ពេល​ព្រលឹម ក្រោក​ពី​ដំណេក ​ស្រ្តី​គួរ​ធ្វើ​រឿង​៧យ៉ាង​នេះ

  • 2019-11-18 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណា​ៗ​ក៏​ចង់​មាន​អារម្មណ៍​ស្រស់​ស្រាយ​ពេញ​មួយ​ថ្ងៃ​ដែរ​មែន​ទេ? បើ​ថែម​ទាំង​អាច​ជា​ជំនួយ​ផ្នែក​សុខភាព​ទៀត​ កាន់​តែ​ល្អ​មែន​ទេ? អស់​បារម្ភ​ហើយ​ថា​ត្រូវ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​ដោយ​របៀប​ណា​ ទើប​អាច​ជួយ​សុខភាព ហើយ​អាច​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ល្អ​ពេញ​មួយ​ថ្ងៃ​ទៀត។ ៧ ចំណុច​នេះ​នឹង​ជួយ​ដោះ​ស្រាយ​ចម្ងល់​របស់​អ្នក៖

១. ភ្ញាក់​ពី​ព្រលឹម

រូបតំណាង

ជា​ការ​ពិត​ណាស់​ អ្នក​ណា​ក៏​ចង់​គេង​ឱ្យ​បាន​យូរ​ដែរ យូរ​កាល​ណា​ ល្អ​កាល​ហ្នឹង តែ​តាម​ការ​ស្រាវ​ជ្រាវ ការ​ភ្ញាក់​ពី​ព្រលឹម​ មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​សុខភាព​របស់​អ្នក​។ ការ​ភ្ញាក់​ពី​ព្រលឹម​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​សប្បាយ​ចិត្ត និង​ ស្រស់​ស្រាយ​ជាង​មុន​ ជួយ​ជម្រុញ​ប្រព័ន្ធ​ភាព​សុំា​របស់​អ្នក ជួយ​ឱ្យ​អ្នក​បំពេញ​ការងារ​បាន​ប្រសើរ និង​ ជួយ​រក្សា​ទម្ងន់​របស់​អ្នក​ទៀត​ផង។ ដូចនេះ អ្នក​គួរ​ចាប់​ផ្តើម​ទម្លាប់ ចូល​គេង​ពី​ព្រលប់ ហើយ​ភ្ញាក់​ពី​ព្រលឹម​វិញ​ម្តង​ដើម្បី​សុខភាព​។

២. ព្យាយាម​កុំ​បិទ​ម៉ោង​រោទិ៍

រូបតំណាង

ការ​ដែល​អ្នក​តែង​តែ​បិទ​នូវ​ម៉ោង​រោទិ៍​ចោល វា​នឹង​បង្កើត​ជា​ទម្លាប់។ ការ​ទម្លាប់​ធ្វើ​ដូច​នេះ វា​ហាក់​បី​ដូច​ជា​ អ្នក​កំពុង​ផ្តល់​ឱកាសឱ្យ​រាង​កាយ​របស់​អ្នក​បង្កើត​នូវ​ វដ្ដ​ដំណេក ជា​ថ្មី​ម្តង​ទៀត​​​។ ដូច្នេះ​ហើយ​ទើប​ពេល​អ្នក​ភ្ញាក់​ឡើង​ម្តង​ទៀត វា​ធ្វើ​ឱ្យ​អ្នក​មាន​អា​រម្មណ៍​ថា អ្នក​មិន​បាន​គេង​គ្រប់​គ្រាន់​ ហើយ​នឹង​អាច​ប៉ះ​ពាល់​ដល់​ស្មារតី និង អារម្មណ៍​អ្នក​ពេញ​មួយ​ថ្ងៃ​ទៀត​ផង។

៣. ពិសារ​ទឹក​ឱ្យ​បាន​មួយ​កែវ​ធំ

រូបតំណាង

បើ​គិត​ទៅ អ្នក​តែង​ផឹក​ទឹក​យ៉ាង​ញឹកញាប់​ពេញ​មួយ​ថ្ងៃ ចុះ​ទម្រាំ​រាង​កាយ​របស់​អ្នក​មិន​បាន​ទទួល​ជាតិ​ទឹក​ចូល​ខ្លួន​អស់​រយៈ​ពេល ១​យប់​ ? ថា​តើ​វា​ខ្វះ​ជាតិ​ទឹក​យ៉ាង​ណា​ នៅ​ពេល​ព្រឹក? ដូចនេះ ក្រោយ​ពេល​អ្នក​ភ្ញាក់​ពី​គេង​ភ្លាម អ្នក​គួរ​ផឹក​ទឹក​ឱ្យ​បាន​ ១​កែវ ដើម្បី​ផ្តល់​ជាតិ​ទឹក​ឱ្យ​រាង​កាយ​វិញ។ ការ​សិក្សា​បាន​បញ្ចាក់​ថា ការ​ផឹក​ទឹក​ចំណុះ ៥០០ មីលីលីត្រ ពេល​ព្រលឹម ជួយ​ដល់​ការ​រំលាយអាហារ​របស់​អ្នក​រហូត​ទៅ​ដល់​ ៣០% ឯណោះ។

៤. សមាធិ

រូបតំណាង

អ្នក​គួរ​យក​ពេល​ ១០​នាទី​ ដែល​អ្នក​បិទ​ម៉ោង​រោទិ៍​ហើយ​គេង​វិញ​នោះ មក​ជំនួស​ដោយ​ការ​សមាធិ​វិញ។ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ការ​អនុវត្ត​នូវ​ការ​សមាធិ​ពេល​ព្រឹក​ គឺ​មាន​អត្ថ​ប្រយោជន៍​ច្រើន​សម្រាប់​រាង​កាយ​ដូច​ជា៖ ជួយ​បំបាត់​ការ​ស្រ្តេស​ ជួយ​គ្រប់​គ្រង​ជម្ងឺ​ថប់​អារម្មណ៍ ជួយ​បង្កើន​នូវ​ផលិតភាព ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​ហាត់ប្រាណ និង ជួយឱ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ថ្លា។

៥. បរិភោគ​អាហារ​ពេល​ព្រឹក​ដែល​ល្អ​សម្រាប់​សុខភាព

រូបតំណាង

ពិត​ណាស់ អ្នក​មិន​អាច​រំលង​ការ​ញុំា​អាហារ​ពេល​ព្រឹក​បាន​ទេ ព្រោះ​វា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​រាង​កាយ។ អ្នក​គួរ​ជ្រើស​រើស​អាហារ​ដែល​មាន​ជាតិ​ ប្រូតេអ៊ីន និង​ ជាតិ​កាក​សរសៃ​ ឱ្យ​បាន​ច្រើន​នៅ​ពេល​ព្រឹក។ ជាតិ​ប្រតេអ៊ីន​អាច​ជួយ​ដល់​ ការ​សម្រក​ទម្ងន់ ជាពិសេស​ជាតិ​ខ្លាញ់​ក្បាល​ពោះ ជួយ​ដល់​ការ​រំលាយអាហារ និង​ ជួយ​ឱ្យ​អ្នក​ឆ្អែត​បាន​យូរ។ អាហារ​ពេល​ព្រឹក​ដែល​ល្អ​សម្រាប់​សុខភាព​គួរ​មាន​ធាតុ​ផ្សំ​ដូចជា នំបុ័ង​ ផ្លៃ​បឺរ និង​ពងមាន់ ជាដើម​។

៦. គួរ​ធ្វើ​ចលនា​រាងកាយ

រូបតំណាង

ចំណុច​នេះ​គឺ​ស​ម្រាប់​អ្នក​មាន​ពេល​គ្រប់​គ្រាន់​ពេល​ព្រឹក​។ អ្នក​គួរ​ឈ្លៀត​ពេល​ភ្ញាក់​ពី​ព្រលឹម​ ហើយ​ធ្វើ​លំហាត់​ប្រាណ​តិច​តួច​ ដើម្បី​សម្រួល​ចលនា​សាច់​ដុំ ដែល​មិន​បាន​ដំណើរការ​ពេញ​មួយ​យប់។ ការ​ហាត់​ប្រាណ​ ឬ​ ធ្វើ​ចលនា​ពេល​ព្រឹក​នេះ នឹង​ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​ល្អ និង​ ស្រស់​ស្រាយ ហើយ បំបាត់​សភាព​ខ្ជិល​ច្រអូស​ពេល​ព្រឹក​ផង​ដែរ។

៧. គួរ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លះ

រូបតំណាង

​ការ​សិក្សា​បានបង្ហាញ​ថា​ រាង​កាយ​របស់​យើង ត្រូវ​ការ​ពន្លឺ​ធម្មជាតិ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ពេល​វេលា។​ បើ​រាង​កាយ​របស់​អ្នក​មិន​បាន​ទទួល​យក​នូវ​ពន្លឺ​ថ្ងៃ វា​នឹង​អាច​ដំណើរការ​ខុស​ប្រក្រតី​ទៅ​តាម​ពេល​វេលា អាច​បង្ក​ជា​បញ្ហា​ងងុយខុស​ម៉ោង ឬ បញ្ហា​ការ​រំលាយ​អាហារ​ជាដើម​។ គួរ​បញ្ចាក់​ផង​ដែរ​ថា ពន្លឺ​ថ្ងៃ​ម៉ោង​៨​ព្រឹក ដល់១២​ថ្ងៃ គឺ​ល្អ​សម្រាប់​អ្នក៕

អានបន្ត៖ អាហារ​ ៨ មុខ​​ជួយ​ដល់​ការ​ចង​ចាំ​ និង ស្មារតី​របស់​អ្នក

ប្រភព៖ Womenshealth ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម