រឿង ៦ យ៉ាង ស្រីៗមិនគួរធ្វើ បើមិនចង់បំផ្លាញសុខភាពសុដន់

  • 2019-11-28 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុដន់​គឺ​ជា​ផ្នែក​សំខាន់​មួយ​ នៅ​លើ​រូបរាង​កាយ​របស់​មនុស្ស​ស្រី។ ដោយ​សារ​តែ​នៅ​បរិវេណ​នេះ ងាយ​នឹង​រង​​ប្រតិកម្ម​ផ្សេងៗ​ដូច​ជា រោល​រមាស់ ឬ​ឈឺ​ចុកចាប់​ជា​ដើម ដូច្នេះ​ហើយ​​មាន​​​ស្ត្រី​ដល់​ទៅ ៧០​% ដែល​បាន​ជួប​ប្រទះ​បញ្ហា​នេះ។ ការ​ថែរក្សា​​និង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​ ជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ ដើម្បី​​ការពារ​សុខភាព​សុដន់ ជាពិសេស​​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​​រឿង ៦ យ៉ាង​ដូច​ខាង​ក្រោម។

១. ដក​រោម

ជា​រឿង​ធម្មតា ដែល​អ្នក​ចង់​ឲ្យ​សុដន់​មើល​ទៅ​ស្អាត​ គ្មាន​រោម​រញ៉េរញ៉ៃ។ យ៉ាង​ណា​មិញ គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ល្អ ពុំ​ដូច្នោះ​ទេ​អ្នក​អាច​នឹង​ធ្វើ​ឲ្យ​សុដន់​ឈឺ​ចាប់​មិន​ខាន។ ការ​ដក​ដោយ​ប្រើ​ដង្កៀប ឬ​ផលិតផល​ជម្រុះ​រោម អាច​ធ្វើ​ឲ្យ​បរិវេណ​សុដន់​ទទួល​រង​ប្រតិកម្ម មាន​រោម​កប់ រួម​ទាំង​បញ្ហា​ផ្សេងៗ ។

អ្វី​ដែល​គួរ​ធ្វើ៖ កុំ​ជម្រុះ​រោម​ដោយ​ខ្លួន​ឯង ត្រូវ​ទៅ​ជួប​អ្នក​ជំនាញ​ដើម្បី​ធ្វើ​វា​ដោយ​សុវត្ថិភាព។

២. រត់​ហាត់​ប្រាណ​ដោយ​មិន​ពាក់​អាវ​ទ្រនាប់

មាន​ស្ត្រី​ជាង ៥០% ហើយ ដែល​ឈឺចាប់​សុដន់​ក្នុង​អំឡុង​ពេល​ហាត់​ប្រាណ។ សុដន់​អាច​នឹង​ប្រែប្រួល​រហូត​ដល់ ២១សង់ទីម៉ែត្រ​ នៅ​ពេល​ដែល​អ្នក​រត់​ឬ​លោត។ ហេតុ​នេះ​ហើយ​ បាន​ជា​អ្នក​ត្រូវ​ជ្រើស​រើស​ប្រភេទ​​អាវ​ទ្រនាប់​​ឲ្យ​ត្រូវ​តាម​ពេល​វេលា ដូច​ជា​សម្រាប់​​ពាក់​ហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​ផ្សេង និង​សម្រាប់​រត់​ផ្សេង​។

របៀប​ជ្រើស​រើស​អាវ​ទ្រនាប់​ឲ្យ​បាន​ត្រឹម​ត្រូវ៖

  • អាវ​ទ្រនាប់​មាន​ខ្នាត​ទាប មធ្យម និង​ទ្រ​ឲ្យ​ខ្ពស់​។ អ្នក​អាច​សាក​សួរ​ពី​អ្នក​លក់​បន្ថែម ដើម្បី​ដឹង​ច្បាស់​ថា​ប្រភេទ​ណា​ទើប​ស័ក្តិសម​ទៅ​នឹង​សកម្មភាព​ដែល​អ្នក​ធ្វើ​។

  • ទម្រង់​អាវ​ទ្រនាប់ គួរ​មាន​សភាព​ទន់​ស្រួល​ពាក់​និង​សម​ល្មម​ជាមួយ​នឹង​ទំហំ​សុដន់​របស់​អ្នក​។ មិន​ត្រូវ​ធូរ​រលុង​ឬ​រឹប​តឹង​ខ្លាំង​ពេក​ទេ។

  • អាវ​ទ្រនាប់​សម្រាប់​ពាក់​ហាត់​កីឡា អាច​ប្រើ​បាន​បន្ទាប់​ពី​អ្នក​បោក​គក់ ចាប់​ពី ៣០-៤០​ដង។

៣. ពាក់​អាវ​ទ្រនាប់​ខុស​ខ្នាត

  • ប្រសិន​បើ​អ្នក​ទិញ​អាវ​ទ្រនាប់​ខុស​ពី​ទំហំ​សុដន់​ អ្នក​​នឹង​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​ឈឺចាប់​ឬ​មិន​ស្រួល​ក្នុង​ខ្លួន។

  • របៀប​ជ្រើស​រើស​អាវ​ទ្រនាប់​សម្រាប់​ពាក់​ប្រចាំ​ថ្ងៃ​ឲ្យ​មាន​ផាសុកភាព៖

  • ទិញ​អាវ​ទ្រនាប់​ដែល​មិន​វៀច​ទៅ​ម្ខាង​ណា​នៃ​ដង​ខ្លួន​នៅ​ពេល​ពាក់ និង​មិន​ធ្វើ​ឲ្យ​ចុង​សុដន់​រឹប​ណែន​ខ្លាំង​ពេក​។

  • ខ្សែ​អាវ​គួរ​បន្ធូរ​ឲ្យ​សម​ល្មម​ ដោយ​មិន​ព្យាយាម​ទាញ​សុដន់​ឡើង​លើ​ខ្លាំង​ពេក។

  • ផ្លាស់​ប្តូរ​និង​សាក​ល្បង​អាវ​ទ្រនាប់​ឲ្យ​បាន​ច្រើន​ ដើម្បី​ដឹង​ថា​​ប្រភេទ​ណា​ អាច​ធ្វើ​ឲ្យ​អ្នក​មាន​ផាសុកភាព​​និង​ស័ក្តិសម​បំផុត។

៤. ចោះ​រន្ធ​នៅ​​ចុង​សុដន់

មនុស្ស​ស្រី​មួយ​ចំនួន​ ចូល​ចិត្ត​នឹក​ឃើញ​អី​ធ្វើ​ហ្នឹង ដោយ​មិន​បាន​គិត​ដល់​ហានិភ័យ​ទៅ​ថ្ងៃ​អនាគត។ អ្នក​ខ្លះ​នៅ​សុខ​ៗ​ស្រាប់​តែ​គិត​ចង់​ទៅ​ចោះ​​រន្ធ​នៅ​ចុង​សុដន់​​ដើម្បី​ពាក់​ក្រវិល។ ប៉ុន្តែ​វា​មិន​មែន​ជា​វិធី​ល្អ​ឡើយ ព្រោះ​ធ្វើ​បែប​នេះ​​​សុដន់​អាច​នឹង​​រង​ប្រតិកម្ម ឡើង​រោល និង​ឈឺ​ចុក​ចាប់​ជា​ដើម​។

៥. មិន​ផ្ដល់​សំណើម​ដល់​សុដន់

ភាគ​ច្រើន​អ្នក​តែង​តែ​លាប​ឡេ​​ផ្តល់​សំណើម​ស្បែក​មុខ​ដៃ ឬ​ជើង​ជា​ដើម ដោយ​ភ្លេច​គិត​ពី​ការ​​ថែទាំ​ចាំបាច់​​នៅ​បរិវេណ​សុដន់។ ដើម្បី​ការពារ​​ស្បែក​សុដន់​មិន​ឲ្យ​ឆាប់​ជ្រីវជ្រួញ​ និង​យារ​ធ្លាក់ អ្នក​គួរ​លាប​គ្រីម​ឬ​ឡេ​ផ្តល់​សំណើម​ជា​ប្រចាំ។

៦. យក​ក្រណាត់​រុំ​រឹត​បន្តឹង​សុដន់

ធ្វើ​បែប​នេះ​​អាច​បណ្តាល​ឲ្យ​សុដន់ឡើង​ជាំ​ឬ​ហើម និង​បង្ក​ការ​ឈឺ​ចាប់​ តឹង​ណែន នៅ​ពេល​ដែល​អ្នក​ប៉ះ។ ហេតុ​នេះ​ហើយ មុន​ពេល​ធ្វើ​អ្វី​មួយ​នៅ​​បរិវេណ​សុដន់ ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ល្អ​៕​

ចុចអានបន្ត៖ មនុស្ស ១២ រូប ផ្លាស់ប្តូររូបរាងសឹងមើលមិនស្គាល់ ត្រឹមរយៈពេល ១ ឆ្នាំ

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម