មនុស្ស​ដែល​យើង​ស្រលាញ់ ​និង​ មនុស្ស​ដែល​ស្រលាញ់​យើង

  • 2019-11-15 06:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្ត​នារីៗ​ដែល​ជួប​ប្រទះ​ដែរ​ទេ នូវ​វេលា​ដ៏​សែន​ពិបាក​មួយ​នេះ? ពេល​វេលា​បាន​ឱ្យ​ស្គាល់​គ្នា​ជាមួយ​មនុស្ស​ពីរ​នាក់ ដែល​ម្នាក់​ជា​មនុស្សដែល​អ្នក​ស្រលាញ់​ ឯ​ម្នាក់​ទៀត​ជា​មនុស្ស​ដែល​ស្រលាញ់​អ្នក។ ដែល​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​ចិត្ត​មួយ​ហ្នឹង​ចេះ​តែ​ស្រលាញ់​មនុស្ស​ដែល​គ្មាន​ចិត្ត​មក​លើ​ខ្លួន​ ហើយ​បែរ​ជា​មិន​ត្រូវ​ការ​មនុស្ស​ដែល​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​អ្នក​ទៅ​វិញ? ហើយ​ដែល​ឆ្ងល់​ដែរ​ទេ​ថា ហេតុ​អ្វី​ក៏​ពួក​គេ​មិន​មែន​ជា​មនុស្ស​តែ​មួយ?

សំណួរ​សួរ​ថា តើ​អ្នក​គួរ​ជ្រើស​រើស​ម្នាក់​ណា?

មនុស្ស​ដែល​ស្រលាញ់​អ្នក

រូបតំណាង

ប្រសិន​បើ​អ្នក​ជ្រើស​រើស​យក​មនុស្ស​ដែល​គេ​ស្រលាញ់​អ្នក​ ម្លោះ​គេ​នឹង​ស្ម័គ្រចិត្ត​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​អ្នក​។ បុរស​ម្នាក់​នោះ​នឹង​ ចំណាយ​ពេល​វេលា​ជាមួយ​អ្នក​ ថ្នាក់​ថ្នម​អ្នក​ យកចិត្ត​ទុកដាក់​ជាមួយ​អ្នក​ ហើយ​នឹង​ធ្វើ​អ្វីៗ​តាម​ចិត្ត​អ្នក​។ ទោះ​បី​ជា​នេះ ​គឺ​ជា​អ្វី​ដែល​គេ​នឹង​ធ្វើ​សម្រាប់​អ្នក​ក៏​ដោយ ចុះ​អ្នក​? អ្នក​ចង់​ទទួល​អំពើ​ល្អ​ទាំង​អស់​នេះ​ពី​មនុស្ស​ម្នាក់​នោះ​ទេ? អ្នក​នឹង​សប្បាយ​ត្រកអរ​ អំពី​​ក្តី​ស្រលាញ់​ដែល​គេ​ផ្តល់​ឱ្យ​អ្នក​ទេ? ឬ​វា​គ្រាន់​ជា​ក្តី​អាណិត ? អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា​ តើ​ក្តី​អាណិត​នោះ​វា​នឹង​ស្ថិត​នៅ​រហូត​ដល់​ពេល​ណា? បើ​អ្នក​ដឹង​ថា អ្នក​នឹង​មិន​អាច​ផ្តល់​ជា​ក្តី​ស្រលាញ់​ឱ្យ​គេ​វិញ​ទេ គួរ​បញ្ឈប់​ត្រឹម​នេះ​ល្អ​ជាង។

មនុស្ស​ដែល​អ្នក​ស្រលាញ់

រូបតំណាង

ប្រសិន​បើ​អ្នក​ជ្រើស​រើស​យក​មនុស្ស​ដែល​អ្នក​ស្រលាញ់ ម្លោះ​អ្នក​នឹង​ដើរ​តួ​ជា​បុរស​ខាង​លើ​វិញ​ម្តង គឺ​អ្នក​នឹង​ព្រម​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​គេ ដូច​ដែល​បុរស​ម្នាក់​ទៀត​ធ្វើ​ដាក់​អ្នក។ អ្នក​នឹង​លះបង់​ពេលវេលា​ឱ្យ​គេ​ ព្យាយាម​យក​ចិត្ត​គេ​ រហូត​ដល់​អ្នក​អាច​មាន​អារម្មណ៍​ថា​ហត់ នោះ​អ្នក​នឹង​គិត​ថា ហេតុ​អ្វី​ធ្វើ​បែប​នេះ​ហើយ​នៅ​តែ​មិន​គ្រប់​គ្រាន់​ទៀត​? តែ​យ៉ាង​ណា​អ្នក​នៅ​ទ្រាំ​ព្រោះ​គេ​ជា​មនុស្ស​ដែល​បេះដូង​អ្នក​ត្រូវ​ការ។

សរុប​សេចក្តី​មក​ ចម្លើយ​គឺ​ថា អ្នក​គួរ​រង់ចាំ​ ជ្រើសរើស​មនុស្ស​ដែល​ស្រលាញ់​អ្នក​ហើយ​អ្នក​ក៏​ស្រលាញ់​វិញ​ផង​ដែរ​។ ស្នេហា​មិន​អាច​បង្ខំ​បាន​នោះ​ទេ មិន​ថា​អ្នក​ឬគេ​នោះ​ទេ បើ​គ្មាន​ចិត្ត​លើ​គេ​ហើយ​ ទោះ​គេ​ល្អ​រាប់​រយ​ដង​ទៀត​ក៏​មិន​អាច​ផ្តល់​ក្តី​ស្រលាញ់​ឱ្យ​បាន​ដែរ។ មនុស្ស​លើ​លោក​នេះ​មិន​មែន​មាន​តែ បុរស​ពីរ​រូប​នោះ​ទេ ដូចនេះ​ អ្នក​មិនចាំ​បាច់​ត្រូវ​តែ​ជ្រើស​មួយ​ក្នុង​ចំណោម​ពួក​គេ​នោះ​ទេ​ហើយ​ត្រូវ​ជឿជាក់​ថា​ ពេលវេលា​នឹង​ផ្តល់​ឱ្យ​អ្នក​នូវ​មនុស្ស​ដែល​សាកសម និង​នៅ​ពេល​មួយ​ដែល​សាកសម៕

រូបតំណាង
រូបតំណាង
រូបតំណាង

អានបន្ត៖ ចង់​បំភ្លេច​មនុស្ស​ម្នាក់​ត្រូវ​យក​មនុស្ស​ម្នាក់​ទៀត​មក​ជំនួស​?

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម