រៀន​ដោះ​លែង​អ្វី​ដែល​មិន​សម​ជាមួយ​យើង គឺ​ជា​រឿង​ល្អ​បំផុត

  • 2019-11-08 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​អ្នក​ស្រឡាញ់​អ្វី​មួយ អ្នក​ប្រាកដ​ជា​ចង់​ឱប​ក្រសោប​ជា​របស់​ខ្លួន​ឯង​ជា​មិន​ខាន មិន​ថា​ពេល​ខ្លះ​អ្នក​ពិបាក​​ក្ដាប់​វា​ក្នុង​ដៃ​ក៏​ដោយ។ ពេល​ខ្លះ​របស់​ដែល​អ្នក​ស្រឡាញ់ មិន​ប្រាកដ​ថា​សក្តិសម​​នឹង​អ្នក ឬ​ល្អ​នោះ​ទេ តែ​ដោយសារ​ស្រឡាញ់​ អ្នក​ក៏​លែង​មើល​ឃើញ​ចំណុច​អាក្រក់​ទាំង​អស់​នោះ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឈឺចាប់​ទៀត​ក៏​មាន។

រូបតំណាង

មិន​ខុស​អី​ពី​អ្នក​ស្រឡាញ់​មនុស្ស​ដែល​មិន​គួរ​ស្រឡាញ់​នោះ​ទេ។ ដោយសារ​តែ​ក្ដី​ស្រឡាញ់​អ្នក​ភ្លេច​អស់​នូវ​អ្វី​ជា​ច្រើន​ទៀត រហូត​ភ្លេច​ទាំង​ខ្លួន​ឯង​ទៀត​ផង។​ អ្នក​នៅ​តែ​ចង់​ឱប​ក្រសោប​គេ ទាំង​គេ​មិន​ដែល​មើល​ឃើញ​ពី​តម្លៃ​ និង​ក្ដី​ស្រឡាញ់​របស់អ្នក​ដែលលះបង់​ឲ្យ​គេ តែ​ជំនួស​មក​វិញ​គេ​បាន​ត្រឹម​តែ​ផ្ដល់​នូវ​ភាព​សោះ​ក្រោះ ព្រងើយ​កន្តើយ ហើយ​នឹងការ​មិន​អើពើ​ថា​អ្នក​ពេល​នេះ​យ៉ាង​ម៉េច​ហើយ។

មាន​ធ្លាប់​សួរ​ខ្លួន​ឯង​អត់​ថា​គេ​សម​ជាមួយ​អ្នក​កម្រិត​ណា? នៅ​ជាមួយ​គេ​អ្នក​សប្បាយ​ចិត្ត​កម្រិត​ណា ឈឺចាប់​កម្រិត​ណា? ឬ​គ្រាន់​តែ​ដោយសារ​តែ​ក្ដី​ស្រឡាញ់​មួយ​មុខ​អ្នក​សុខចិត្ត​បំភ្លេច​ចោល​នៅ​សេចក្ដី​សុខ​ផ្សេង​ទៀត។

រូបតំណាង

ចាំ​ណា! បើ​គេ​ពិត​ជា​ស្រឡាញ់​អ្នក​មែន​ គេ​មិន​ដែល​ចង់​ឃើញ​ទឹក​ភ្នែក​អ្នក​ស្រក់​ចុះ​មក​នោះ​ទេ ហើយ​រឹត​តែ​មិន​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឯកា។ មនុស្ស​ស្រឡាញ់​គ្នា​ពិត​គឺ​ប្រៀប​បាន​នឹង​សួន​ផ្កា​រីក​ស្គុះស្គាយ​មួយ​ដែល​មាន​ក្លិន​ក្រអូប ទេសភាព​ស្រស់​ត្រកាល មិន​មែន​ជា​កន្លែង​ដែល​បង្ហូរ​ទឹក​ភ្នែក​នោះ​ទេ។

កុំ​ដោយសារ​អនុស្សាវរីយ៍ ២​ឆ្នាំ ៥​ឆ្នាំ ហើយ​មក​បំផ្លាញ​អនាគត​អ្នក​ ៣០​ឆ្នាំ ៥០ឆ្នាំ​ទៀត​នោះ។ មនុស្ស​យើង​ពេល​ខ្លះ​គឺ​ត្រូវ​រៀន​លះបង់​អ្វី​ដែល​មិន​សម​ជាមួយ​យើង គឺ​ត្រូវ​រៀន​បោះបង់​សម្ពាយ​ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​សម្ពាធ​ខ្លះ នោះ​ទើប​យើង​អាច​រក​សុភមង្គល​ឲ្យ​ខ្លួន​ឯង​បាន។

ការ​ដើរ​ចេញ​ដំបូង​អាច​នឹង​ទទួល​វិបត្តិ​ផ្លូវ​ចិត្ត​ខ្លាំង ឈឺចាប់​ខ្លាំង ពិបាក​រស់​នៅ​ខ្លាំង ពិបាក​ធ្វើ​ចិត្ត​ខ្លាំង​ តែ​ពេល​វេលា​នឹង​ជួយ​ព្យាបាល​របួស​នោះ​ឲ្យ​ជា​ម្ដង​បន្តិចៗ រហូត​ទាល់​តែ​អស់។ ការ​ដែល​ខំ​ឱប​ក្រសោប​មនុស្ស​ដែល​មិន​បាន​ស្រឡាញ់​យើង គឺ​ដូច​ឱប​បន្លា​អីចឹង កាន់​តែ​ឱប​កាន់​ទេ​មុត​ខ្លួន បន្លា​កាន់​តែ​ចាក់​ជ្រៅ ហើយ​យើង​កាន់​តែ​ឈឺ៕

រូបតំណាង

ចុចអាន៖កុំ​ស្រលាញ់​មនុស្ស​ប្រុស​ដែល​មិន​ព្យាយាម​ធ្វើ​អ្វី​សោះ ដើម្បី​បាន​​បេះដូង​អ្នក

អត្ថបទ៖ ផេង ផលធិតា