ឆ្លង​កាត់​ការ​ឈឺ​ចាប់​ច្រើន​ប៉ុណ្ណា​ មនុស្ស​ស្រី​នឹង​កាន់​តែ​រឹង​មាំ​ប៉ុណ្ណឹង

  • 2019-11-27 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​គិត​ថា ក្រោយ​ពេល​ឆ្លង​កាត់​ការ​ឈឺចាប់​ច្រើន មនុស្ស​ស្រី​នឹង​កាន់​តែ​ទន់​ជ្រាយ គិត​អ្វី​លែង​ត្រូវ​នោះ អ្នក​គិត​ខុស​ហើយ ដ្បិត​​ការ​ឈឺ​ចាប់​ទាំង​អស់​នឹង​បង្រៀន​ឲ្យ​គេ​ក្លាយ​ជា​មនុស្ស​ដែល​មិន​ងាយ​ចាញ់​នឹង​ព្រហ្មលិខិត។

រូបតំណាង

បើ​និយាយ​ថា​ជា​ស្ត្រី​មួយ​រូប​ទៅ​ហើយ គឺ​បាន​ឆ្លង​កាត់​នូវ​គ្រប់​រសជាតិ​ជីវិត​ទាំង​អស់ ដូច​ជា​សុភមង្គល ឈឺ​ចាប់ ខក​ចិត្ត គាំ​ទ្រូង នឹក​ឥត​ល្ហែ​។ គ្រាន់​តែ​ថា នារី​ពូកែ​លាក់​អារម្មណ៍​ខ្លួន​មិន​ឲ្យ​បង្ហាញ​ចេញ​តែ​ប៉ុណ្ណោះ ទោះ​បី​ជា​បេះដូង​ពួក​គេ​កំពុង​បែក​ជា​ចំរៀក​ក៏​ដោយ។ ស្នាម​ញញឹម​មួយ​តែង​នៅ​លើ​បបូរ​មាត់​នោះ​ជា​និច្ច ដើម្បី​ធ្វើ​ជា​ម៉ាស​បិទបាំង​បាន​យ៉ាង​ល្អ​នូវ​រាល់​ទុក្ខ​កង្វល់​របស់​ពួក​គេ ព្រោះ​នារី​ដែល​បាន​ឆ្លង​កាត់​រឿង​ច្រើន គេ​ដឹង​ច្បាស់​ថា ការ​យំ ឬ​ត្អូញត្អែរ​នៅ​លើ​បណ្ដាញ​សង្គម​នឹង​មិន​អាច​ជួយ​ដោះ​ស្រាយ​បាន​អ្វី​ទាំង​អស់។

រូបតំណាង

នៅ​ពេល​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ចាកចេញ​ទៅ បេះដូង​ដែល​​សឹករិចរិល​ហើយ​នោះ នឹង​ធ្វើ​ឲ្យ​មនុស្ស​ស្រី​កាន់​តែ​មោះមុត​ជាង​មុន។ ពួក​គេ​ប្រាប់​ខ្លួន​ឯង​ថា នឹង​មិន​ឲ្យ​បេះដូង​រំពឹង​អ្វី​ទៀត​ទាំង​អស់ មិន​ឲ្យ​ឈឺ​​ម្តង​ទៀត​នោះ​ទេ ព្រោះ​ពួក​គេ​ដឹង​ហើយ​ថា អ្វី​ដែល​ឆាប់​មក ក៏​នឹង​ឆាប់​ទៅ​វិញ​ដូច​គ្នា។

ឆ្លង​អស់​រឿង​ទាំង​នេះ គេ​ដឹង​ថា បើ​ស្រលាញ់​ខ្លាំង​ពេក លះបង់​ខ្លាំង​ពេក ពួក​គេ​នឹង​ត្រូវ​គេ​បោះបង់​ដោយ​គ្មាន​ស្ដាយ​ស្រណោះ។ សុខ​ចិត្ត​អាត្មានិយម​បន្តិច គិត​ពី​ខ្លួន​ឯង​ច្រើន​បន្តិច ទើប​បេះដូង​មួយ​នេះ​មិន​គ្រាំ​ខ្លាំង។

រូបតំណាង

និយាយ​បែប​នេះ មិន​មែន​មាន​ន័យ​ថា មនុស្ស​ស្រី​នឹង​ស៊ី​ខ្សែ​លើ លើ​មនោសញ្ចេតនា​របស់​គេ​ឡើយ គ្រាន់​តែ​ថា មុន​ពេល​សម្រេច​ចិត្ត​លើ​ស្នេហា​ណាមួយ ពួក​គេ​នឹង​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ជាង​កាល​ដែល​នៅ​មើល​ឃើញ​អ្វី​ក៏​ជា​ពណ៌​ស៊ី​ជម្ពូ។

សម័យ​ដែល​មនុស្ស​ស្រី​បរាជ័យ​រឿង​ស្នេហា​ប្រែ​ជា​ទន់​ខ្សោយ បាន​ក្លាយ​ជា​អតីតកាល​ទៅ​ហើយ នៅ​ពេល​នេះ ក្រោយ​ពេល​ដួល គ្មាន​អ្នក​ណា​លើក​ក៏​ពួក​គេ​អាច​ងើប​ឡើង​ដោយ​ខ្លួន​ឯង ហើយ​មាំ​ជាង​មុន​ទៀត​ផង៕

ចុចអាន៖ ​ ឆោត​បំផុត​ក្នុង​រឿង​ស្នេហា​គឺ​ទទួល​យក​ចំណងមនោសញ្ចេតនា​ដែល​មិន​ច្បាស់​លាស់

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម