ផ្លាស់ប្ដូរ​ខ្លួន​ឯង​ពី​មនុស្ស​ស្រី​គួរ​ឲ្យ​ធុញ​ ទៅ​ជា​នារី​ដ៏​ទាក់ទាញ​ម្នាក់​ តាម​វិធី​នេះ

  • 2019-11-15 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​មាន​អារម្មណ៍​ខ្លួន​ឯង​ជា​មនុស្ស​ម្នាក់​ដ៏​គួរ​ឲ្យ​ធុញ​អត់? ជីវិត​ពី​មួយ​ថ្ងៃ​ដដែលៗ​គ្មាន​អី​ផ្លាស់​ប្ដូរ ហើយ​អាយុ​វិញ​កាន់​តែ​ច្រើន​ទៅ​ៗ។ ធ្លាប់​ចង់​ផ្លាស់​ប្ដូរ​ដែរ​ត្រូវ​អត់​ តែ​ពេល​ខ្លះ​មិន​ដឹង​ថា​ត្រូវ​ផ្លាស់​ប្ដូរ​ពី​ណា​ទៅ​ណា ហើយ​ពេល​ខ្លះ​ក៏​មានអារម្មណ៍​ថា​ខ្ជិល ចេះ​តែ​បណ្ដោយៗ​ទៅ។ បើ​អ្នក​ពិត​ជា​ចង់​ផ្លាស់ប្ដូរ​ខ្លួន​ឯងមែន​ខាងក្រោម​នេះ​ជា​ចំណុច​ដែល​អ្នក​គួរ​ចាប់​ផ្ដើម ៖

១.ផ្លាស់ប្ដូរ​របៀប​រៀបចំ​ខ្លួន

ធ្លាប់​តែ​ចូលចិត្ត​ស្លៀក​ខោ អាវ​យឺត​គ្រប់​ពេល​ចេញ​ក្រៅ​មែន​ទេ? គួរ​តែ​សាក​ផ្លាស់ប្ដូរ​របៀប​ស្លៀកពាក់​ហើយ អ្នក​គួរ​តែ​សាក​ស្លៀក​សំពត់ ជាមួយ​អាវ​សាច់​ក្រណាត់ ឬ​ក៏​ស្លៀក​រ៉ូប​បែប​សាមញ្ញៗ​ដែល​មើល​ទៅ​បែប​មនុស្ស​ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់។ អ្នក​នឹង​ឃើញ​ពី​ភាព​ខុសគ្នា​នៃ​រូបរាង​របស់​អ្នក នៅ​ពេល​អ្នក​ផ្លាស់​ប្ដូរ​ការ​ស្លៀកពាក់។

រូបតំណាង

**២. Make up តិចៗ**

ការ​ Make up ពិត​ជា​ជួយ​ឲ្យ​មនុស្ស​ស្រី​មាន​ការ​ប្រែប្រួល​ច្រើន​ណាស់ តែ​កុំ​ប្រើ​ការ Make up ឲ្យ​បាត់បង់​ធម្មជាតិ​អ្នក​អី។ គួរ​តែ​រៀន​តែងខ្លួន​ខ្លះ​ ព្រោះ​វា​អាច​ឲ្យ​អ្នក​ស្អាត​ជាង​ធម្មតា ហើយ​មើល​ទៅ​ស្រស់​ថ្លា​ជាង​មិន ដូច្នេះ​បើ​អ្នក​មិន​ដែល​តែង​ខ្លួន​សោះ គួរ​តែ​ចាប់​ផ្ដើម​ហើយ។

៣. បើ​កចិត្ត​ឲ្យ​ទូលាយ​ចូល​ក្នុង​សង្គម​ឲ្យ​បាន​ច្រើន

បើ​អ្នក​នៅ​តែ​មួយ​កន្លែង​អ្នក​គ្មាន​ឃើញ​អ្វី​ប្លែក​នោះ​ទេ ហើយ​ការ​រីកចម្រើន​អ្នក​ក៏​យឺត​ជាង​គេ​ដែរ។ បើ​អ្នក​ជា​មនុស្ស​ស្រី​មិន​សូវ​និយាយ​ស្ដី អ្នក គួរ​ចាប់​ផ្ដើម​និយាយ​ទៅ​កាន់​មនុស្ស​ជុំ​វិញ​ខ្លួន​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន។ គួរ​តែ​កុំ​ទម្លាប់​នៅ​ផ្ទះ ឬ​នៅ​មួយ​កន្លែង​អី គួរ​តែ​ដើរ​ហើរ​ឲ្យ​បាន​ច្រើន ស្គាល់​មនុស្ស​ឲ្យ​បាន​ច្រើន ពេល​នោះ​ទំនុក​ចិត្ត​អ្នក​កាន់​តែ​មាន ហើយ​ភាព​ទាក់ទាញ​ក៏​មាន​ទៅ​តាម​នោះ​ដែរ។

រូបតំណាង

៤. ធ្វើ​ជីវិត​ខ្លួន​ឯង​ឲ្យ​មាន​ភាព​រីករាយ​ច្រើន

មនុស្ស​ស្រី​ដែល​ទៅ​ទាក់ទាញ​ម្នាក់ មិន​មែន​ជា​មនុស្ស​ស្រី​ដែល​កើត​ទុក្ខ​គ្រប់​ពេល​ទេ តែ​ជា​មនុស្ស​ស្រី​ដែល​ចេះ​ចំណាយ​ពេល​រីករាយ​ជាមួយ​ជីវិត​នាង​ឲ្យ​បាន​ច្រើន។ ភាព​ស្រស់ស្រាយ​ និង​រីករាយ​កឺ​ជួយ​ឲ្យ​មនុស្ស​ស្រី​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់ មិន​ធុញទ្រាន់ និង​ធ្វើ​ឲ្យ​គ្រប់គ្នា​ចង់​ក្បែរ។

៥. លះបង់​ការ​ច្រណែន​ និង​ចាប់​ផ្ដើម​ស្រឡាញ់​អ្វី​ដែល​ខ្លួន​មាន

មនុស្ស​ស្រី​ដែល​គួរ​ឲ្យ​ស្អប់​គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ច្រណែន​គេ ហើយ​មិន​ចេះ​ស្រឡាញ់​របស់​ខ្លួន​ឯង ចាំ​តែ​ស្រឡាញ់​របស់​គេ។ បើ​អ្នក​ចង់​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ពី​មនុស្ស​ស្រី​ដែល​គួរ​ឲ្យ​ធុញ​មែន​នោះ អ្នក​ត្រូវ​ជម្រះ​ចិត្ត​ច្រណែន​នេះ​ឲ្យ​បាន ហើយ​ចាប់​ផ្ដើម​ស្រឡាញ់​អ្វី​ដែល​អ្នក​មាន៕

រូបតំណាង

ចុចអាន៖ដើម្បី​រស់​នៅ​បាន​យូរ​ហើយ​មាន​ក្តី​សុខ​សុភមង្គល ត្រូវ​យល់​ពី​មេរៀន​ជីវិត​ ៦យ៉ាង​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម