មិនចង់នាំមហារីកចូលខ្លួន គួរជៀសវាងញ៉ាំអាហារ ៨ មុខនេះ

  • 2019-11-18 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​នឹង​ញ៉ាំ​អាហារ​អ្វី​មួយ​ចូល​ក្នុង​ពោះ យ៉ាង​ហោច​ណាស់​គួរ​គិត​ពី​ហានិភ័យ​​គ្រោះថ្នាក់​ចំពោះ​សុខភាព​ជា​មុន​សិន​ដែរ​។ គិត​តែ​ឆ្ងាញ់​មាត់​មួយ​ពេល ប៉ុន្តែ​បើ​ថ្ងៃ​ក្រោយ​កើត​ជំងឺ​ផ្សេងៗ​នឹក​ស្មាន​មិន​ដល់​ អ្នក​​នឹង​​​នាំ​ទុក្ខ​ឲ្យ​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ​ខ្លាំង​បំផុត។ សព្វ​ថ្ងៃ​នេះ ជំងឺ​មហារីក​ កំពុង​តែ​​វាយលុក​យ៉ាង​សាហាវ សឹង​តែ​គ្រប់​វ័យ តាម​រយៈ​របៀប​របប​នៃ​ការ​រស់​នៅ​និង​ចំណី​អាហារ។ ដើម្បី​​ជៀស​ឆ្ងាយ​ពី​ជំងឺ​កាច​សាហាវ​ទាំង​នោះ មាន​ចំណី​អាហារ​មួយ​​ចំនួន​ដែល​អ្នក​មិន​គួរ​​​ញ៉ាំ​ទាល់​តែ​សោះ។

​​​​​​​​​១. នំបុ័ង​ប៊ឺហ្គឺ ស្ករ​គ្រាប់ នំ​ខេក ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ និង​អាហារ​បំពង​ខ្លាញ់​​​​​​​​​​​

​អាហារ​ទាំង​នេះ កាន់​តែ​ញ៉ាំ​កាន់​តែ​ជក់ ប៉ុន្តែ​វា​អាច​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​រាង​កាយ ពិសេស​​វា​មាន​គ្រឿង​ផ្សំ​​ដែលជា​សារធាតុ​គីមី​ មិន​មែន​ចេញ​ពី​ធម្មជាតិ។ ក្រៅ​ពី​ការ​ផ្សព្វ​ផ្សាយ មើល​ទៅ​ទំនង​ឆ្ងាញ់​ហើយ ផលិតផល​ទាំង​នោះ​ក៏​បាន​បន្ថែម​រសជាតិ​​ហឹរ​ ពណ៌ ក្លិន​ រួមទាំង​សារធាតុ​ដែល​អាច​ទុក​​បាន​យូរ។ លើស​ពី​នេះ​ទៅ​ទៀត គ្រប់​អាហារ​​ដែល​បំពងប្រើ​​ខ្លាញ់​ច្រើន ប្រើ​កម្តៅ​ក្តៅ អាច​បញ្ចេញ​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះ​ថា​ acrylamide បណ្តាល​ឲ្យ​​មាន​គ្រោះថ្នាក់​ដល់​សុខភាព​។​ ​

​​​​​​​​​២. បារី​​​​​​​​​​

បារី​ក៏​​អាច​ចាត់​ទុក​ជា​អាហារ​ដែល​ធ្វើ​ឲ្យ​អ្នក​ញៀន​ ពិបាក​ផ្តាច់​។ វា​មាន​ផ្ទុក​ជាតិ​ពុល​ដល់​ទៅ​ជាង ៧០០០ ប្រភេទ។ យោង​តាម​ការ​សិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បង្ហាញ​ថា ក្នុង​ចំណោម​​​សារធាតុ​គីមី​ទាំង​អស់​ក្នុង​បារី យ៉ាង​ហោច​ណាស់​មាន​៦០​ប្រភេទ ដែល​អាច​បង្ក​ទៅ​ជា​មហារីក​។ សូម្បី​មិន​ជក់​ក៏​ដោយ គ្រាន់​តែ​ស្រូប​យក​ផ្សែង​បារី​ចូល អ្នក​​អាច​មាន​គ្រោះថ្នាក់ លើស​ពី​អ្នក​ជក់​ដល់​ទៅ​៥​ដង។​

​​​​​​​​​​៣. អាហារ​កំប៉ុង ឬ​វេច​ខ្ចប់​ស្រាប់​​​​​​​​​​​

​តាម​ការ​​ចុះ​ផ្សាយ​ក្នុង សារព័ត៌មាន​នៃ​ការ​សិក្សា​បរិស្ថាន បាន​បង្ហាញ​ថា អាហារ​កំពុង​ភាគ​ច្រើន ផ្ទុកសារធាតុ​ម្យ៉ាង​ឈ្មោះ  bisphenol-A (BPA) ដែល​អាច​ចូល​ទៅ​បំផ្លាញ DNA និង​ធ្វើ​ឲ្យ​អ្នក​ប្រឈម​ជាមួយ​នឹង​ការ​កើត​មហារីក និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​២។ ពេល​ទិញ​អាហារ​កំប៉ុង​ឬ​កញ្ចប់ គួរ​មើល​ផលិតផល​ដែល​អក្សរ​ដាក់​ថា (BPA-free ) ឬ​យល់​ល្អ​គួរ​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក បាន​បង្ហាញ​ទៀត​ថា រាងកាយ​ពិត​ជា​ពិបាក​កិន​រំលាយ​ខ្លាំង​ណាស់​ នៅ​ពេល​ដែល​អ្នក​ញ៉ាំ​មី​កំប៉ុង ពិសេស​រាង​កាយ​នឹង​ខ្វះ​ជីវជាតិ​ចាំ​បាច់​និង​ជាតិ​ដែក ប្រសិន​បើ​​​ញ៉ាំ​ជា​ប្រចាំ។​​

​​​​​​​​​៤. អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់​​​​​​​​​​​

ផ្អែក​លើ​ការ​សិក្សា​ថ្មីៗ នៅ​អាមេរិក​និង​ជប៉ុន បាន​បញ្ជាក់​ថា បើ​អ្នក​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ សុខភាព​អាច​នឹង​មាន​គ្រោះ​ថ្នាក់​ផ្សេងៗ​ដូច​ជា ជំងឺ​សរសៃឈាម​បេះដូង កម្រិត​នៃ​ការ​រោល​រលាក​កើន​ឡើង ស្បែកឆាប់​ចាស់​មុន​វ័យ និង​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​អារម្មណ៍​។ មិន​តែ​ប៉ុណ្ណោះ ជាតិ​ស្ករ​ក្នុង​ខ្លួន​ខ្ពស់​ពេក ក៏​ជា​ហេតុ​បណ្តាល​ឲ្យ​កកើត​កោសិកា​មហារីក​ដែរ​។

​​​​​​​​​​៥. គ្រឿង​ស្រវឹង​​​​​​​​​​

​​​​គ្រឿង​ស្រវឹង គឺ​ជា​ភេសជ្ជៈ​ដែល​អាច​ផ្តាច់​ជីវិត​ចំណាត់​ថ្នាក់​លេខ​ដប់ ក្នុង​ចំណោម​ភេសជ្ជៈ​ដទៃ​ទៀត​លើ​ពិភពលោក​។ វា​ជាប់​ចំណាត់​ថ្នាក់​លេខ​៤ ជា​ហេតុ​​​បង្ក​ឲ្យ​កើត​មហារីក​រហូត​ដល់​ស្លាប់​ ដោយ​សារ​ដាច់​សរសៃ​ឈាម​បេះដូង ទឹក​នោម​ផ្អែម ប្រព័ន្ធ​រំលាយ​​អាហារ​រួម​ទាំង​ជំងឺ​ជា​ច្រើន​ផ្សេង​ទៀត​។

​​​​​​​​​​​​៦. អាហារ​ដែល​ងាយ​នឹង​ដុះ​ផ្សិត​​​​​​​​​​

អាហារ​ដែល​ងាយ​នឹង​ដុះ​ផ្សិត ឬ​ជូរ​ផ្អូម អាច​នឹង​មាន​ផ្សិតពណ៌​បៃតង​នៅ​ទុំ​ជាប់ និង​អាច​ផលិត​អេផ្លាតុកស៊ីន (aflatoxin) ដែល​ជា​សារធាតុ​ពុល បង្ក​គ្រោះ​ថ្នាក់​ដល់​រាង​កាយ​ទាំង​មូល​ ពិសេស​គឺ​ថ្លើម​តែ​ម្តង​។

​​​​​​​​​​៧. អាហារ​​ក្រៀម​ឬ​ខ្លោច​​​​​​​​​​

​អាហារ​ដែល​ក្រៀម​ឬ​ខ្លោច បាន​ផលិត​សារធាតុ​​បង្ក​មហារីក​ម្យ៉ាង​ឈ្មោះ​​ថា acrylamide។ ចំណែក​ឯ​ផ្សែងចេញ​ពី​​​ភ្លើង​ឬ​ធ្យូង ដែល​ហើរ​ជាប់​លើ​អាហារ អាច​ចូល​ទៅ​បំផ្លាញ​ DNA នៃ​ថ្លើម ក្រពះ និង​បណ្តាល​ឲ្យ​កើត​មហារីក​ទៀត​ផង​។​

​​​​​​​​​​៨. ​អាហារ​កខ្វក់​​​​​​​​​​

ពពួក​​អាហារ​​កខ្វក់​ គ្មាន​អនាម័យ​ បាន​ចម្លង​មេរោគ បង្ក​ជា​មហារីក​ និង​សម្លាប់​ជីវិត​មនុស្ស​អស់​ជា​ច្រើន​នាក់​ក្នុង​មួយ​ឆ្នាំ ៗ​។ អាហារ​ទាំង​នោះ​រួមមាន បន្លែ​ផ្លែ​ឈើ​ ដែល​ប្រើ​គីមី គ្រឿង​ក្នុង​សត្វ​គ្រប់​ប្រភេទ ស្បែក​សត្វ ភេសជ្ជ​គ្មាន​ស្តង់ដារ...ពេល​ចូល​ទៅ​ក្នុង​រាង​កាយ វា​នឹង​មាន​ប្រតិកម្ម​ផ្សេង​ៗ ដូច​ជា​បញ្ចេញ​ជាតិ​ពុល ប៉ះពាល់​ការ​រំលាយ​អាហារ រាគរូស។ បើ​អ្នក​​ញ៉ាំ​វា​ក្នុង​រយៈ​ពេល​យូរ អ្នក​នឹង​ប្រឈម​ខ្លាំង​នឹង​ជំងឺ​មហារីក រហូត​អាច​បាត់​បង់​ជីវិត​ទៀត​ផង៕​​

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម