រឿង​ពិត​របស់​នារី​២៥​ឆ្នាំ គ្មាន​អ្នក​ណាអាច​មើល​ពី​ខាង​ក្រៅ​ដឹង

  • 2019-11-21 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វ័យ​២៥​ឆ្នាំ​របស់​មនុស្ស​ស្រី​ គឺ​ជា​ពេលវេលា​ដែល​នាង​តែង​ដេក​ស្រមៃ​ថា​នឹង​មាន​ជីវិត​ស្នេហា​ដ៏​ស្រស់​បំព្រ​ង​មួយ និង​បាន​ដឹង​ពី​វិធី​ឆ្លង​កាត់​ព្យុះភ្លៀង​ដែល​នឹង​ត្រូវ​ជួប​ប្រទះ។

វ័យ​២៥​ឆ្នាំ នាង​តែង​តែ​ចង់​ប្រើ​ជីវិត​នេះ​ឱ្យ​បាន​សប្បាយ​រីករាយ ប៉ុន្តែ​ជួន​ការ​រស់​នៅ​ជាក់​ស្ដែង​គឺ​មិន​ដូច​អ្វី​ដែល​នាង​បាន​គិត​នោះ​ទេ។

នាង​មិន​មែន​ជា​សិស្ស​វិទ្យាល័យ​ដែល​​​នៅ​មាន​ការ​គិត​បែប​ក្មេង​វ័យ​ទៀត​ទេ។ នាង​ក៏​មិន​មែន​ជា​ក្មេង​ស្រី​ដែល​ទើប​តែ​ចាប់​ផ្ដើម​ដើរ​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​ដែរ។ មិន​ថា​តិច​ឬ​ច្រើន នារី​វ័យ​២៥​ឆ្នាំ ពិត​ជា​ធ្លាប់​ទទួល​បាន​បទពិសោធន៍​​ក្នុង​ជីវិត បាន​ស្គាល់​សន្ដាន​មនុស្ស​ច្រើន និង​ចេះ​ស្វែង​យល់​ពី​អ្វី​ដែល​បាន​កើត ដើម្បី​រៀប​ចំ​ផែនការ​អនាគត​សម្រាប់​ថ្ងៃ​មុខ។

វ័យ​២៥​ឆ្នាំ នាង​នៅ​តែ​ជ្រើស​រើស​នៅ​ម្នាក់​ឯង មិន​មែន​បាន​ន័យ​ថា​គ្មាន​អ្នក​ស្រលាញ់ ឬ​មិន​ទាន់​អាច​រក​បាន​បុរស​ល្អ​ម្នាក់​ដែល​មាន​ស្មា​រឹង​មាំ​សម្រាប់​ឱ្យ​នាង​ពឹង​ផ្អែក​នោះ​ទេ តែ​​គឺ​មក​ពី​នាង​យល់​ថា ខ្លួន​មិន​ទាន់​ត្រៀម​ខ្លួន​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​បាន​នៅ​ឡើយ និង​ត្រូវ​ការ​ពេលវេលា​ស្វែង​រក​អ្វី​ថ្មី​​សម្រាប់​ខ្លួន​ឯង​សិន​ប៉ុណ្ណោះ។

វ័យ​២៥​ឆ្នាំ នាង​ចាប់​ផ្ដើម​ផ្ដោត​ទៅ​លើ​ការ​ស្វែង​រក​មិត្ត​ប្រាកដ ហើយ​តិច​ជាង​កាល​ពី​នៅ​ក្មេង។ ទោះ​បី​ចំនួន​មិត្តភ័ក្ដិ​ចាប់​ផ្ដើម​ថយ​ចុះ​ជាង​ពី​មុន​ តែ​នាង​ពេល​នេះ​មិន​សំខាន់​ផ្ដោត​លើ​ភាព​ហ៊ឹកហ៊ាក់ ឡូយ​ឆាយ ឬ​ភាព​អ៊ូអរ​ជាមួយ​មិត្តភ័ក្ដិ​ឡើយ។ អ្វី​ដែល​នាង​ខ្លាច​នៅ​ពេល​នេះ​គឺ មិត្តភាព​និង​ស្នាម​ញញឹម​ក្លែង​ក្លាយ ដែល​អាច​បង្ក​គ្រោះថ្នាក់ និង​ប៉ះពាល់​ទំនាក់ទំនង​ទៅ​ពេល​ក្រោយ។

​អាយុ​២៥​ឆ្នាំ មនុស្ស​ស្រី​ចាប់​ផ្ដើម​ស្រែក​ឃ្លាន​បទពិសោធន៍​ផ្សេងៗ​ក្នុង​ជីវិត និង​ចង់​ធ្វើ​ខ្លួន​ឱ្យ​ក្លាយ​ទៅ​ជា​នារី​ពេញ​លក្ខណៈ មិន​ឡេះឡោះ​ដូច​ពី​មុន​ឡើយ៕

ចុចអាន៖ ពេល​ដល់​អាយុ​៣០​ឆ្នាំ បែក​បាក់​ស្នេហា ឬ​ឯកា​ក៏​មិន​គួរ​ឲ្យ​ខ្លាច​ដូច​អត់​លុយ

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម