បើអាការគិតច្រើនតាមលងបន្លាចអ្នកញឹកញាប់ពេក ទាំងនេះហើយជាអ្វីដែលគួរធ្វើ

  • 2019-11-19 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ទោះ​ជា​យើង​មិន​ចង់ ​តែ​គ្មាន​នរណា​ម្នាក់​អាច​ជៀស​ផុត​ពី​អាការៈ​ដ៏​គួរ​ឲ្យ​ស្អប់​មួយ​នេះ​បាន​ឡើយ ​វា​បាន​តាម​លង​បន្លាច​មនុស្ស​គ្រប់​គ្នា​ស្ទើរ​តែ​គ្រប់​ពេល។ ​ប៉ុន្តែ​យើង​ក៏​មិន​អាច​បណ្តែត​បណ្តោយ​ឲ្យ​អាការៈ​ធម្មជាតិ​នេះ​គ្រប​ដណ្តប់​លើ​យើង​ទាំង​ស្រុង​ដែរ ​ព្រោះ​នៅ​ថ្ងៃ​ណា​មួយ​យើង​អាច​នឹង​ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង​ខាង​ផ្នែក​ផ្លូវ​ចិត្ត។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​គួរ​ធ្វើ​ ប្រសិន​បើ​ការ​គិត​ច្រើន​កំពុង​វាយ​លុក​ក្នុង​ខួរ​ក្បាល​របស់​អ្នក៖

រូបតំណាង

**១. កុំ​ធ្វើ​ខ្លួន​ឲ្យ​នៅ​ទំនេរ៖** អាច​ថា​អ្នក​ប្រហែល​ជា​មិន​សូវ​មាន​ការងារ​ធ្វើ​ច្រើន​ហើយ ​ទើប​បាន​ជា​ខួរ​ក្បាល​អាច​គេច​វេស​ទៅ​គិត​រឿង​ផ្តេស​ផ្តាស​បាន។ ប៉ុន្តែ​បើ​អ្នក​ព្យាយាម​ធ្វើ​ការ​អ្វី​ផ្សេង​ដើម្បី​ឲ្យ​ខ្លួន​ឯង​រវល់ ​ការ​គិត​ច្រើន​ស្មុគ​ស្មាញ​បែប​នោះ ​ប្រហែល​ជា​នឹង​រសាយ​មួយ​គ្រា​ដែរ។

រូបតំណាង

២. ស្វែង​រក​ការ​គិត​បែប​វិជ្ជមាន៖ ក្នុង​លក្ខខណ្ឌ​ការងារ​ប្រចាំ​ថ្ងៃ ​ច្បាស់​ណាស់​ថា​យើង​អាច​ជួប​ទាំង​រឿង​ល្អ​និង​រឿង​អាក្រក់ ​តែ​សម្រាប់​អ្នក​ដែល​ឧស្សាហ៍​មាន​ទម្លាប់​គិត​ច្រើន​គួរ​តែ​ធ្វើ​មិន​ដឹង​មិន​ឮចំពោះ​ការងារកំប៉ិក​កំប៉ុក​មួយ​ចំនួន​ទៅ។ ​ចូរ​ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ពេញ​ចិត្ត​ហើយ​ស្វែង​រក​ការ​គិត​បែប​វិជ្ជមាន​មក​ដាក់​ខួរ​ក្បាល​វិញ។

៣. ធ្វើ​ឲ្យ​ខ្លួន​បាត់​ភាព​ភ័យ​ខ្លាច៖ មនុស្ស​មួយ​ចំនួន​ដែល​ចូល​ចិត្ត​គិត​ច្រើន ​សុទ្ធ​តែ​បង្កប់​ភាព​ភ័យ​ខ្លាច​នៅ​ជាប់​ខ្លួន។ អ្នក​ខ្លះ​ខ្លាច​ព្រោះ​រឿង​អតីតកាល ​ខ្លះ​ខ្លាច​បច្ចុប្បន្នភាព​ដែល​មិន​ជោគ​ជ័យ ​ខ្លះ​ទៀត​ខ្លាច​អនាគត​ដែល​មិន​ទាន់​មក​ដល់។ សម្រួម​កាយ​ចិត្ត​ឲ្យ​ល្អ​ប្រសើរ ដើរ​លេង​ឲ្យ​សប្បាយ​ចិត្ត ​ឈូស​ចោល​អ្វី​ដែល​សៅហ្មង​ចេញ ​ហើយ​រីករាយ​ជាមួយ​អ្វី​ដែល​ខ្លួន​កំពុង​មាន។

រូបតំណាង

៤. កុំ​ចាំ​តែ​ល្អ​ទើប​ធ្វើ៖ អ្នក​ខ្លះ​មាន​ទម្លាប់​គិត​ច្រើន​ព្រោះ​តែ​ចង់​ឲ្យ​ការងារ​ល្អ​គ្រប់​ដប់​ពេក ​ពួក​គេ​រង់​ចាំ​បណ្តើរ​គិត​បណ្តើរ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សម្ពាធ​កាន់​តែ​មាន​ច្រើន។

៥. ទុកពេល​ឲ្យ​ខ្លួន៖ អ្នក​អាច​ពិបាក​ចិត្ត​បាន ​គិត​ច្រើន​ចុះ​ តែ​សុំ​ឲ្យ​មាន​ពេល​វេលា​ត្រឹម​ត្រូវ។ មិន​មែន​ទោរ​ទន់​ទៅ​តាម​ចិត្ត​រហូត​បាត់​ភាព​រឹងមាំ​អស់​រលីងពី​ខ្លួន​ទេ ​ត្រូវ​កំណត់​ថា​ក្នុង​ពេល​ណា​មួយ​អ្នក​ត្រូវ​ក្រោក​ឈរ​ក្លាយ​ជា​ខ្លួន​ឯង​ដូច​ពី​មុន​ឡើង​វិញ៕

ចុចអាន៖ចំណាយពេលធ្វើរឿងតិចតួចទាំងនេះរាល់ថ្ងៃ អ្នកនឹងមានអារម្មណ៍ថាជីវិតមានន័យ

ប្រភព៖ hackspirit ប្រែសម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម