៀង​រាល់​ថ្ងៃ ចៀស​វាង​ហួស​ពេល​​ស្បែក​កាន់​តែ​ស្ងួត​ខ្លាំង។

រូបតំណាង

៤. ​​លាប​ឡេ ពេល​​​ឧស្សាហ៍​ធ្វើ​ក្រចក

ពិសេស​សម្រាប់​អ្នក​ឧស្សាហ៍​​ត​​ក្រចក គួរ​តែ​កុំ​ភ្លេច​លាប​ឡេ​ការពារ​ប្រអប់​ដៃ ព្រោះ​​ពេល​ធ្វើ​ក្រចក​គេ​តែង​ដាក់​ដៃ​របស់​អ្នក​ក្នុង​ប្រអប់​ម៉ាស៊ីន​ដើម្បី​ឲ្យ​ជែល​​ដែល​ត​នោះ​ឆាប់​ស្ងួត។ ម្ល៉ោះ​ហើយ ​អ្នក​​​គួរ​មាន​ឡេ​លាប​ដៃ​មួយ​ប្រអប់​តូច​ក្នុង​កាបូប ​ទុក​លាប​កុំ​ឲ្យ​ប្រេះ​ស្ងួត។

រូបតំណាង

៥. ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​លើ​ដៃ

​មិន​មែន​គ្រាន់​តែ​មុខ​និង​រាង​កាយ ​ដែល​អ្នក​គួរ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ​សូម្បី​ប្រអប់​ដៃ​ក៏​ត្រូវ​លាប​ដែរ។ លាប​ឡេ ​​ប៉ុន្តែ​កុំ​លាប​បាត​ដៃ ដូច្នេះ​ពេល​អ្នក​ចេញ​​ក្រៅ​ត្រូវ​កម្តៅ​ថ្ងៃ ​ស្បែក​មិន​ងាយ​​ខ្មៅ ស្រអាប់​និង​ស្ងួត​ឡើយ៕ ​​​

ចុចអាន៖ ​ សាច់​​ក្លៀក​ស​ម៉ត់​ស្មើ​នឹង​​ស្បែក​ដៃ ​តាម​រូបមន្ត​​ធម្មជាតិ​ ​​៣​បែប​

ប្រភព៖ jelly ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម