ទម្លាប់​​មនុស្ស​អន់​ទាំង​១០ បើ​មិន​​ព្រម​កែ​ចេញ​ កុំ​សង្ឃឹម​ជីវិត​​ភ្លឺ​ស្វាង​នឹង​គេ

  • 2019-11-06 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាប់​គឺ​ជា​ទង្វើ​ដែល​យើង​តែង​ធ្វើ​ជា​ប្រចាំ​រហូត​ក្លាយ​ជា​និស្ស័យ និង​ចរិត​ផ្ទាល់​ខ្លួន។ បើ​ទម្លាប់​ល្អ នោះ​នឹង​នាំ​​មក​នូវ​សេចក្ដី​សុខ និង​ជោគជ័យ ប៉ុន្តែ​បើ​ទម្លាប់​មិន​ល្អ​ហើយ នោះ​នឹង​មាន​តែ​រឿង​ក្ដៅ​ក្រហាយ​ និង​បរាជ័យ​ចូល​មក​ជា​បន្តបន្ទាប់។ ប៉ុន្តែ​ទម្លាប់​គឺ​ជា​អ្វី​ដែល​យើង​អាច​កែប្រែ​បាន ដូច្នេះ​បើ​ដឹង​ថា​ខ្លួន​ឯង​មាន​ទម្លាប់ ១០​យ៉ាង​ខាង​ក្រោម​នេះ សូម​ចាប់​ផ្ដើម​កែប្រែ​វា​តាំង​ពី​ថ្ងៃ​នេះ៖

១. ខ្ជិល

ទម្លាប់​ខ្ជិល​នាំ​មក​នូវ​បរាជ័យ​ឲ្យ​ជីវិត​​ច្រើន​​លើស​ពី​អ្វី​ដែល​អ្នក​គិត។ បើ​សង្កេត​មើល​ឲ្យ​ល្អ​នឹង​ដឹង​ថា​បុគ្គល​ដែល​ជោគជ័យ​គឺ​គ្មាន​នរណា​ជា​មនុស្ស​ខ្ជិល​នោះ​ទេ ព្រោះ​ភាព​ខ្ជិល​នឹង​ធ្វើ​ឲ្យ​អ្នក​លែង​ដឹង​លែង​ស្គាល់​ពី​តួនាទី​ខ្លួន​ឯង គ្មាន​ការ​ទទួល​ខុស​ត្រូវ​អ្វី​ទាំង​អស់។ បើ​ដូច្នេះ​តើ​អ្នក​អាច​សម្រេច​ជោគជ័យ​បាន​ដោយ​របៀប​ណា?

រូបតំណាង

**២. ទម្លាប់​ចាំ​ស្អែក**

នៅ​ពេល​ខ្ជិល ទម្លាប់​មួយ​ទៀត​ដែល​តាម​មក​​ជាមួយ​គ្នា​នោះ​គឺ​ទម្លាប់​ចាំ​ស្អែក ពេល​មាន​ការងារ​ត្រូវ​ធ្វើ បែរ​ជា​ខ្ជិល​ធ្វើ ដោយ​អាង​ថា​ទុក​សិន​ ដែល​ធ្វើ​ឲ្យ​ការងារ​ត្រូវ​បរាជ័យ​ជា​ញឹកញាប់ ដោយ​សារ​ធ្វើ​មិន​ទាន់​ពេល​កំណត់ ឬ​ធ្វើ​ប្រញាប់​ប្រញាល់​​នៅ​នាទី​ចុង​ក្រោយ​ដោយ​គ្មាន​គុណភាព។

៣. ចូល​ចិត្ត​ដោះសា

មនុស្ស​ដែល​ចូលចិត្ត​ដោះសា​រមែង​ស្វែង​រក​ហេតុផល​ផ្សេង​ៗ​ដើម្បីឲ្យ​ខ្លួន​ឯង​បាន​រួច​ខ្លួន​ពី​​បញ្ហា​អាក្រក់​ៗ​បាន ប៉ុន្តែ​ទម្លាប់​ដោះសា​នេះ​ហើយ​ដែល​​បញ្ជាក់​ថា​អ្នក​ចូល​ចិត្ត​បន្ទច់បង្អាក់​ខ្លួន​ឯង​យ៉ាង​ណា ទាំង​ក្នុង​ការ​ធ្វើ​ការ ការ​អភិវឌ្ឍ​ខ្លួន ព្រោះ​ថា​នៅ​ពេល​ណា​​អ្នក​មាន​លេស ឬ​បន្ទោស​អ្នក​ដទៃ​ នោះ​មាន​ន័យ​ថា​អ្នក​នៅ​មើល​មិន​ឃើញ​កំហុស​ឆ្គង​របស់​ខ្លួន​ឯង ហើយ​បើ​មិន​ព្រម​មើល​មក​ខ្លួន​ឯង​បែប​នេះ អ្នក​នឹង​គ្មាន​ថ្ងៃ​កែលំអ​ខ្លួន​ឯង​បាន​ឡើយ។

៤.​ ចូល​ចិត្ត​អួត

“មាន​តែ​មនុស្ស​ល្ងង់​ទេ​ដែល​ចូល​ចិត្ត​អួត មនុស្ស​ឆ្លាត​មិន​សូវ​និយាយ​អី​ច្រើន​ទេ តែ​គេ​ចាំ​ស្ដាប់” ហើយ​មនុស្ស​ដែល​ចូលចិត្ត​អួត​រមែង​មិន​សូវ​ឆ្លាត​ទេ។ មនុស្ស​ប្រភេទ​នេះ​ចូលចិត្ត​គិត​ថា​ខ្លួន​នៅ​ពី​លើ​អ្នក​ដទៃ ធ្វើ​ឲ្យ​ខ្លួន​បាត់​បង់​ឱកាស​ក្នុង​ការ​ទទួល​យក​ចំណេះដឹង​ និង​បទពិសោធន៍​ថ្មី​​ៗ​ពី​អ្នក​ដទៃ ក៏​ដូច​ជា​មិន​បាន​អភិវឌ្ឍ​ខ្លួន​ឯង​​ដោយ​រវល់​តែ​គិត​ថា​ខ្លួន​ឯង​ពូកែ​ហើយ ល្អ​គ្រប់គ្រាន់​ហើយ។

រូបតំណាង

៥. ស្ទាក់ស្ទើរ គ្មាន​ទំនុក​ចិត្ត

បើ​រវល់​តែ​ស្ទាក់ស្ទើរ គ្មាន​ភាព​មោះមុត​ អ្នក​ក៏​គ្មាន​ថ្ងៃ​ទទួល​បាន​ជោគជ័យ​ដែរ។ មនុស្ស​យើង​ត្រូវ​មាន​​ជំហរ​​ខ្លួន​ឯង​មួយ​ដែល​ច្បាស់​លាស់ មិន​មែន​​អ្នក​ណា​ថា​អ្វី​ ក៏​តាម​គេ ឬគ្មាន​ទំនុក​ចិត្ត​លើ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ឡើយ។ ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​គោលដៅ​​របស់​យើង​កាន់​តែ​ស្រពេចស្រពិល និង​កាន់​តែ​ពិបាក​សម្រេច​បាន​ជោគជ័យ។

៦. ពូកែ​ច្រណែន

ការ​ច្រណែន​ឈ្នានីស​គឺ​ជា​ទម្លាប់​គ្រោះថ្នាក់​​ និង​គួរ​ឲ្យ​ស្អប់​បំផុត ព្រោះ​វា​មិន​ត្រឹម​តែ​ដូច​នាំ​ភ្លើង​​ទុក្ខ​មក​ដុត​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ច្រណែន​ដែល​ទ្រាំ​មិន​បាន​នឹង​ឃើញ​គេ​ល្អ​ជាង​ខ្លួន ក៏​ជា​ការ​បង្ហិន​ពេល​វេលា​ឥត​ប្រយោជន៍​មួយ​ដែរ ព្រោះ​បើ​យើង​រវល់​តែ​ច្រណែន​គេ អារម្មណ៍​របស់​យើង​នឹង​អាប់អួរ គ្មាន​ទឹក​ចិត្ត​ធ្វើ​អ្វី​ៗ​រហូត​ភ្លេច​អភិវឌ្ឍ​ខ្លួន​ឯង។

៧. សេពគប់​មនុស្ស​ពាល

នៅ​ពេល​សេពគប់​មិត្តភ័ក្ដិ​មិន​ល្អ គេ​នឹង​នាំ​យើង​ដើរ​លើ​ផ្លូវ​ខុស ចំណាយ​ពេល​វេលា​ឥតប្រយោជន៍​ ដូច្នេះ​គួរ​ជ្រើសរើស​សេពគប់​មនុស្ស​ណា​ដែល​អាច​នាំ​យើង​​ដើរ​លើ​ផ្លូវ​ល្អ និង​ឆ្ពោះ​ទៅ​រក​ភាព​រីក​ចម្រើន​វិញ​ប្រសើរ​ជាង។

៨. ចាយ​ហួស​មាឌ

ការ​ចាយ​វាយ​លើស​ពី​សមត្ថភាព​ លើស​ពី​ចំណូល​ដែល​ខ្លួន​ឯង​រក​បាន​រហូត​កើត​ជា​បំណុល​ដែល​មិន​ចាំបាច់​នោះ គឺ​ជា​រឿង​មិន​ល្អ​ឡើយ។ បើ​ចង់​ឈាន​ទៅ​រក​ភាព​មាន​បាន គឺ​ត្រូវ​ចេះ​សន្សំ​លុយ​ និង​ចេះ​ប្រើ​លុយ​ឲ្យ​ត្រូវ​កន្លែង។

រូបតំណាង

៩. មើល​មិន​ឃើញ​តម្លៃ​ខ្លួន​ឯង

ការ​គិត​ថា​ខ្លួន​ឯង​តូច​ទាប ធ្វើ​អ្វី​ក៏​មិន​បាន មិន​ចេះ​ដឹង​គ្រប់គ្រាន់ គឺ​ជា​ការ​បិទ​ឱកាស​ខ្លួន​ឯង​តែ​ម្ដង។ នៅ​ពេល​អ្នក​មាន​ការ​គិត​បែប​នេះ អ្នក​នឹង​គ្មាន​ថ្ងៃ​ធ្វើ​អ្វី​ជោគជ័យ​បាន​ឡើយ ព្រោះ​តែង​មើល​រំលង​គុណ​តម្លៃ​ខ្លួន​ឯង ធ្វើ​ឲ្យ​គ្មាន​ទំនុក​ចិត្ត​ក្នុង​ការ​ធ្វើ​អ្វី​ទាល់​តែ​សោះ ហើយ​ទី​បំផុត​ក៏​មិន​អាច​សម្រេច​អ្វី​បាន​ទាំង​អស់។

១០. មិន​ដឹង​ថា “ពេល​វេលា” គឺ​ជា​របស់​មាន​តម្លៃ

មនុស្ស​គ្រប់​គ្នា​មាន​ពេល​វេលា​ ២៤​ម៉ោង​ស្មើ​គ្នា ប៉ុន្តែ​តើ​អ្នក​​​ធ្លាប់​សង្ស័យ​ឬ​អត់​​ថា​ហេតុ​អ្វី​មនុស្ស​មួយ​ចំនួន​ប្រើ​ពេល​វេលា​បាន​ល្អ ធ្វើ​នេះ ធ្វើ​នោះ​បាន​ច្រើន​រហូត​សម្រេច​ជោគជ័យ​គគោក ក្នុង​ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​ហាក់​មើល​មិន​ឃើញ​តម្លៃ​ពេល​វេលា បណ្ដោយ​ឲ្យ​ពេល​វេលា​កន្លង​ផុត​ទៅ​ទទេៗ ដោយ​មិន​ធ្វើ​អ្វី​ឲ្យ​កើត​ជា​ប្រយោជន៍​ទាល់​តែ​សោះ។ ការ​ពិត​ទៅ​ពេល​វេលា​មាន​តម្លៃ​ជាង​មាស​ប្រាក់​ទៅ​ទៀត។ បើ​យើង​ចេះ​ប្រើ​វា​ឲ្យ​មាន​ប្រយោជន៍ ជីវិត​​នឹង​មិន​ទំនេរ​ចោល ដោយ​មាន​អ្វី​ត្រូវ​ធ្វើ ត្រូវ​អភិវឌ្ឍ​ខ្លួន​ឯង​ជា​ច្រើន។  

រូបតំណាង

ត្រូវ​ចាំ​ថា​​ទម្លាប់​របស់​មនុស្ស​យើង​អាច​កែប្រែ​បាន ដោយ​អាស្រ័យ​ទៅ​លើ​ថា​តើ​យើង​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ឬ​ក៏​អត់ ហើយ​បើ​ចង់​មាន​ក្ដី​សុខ ចង់​ទទួល​បាន​ជោគជ័យ​គឺ​ត្រូវ​បញ្ឈប់​ទម្លាប់​អាក្រក់​ទាំង​អស់​នេះ​ចេញ ៕

ចុចអាន៖

ប្រភព៖ nearbytable ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម