ធំ​ហើយ ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​រឹង​មាំ ៥​ចំណុច​នេះ ទើប​ចូល​សង្គម គ្មាន​អ្នក​មើល​ងាយ

  • 2019-11-06 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដល់​ពេល​វេលា​ហើយ​ដែល​មនុស្ស​ស្រី​ត្រូវ​​ផ្លាស់​ប្ដូរ​ខ្លួន​ពី​មនុស្ស​ស្រី​ទន់​ខ្សោយ​ មាន​ចរិត​កូន​ក្មេង មក​ជា​មនុស្ស​ស្រី​រឹងមាំ​ដើរ​ទាន់​សម័យ ព្រោះ​សម័យ​នេះ​ មនុស្ស​ភាគ​ច្រើន​​មិន​មែន​ស្លូត​ៗ​ ត្រង់​ៗ​ដូច​មុន​ទៀត​ទេ។ ម្ល៉ោះ​ហើយ ប្រសិន​បើ​អ្នក​កំពុង​ឈាន​ដល់​វ័យ​មួយ​ដែល​ត្រូវ​ប្រឡូក​សង្គម​ច្រើន​ហើយ គួរ​តែ​រៀន​ធ្វើ​ខ្លួន​ឲ្យ​រឹងមាំ ជា​មនុស្ស​ឆ្លាតវៃ ប៉ុន្តែ​​គួរ​ឲ្យ​ស្រលាញ់​រាប់​អាន​ម្នាក់ ទើប​មិន​មាន​អ្នក​ណា​ហ៊ាន​មើល​ងាយ និង​ធ្វើ​បាប។

រូបតំណាង

**១. សួរ​ខ្លួន​ឯង​ថា​ត្រូវ​ការ​អ្វី​ពិត​ប្រាកដ**

ផ្អែក​តាម​ការ​សិក្សា​របស់ Harvard Business Review បង្ហាញ​ថា​នារី​រៀន​ចប់ MBA ត្រឹម​ ៧​% ​ប៉ុណ្ណោះ ដែល​ហ៊ាន​ចរចា​ប្រាក់​ខែ​ជាមួយ​ចៅហ្វាយនាយ ខណៈ​ដែល​មនុស្ស​ប្រុស​ដល់ ៥៧%​ដែល​ហ៊ាន​តវ៉ា​ជាមួយ​ចៅហ្វាយ។ នេះ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​មិន​អាច​ទទួល​បាន​អ្វី​ដែល​ខ្លួន​ត្រូវ​ការ ព្រោះ​អ្នក​មិន​ហ៊ាន​ទាមទារ។ ដូច្នេះ​ហើយ ប្រសិន​បើ​អ្នក​ចង់​ចេញ​មុខ​ធ្វើ Project ថ្មី​ៗ ឬ​ចង់​បាន​ប្រាក់​ខែ​ និង​ Bonus បន្ថែម​ សូម​កុំ​ខ្លាច​នឹង​ទៅ​និយាយ​ជាមួយ​​ប្រធាន​របស់​អ្នក។

២. រៀន​បដិសេធ

ដឹង​ថា​មនុស្ស​ចិត្ត​ល្អ​ដូច​ជា​អ្នក​ តែង​ចង់​ជួយ​យកអាសា​អ្នក​គ្រប់​គ្នា ប៉ុន្តែ​​ក្នុង​ជីវិត​ពិត​គឺ​យើង​មិន​អាច​ជួយ​មនុស្ស​គ្រប់​គ្នា​បាន​ទេ។ ​ពេល​ខ្លះ អ្នក​អាច​នឹង​ឈឺ​ចិត្ត​ដែល​បាន​ជួយ​មនុស្ស​ខុស​ក៏​ថា​បាន។ ដូច្នេះ​ អ្វី​ដែល​អ្នក​ធ្វើ​មិន​បាន ឬ​ហួស​ពី​សមត្ថភាព​អ្នក សូម​បដិសេធ​ភ្លាម​​ទៅ​កុំ​ស្ទាក់ស្ទើរ។ ត្រូវ​ចាំ​ថា អ្វី​ដែល​​ធ្វើ​ឲ្យ​សុខភាព​កាយ សុខភាព​ចិត្ត​ អ្នក​ត្រូវ​រង​សម្ពាធ បើ​មិន​ចាំបាច់ សូម​កុំ​ធ្វើ។

រូបតំណាង

៣. កំណត់​ជីវិត​ខ្លួន​ឯង

បើ​អ្នក​ណា​និយាយ​ស្ដី​មិន​ល្អ​ជាមួយ​អ្នក អ្នក​ក៏​មិន​បាច់​យក​មក​ទុក​ក្នុង​ចិត្ត​គិត​ឲ្យ​ធ្ងន់​ខួរ​ក្បាល​ដែរ។ ដូច​គ្នា បើ​មាន​អ្នក​ព្យាយាម​ផ្លាស់​ប្ដូរ​អ្នក​ទៅ​ជា​អ្វី​ដែល​អ្នក​មិន​ពេញ​ចិត្ត ចូរ​​ប្រាប់​គេ​ទៅ​ថា អ្នក​មាន​ក្ដី​សុខ​ជាមួយ​ខ្លួន​ឯង​បច្ចុប្បន្ន​ស្រាប់​ហើយ។ ត្រូវ​ចាំ​ថា ជីវិត​នេះ​ជា​របស់​យើង ដូច្នេះ​យើង​គួរ​តែ​ជា​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​កំណត់​វា​បាន។ បើ​អ្នក​មិន​និយាយ​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​ ឬ​គោលដៅ​របស់​អ្នក​ចេញ​មក​ទេ អ្នក​ដទៃ​ក៏​មិន​អាច​យល់​បាន​ដែរ។ ដូច្នេះ​ហើយ​អ្នក​គួរ​មាន​ជំនឿ​លើ​ខ្លួន​ឯង ហើយ​ហ៊ាន​​ស៊ី​ ហ៊ាន​សង ព្រោះ​វា​នឹង​ជា​ថាមពល​មហាសាល ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​រឹងមាំ និង​ទទួល​បាន​ជោគជ័យ។

៤. មាន​ជំនឿ​លើ​ខ្លួន​ឯង

គ្មាន​អ្វី​ខុស​នោះ​ទេ បើ​អ្នក​គ្រាន់​តែ​ចង់​រស់​នៅ​តាម​របៀប​ខ្លួន​ឯង​ដោយ​​មិន​បៀតបៀន​អ្នក​ដទៃ ហើយ​ក៏​គ្មាន​អ្វី​ខុស​ដែរ បើ​អ្នក​ជ្រើសរើស​អ្វី​ដែល​ល្អ​បំផុត​ឲ្យ​ជីវិត​ខ្លួន ព្រោះ​លើ​លោក​នេះ តែង​មាន​មនុស្ស​​ដែល​ចង់​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក ឬ​ចង្អុល​ឲ្យ​អ្នក​ធ្វើ​តាម​អ្វី​ដែល​គេ​ត្រូវ​ការ ជា​ពិសេស​បើ​អ្នក​នៅ​តែ​ធ្វើ​ខ្លួន​ជា​ក្មេង​មិន​ដឹង​អី។ ដូច្នេះ សូម​កុំ​ឲ្យ​អ្នក​ណា​មក​កំណត់​ជីវិត​អ្នក​ជំនួស​អ្នក។ ​ការ​សម្រេច​ចិត្ត​របស់​អ្នក​​ត្រូវ​អាស្រ័យ​ទៅ​លើ​ការ​គិត និង​អារម្មណ៍​របស់​អ្នក។

រូបតំណាង

៥. ចង់​ឲ្យ​អ្នក​ដទៃ​ធ្វើ​លើ​ខ្លួន​យ៉ាង​ម៉េច យើង​ត្រូវ​ធ្វើ​លើ​គេ​យ៉ាង​នោះ

ការ​ផ្លាស់​ប្ដូរ​ពី​ក្មេង​ស្រី​ឡិកឡក់​មក​ជា​នារី​រឹងមាំ មិន​មែន​មាន​ន័យ​ថា​ អ្នក​ត្រូវ​ដើរ​ពើង​ទ្រូង ឬ​​ឈ្លើយ​​នោះ​ទេ ប៉ុន្តែ​គឺ​ត្រូវ​រក្សា​ភាព​រម្យទម ប្រយ័ត្នប្រយែង និង​គោរព​អ្នក​ដទៃ​ទាំង​តាម​ពាក្យ​សម្ដី និង​ទង្វើ ព្រម​ទាំង​ត្រូវ​សាបព្រោះ​ថាមពល​វិជ្ជមាន​ឲ្យ​អ្នក​​នៅ​ជុំវិញ​ខ្លួន​ផង​តាម​រយៈ​ការ​សរសើរ​ និង​លើក​ទឹក​ចិត្ត​នានា។ ធ្វើ​បែប​នេះ ធានា​ថា​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ស្រី​ពូកែ ហើយ​មាន​មន្ត​ស្នេហ៍​ពេញ​ខ្លួន​ថែម​ទៀត ៕

ចុចអាន៖

ប្រភព៖ Mthai ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម