នារី​គិត​ខ្លី​ទៅ​លោត​សម្លាប់​ខ្លួន​ពី​អគារ ១១​ជាន់ តែ​​បែរ​ជួប​រឿង​​ជា​ច្រើន​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​

  • 2019-11-22 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​នារី​ម្នាក់​បាន​សម្រេច​ចិត្ត​លោត​សម្លាប់​ខ្លួន​ពី​អគារ ១១ជាន់ ព្រោះ​​ភាព​អស់​សង្ឃឹម​ពី​អ្វី​ដែល​មិន​បាន​ដូច​ចិត្ត​របស់​នាង។

នៅ​ពេល​ធ្លាក់​ដល់​ជាន់​ទី​ ១០ នាង​បាន​ឃើញ​ប្ដី​ប្រពន្ធ​មួយ​គូ​កំពុង​ឈ្លោះ​គ្នា។

នៅ​ពេល​ធ្លាក់​ដល់​ជាន់​ទី ៩ នាង​បាន​ឃើញ​មិត្ត​របស់​នាង​កំពុង​យំ ទាំង​ដែល​ធម្មតា​គេ​ជា​មនុស្ស​រឹង​មាំ។

នៅ​ពេល​ធ្លាក់​ដល់​ជាន់​ទី ៨នាង​បាន​ឃើញ ប្រពន្ធ​ចាប់​បាន​ថា​ប្ដី​ក្បត់​ចិត្ត​ទៅ​គេង​ជាមួយ​មិត្ត​របស់​ខ្លួន។

នៅ​ពេល​ធ្លាក់​ដល់​ជាន់​ទី៧ នាង​បាន​ឃើញ​​មិត្ត​របស់​នាង​ម្នាក់​កំពុង​ញ៉ាំ​ថ្នាំ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ត។

នៅ​ពេល​ធ្លាក់​ដល់​ជាន់​ទី៦ នាង​បាន​ឃើញ​បុរស​ម្នាក់​បាត់បង់​ការងារ ហើយ​កំពុង​អាន​កាសែត​ស្វែង​រក​ការងារ។

នៅ​ពេល​ធ្លាក់​ដល់​ជាន់​ទី៥ នាង​បាន​ឃើញ​គ្រូ​បង្រៀន​ម្នាក់​កំពុង​លួច​ល​ឈុត​ក្នុង​របស់​ប្រពន្ធ។

នៅ​ពេល​ធ្លាក់​ដល់​ជាន់​ទី៤ នាង​បាន​ឃើញ​នារី​ម្នាក់​កំពុង​សុំ​​បែក​គ្នា​ជាមួយ​សង្សារ។

នៅ​ពេល​ធ្លាក់​ដល់​ជាន់​ទី៣ នាង​ឃើញ​បុរស​ចំណាស់​ម្នាក់​កំពុង​រង់​ចាំ​ឲ្យ​កូន​ចៅ​មក​លេង។

នៅ​ពេល​ធ្លាក់​ដល់​ជាន់​ទី២ នាង​ឃើញ​​កូន​ក្រមុំ​ទើប​រៀបការ​មើល​រូប​ស្វាមី​ដែល​បាត់​ខ្លួន​​ពី​រោង​ការ។

នៅ​មុន​នេះ នាង​គិត​ថា​​នាង​ជា​មនុស្ស​ដែល​សំណាង​អាក្រក់​ក្នុង​លោក ប៉ុន្តែ​ពេល​នេះ​នាង​ទើប​តែ​ដឹង​ថា គ្រប់​គ្នា​លើ​លោក​នេះ​សុទ្ធ​តែ​មា​ន​រឿង​កើត​ទុក្ខ​ខុស​ៗ​គ្នា។ ពេល​គិត​ឡើង​វិញ ទើប​ដឹង​ថា​នាង​នៅ​សំណាង​ជាង​ពួក​គេ​ទៅ​ទៀត។

គ្រប់ៗ​គ្នា​ដែល​នាង​​បាន​ឃើញ​អម្បាញ់មិញ​នេះ ពេល​នេះ​ពួក​គេ​ក៏​បាន​សម្លឹង​មក​នាង​ដោយ​ខ្សែ​ភ្នែក​តែ​មួយ ហើយ​ក៏​ប្រហែល​ជា​គិត​ដូច​គ្នា​ថា​ពួក​គេ​មាន​សំណាង​ដែល​មិន​គិត​ខ្លី​បែប​ហ្នឹង។

គ្រប់​ជីវិត​លើ​លោក​នេះ​សុទ្ធ​តែ​ត្រូវ​ប្រឈម​បញ្ហា និង​ក្ដី​ទុក្ខ​ទាំង​អស់។ ពេល​ខ្លះ​​យើង​អាច​គិត​ថា​យើង​កំពុង​ប្រឈម​​នឹង​អ្វី​ដែល​អាក្រក់​បំផុត ប៉ុន្តែ​នៅ​ពេល​សាក​ល្បង​​សម្លឹង​មើល​ខាង​ក្រៅ​ទើប​ដឹង​​​​ថា​​នៅ​មាន​អ្នក​ដែល​សំណាង​អាក្រក់​ជាង​​យើង​ទៅ​ទៀត។ ដូច្នេះ​ហើយ​ គួរ​ចេះ​រស់​នៅ​ដោយ​ស្កប់ស្កល់​ចិត្ត​ជាមួយ​ជីវិត​សាមញ្ញ និង​មាន​សង្ឃឹម។ ពេល​ខ្លះ​ជីវិត​អាច​​នឹង​មិន​បាន​ដូច​​អ្វី​ដែល​យើង​បាន​តាំង​ចិត្ត ព្រោះ​គ្មាន​អ្វី​ដែល​ស្ថិតស្ថេរ​រហូត​ទេ។ ការ​បាត់បង់​គឺ​គ្រាន់​តែ​ជា​រឿង​ធម្មតា​មួយ​ក្នុង​ជីវិត។​

យើង​អាច​នឹង​​មាន​ក្ដី​សុខ​បាន នៅ​ពេល​ចេះ​លែង​​ដៃ​ពី​ទុក្ខ​ខ្លះ។ ជីវិត​របស់​មនុស្ស​យើង​ខ្លី​ណាស់ កុំ​រវល់​តែ​ត្រាំត្រែង​ជាមួយ​រឿង​ខូច​ចិត្ត​អី។ គួរ​ប្រើ​​ជីវិត និង​បំពេញ​​តួនាទី​របស់​យើង​ឲ្យ​បាន​ល្អ​បំផុត ហើយ​គ្រប់​យ៉ាង​នឹង​មាន​ដំណោះស្រាយ​ដោយ​ឯកឯង។ សង្ឃឹម​ថា​អត្ថបទ​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ដែល​កំពុង​កើត​ទុក្ខ​ និង​រក​ផ្លូវ​ចេញ​មិន​ឃើញ អាច​ត្រលប់​មក​ក្រោក​ឈរ​ឡើង​វិញ និង​តស៊ូ​ម្ដង​ទៀត។ កញ្ញា សូម​ផ្ដល់​ជា​កម្លាំង​ចិត្ត ៕

ចុចអាន៖

ប្រភព៖ liekr ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម