បង្កើនតម្លៃខ្លួនឯងឲ្យខ្ពស់តាមវិធីទាំងនេះ បុរសណាក៏ប៉ងចង់បានជាគូជីវិត

  • 2019-11-06 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​គ្រប់​រូប​តែង​ប្រាថ្នា​ចង់​បាន​​នារី​ដែល​ពោរពេញ​ដោយ​តម្លៃ​ថ្លៃថ្នូរ​​ មក​ធ្វើ​ជា​គូ​គាប់​។ បញ្ហា​ចម្បង​​នោះ​គឺ​មាន​មនុស្ស​​ស្រី​ជា​ច្រើន​ មិន​ទាន់​ដឹង​ពី​របៀប​បង្កើន​តម្លៃ​របស់​ខ្លួន​នៅ​ឡើយ។ អ្នក​ខ្លះ​មើល​ទៅ​ពិតជា​មាន​ទំនុក​ចិត្ត​ខ្ពស់​និង​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ប៉ុន្តែ​បែរ​ជា​គ្មាន​​​បុរស​ណា​ចាប់​ចិត្ត​តាម​ស្រលាញ់​​ទៅ​វិញ​។

តើ​អ្វី​ទៅ​ជា​តម្លៃ​ពិត​ប្រាកដ​របស់​នារី ដែល​អាច​​ធ្វើ​ឲ្យ​​បុរស​ដក់​ចិត្ត​ មិន​ចង់​ចេញ​ទៅ​ណា​ឆ្ងាយ ព្រម​ទាំង​អាច​ធ្វើ​ឲ្យ​មនុស្ស​ជុំ​វិញ​ខ្លួន​គោរព​ស្រលាញ់​?

១.​ស្គាល់​ពី​តម្លៃ​ខ្លួន​ឯង​ជាមុន​សិន

រូបតំណាង

​តាម​ពិត​មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​តម្លៃ​នៅ​ក្នុង​ខ្លួន​ស្រាប់​ទៅ​ហើយ សំខាន់​​បំផុត​​អ្នក​អាច​ដឹង​និង​រក្សា​វា​ឲ្យ​ជាប់។ បើ​អ្នក​មើល​មិន​ឃើញ​ពី​តម្លៃ​​និង​ចំណុច​ខ្លាំង​របស់​ខ្លួន​​​​ឯង​​​ផង ធ្វើ​ម៉េច​ទើប​អ្នក​ដទៃ​អាច​ឲ្យ​​តម្លៃ​អ្នក​បាន​នោះ​? កាល​ណា​អ្នក​​ដឹង​ថា​​ខ្លួន​ឯង​មាន​ភាព​​​ខ្លាំង​ណា​មួយ​មិន​អាច​ខ្វះ​បាន នោះ​អ្នក​ផ្សេង​ក៏​ខ្វះ​អ្នក​មិន​បាន​ដូច​គ្នា។

២. ទាមទារ​ការ​គោរព

ធ្វើ​ហីៗ​មិន​កើត​ទេ ត្រូវ​តែ​ទាមទារ​ឲ្យ​បាន​។ ជា​មនុស្ស​ស្រី អ្នក​ត្រូវ​តែ​ព្យាយាម​បន្តិច​ដើម្បី​ទទួល​បាន​ការ​គោរព​​​ខ្ពស់​ពី​អ្នក​ដទៃ​។ នៅ​​ឲ្យ​​ឆ្ងាយ​ពី​មនុស្ស​ដែល​ចូល​ចិត្ត​បន្ទច់បង្អាក់​​មិន​គោរព​អ្នក ដរាប​ណា​អ្នក​មិន​ពាក់​ព័ន្ធ​ជាមួយ​ពួក​គេ ជីវិត​នឹង​កាន់​តែ​មាន​តម្លៃ​​។

រូបតំណាង

៣. ជឿជាក់​លើ​ខ្លួន​ឯង

ប្រសិន​បើ​អ្នក​មិន​ជឿជាក់​លើ​ខ្លួន​ឯង​ទេ ចង់​បង្កើន​តម្លៃ​​ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដែរ។ កុំ​គិត​ថា​ខ្លួន​ឯង​​អន់ ត្រូវ​តែ​មាន​ទំនុក​ចិត្ត​ និង​ហ៊ាន​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​អ្នក​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា។

៤. ដក​ខ្លួន​ចេញ​ពី​អ្វី​ដែល​សម​នឹង​តម្លៃ​របស់​អ្នក

នៅ​ពេល​មាន​នរណា​ម្នាក់​ធ្វើ​អាក្រក់​មក​លើ​អ្នក ត្រូវ​ដឹង​​ថា​វា​មិន​​​មែន​ជា​អ្វី​ដែល​អ្នក​សម​នឹង​ទទួល​បាន​នោះ​ទេ ដូច្នេះ​ហើយ​​គួរ​ដក​ខ្លួន​​ចេញ​ប្រសើរ​ជាង​។ បើ​មនុស្ស​ប្រុស​ហ៊ា​ក្បត់​និង​មិន​គោរព​ឲ្យ​តម្លៃ​អ្នក​សូម្បី​បន្តិច​ ដាច់​ខាត​កុំ​​ឲ្យ​ឱកាស​​ដល់​គេ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​សោះ​។

៥. កំណត់​ស្តង់​ដារ​មនុស្ស​ដែល​គួរ​រាប់​អាន

មាន​ភាព​រួសរាយ​ទាក់​រាក់​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន ប៉ុន្តែ​មិន​មែន​​គ្រប់​គ្នា​​សុទ្ធ​តែ​​​​រាប់​អាន​បាន​ឡើយ​។ ត្រូវ​សង្កេត​មើល​ថា​​​ តើ​មនុស្ស​ប្រភេទ​ណា​ដែល​ត្រូវ​តាម​ស្តង់​ដារ​ដែល​បាន​កំណត់​ទុក។ ឧទាហរណ៍​ថា អ្នក​ចូល​ចិត្ត​មនុស្ស​ស្មោះ​​ត្រង់ មិន​លាក់​ពុត​ មិន​ប្រកាន់​ច្រើន​...។ ក្នុង​ករណី​មិន​អាច​ជួប​មនុស្ស​ដែល​ត្រូវ​តាម​ស្តង់​ដារ​របស់​អ្នក មិន​​បាច់​បង្ខំ​ចិត្ត​រាប់​អាន​ឬ​ស្រលាញ់​ទេ​ ព្រោះ​មនុស្ស​ប្រភេទ​នេះ​នឹង​មើល​មិន​ឃើញ​ពី​តម្លៃ​អ្នក​ឡើយ។

រូបតំណាង

៦. រស់​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន

​​មិន​ត្រឹម​តែ​មាន​​ការងារ​​​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ អ្នក​ត្រូវ​ប្រកាន់​ជំហរ​​ជាក់លាក់ មាន​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន និង​ធ្វើ​អ្វី​ជា​ខ្លួន​ឯង។ ទោះ​​ស្ថិត​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា ក៏​នៅ​តែ​មិន​ភ្លេច​ពី​អ្វី​ដែល​ខ្លួន​ឯង​ធ្លាប់​ធ្វើ​និង​ចូល​ចិត្ត​ពី​មុន​មក​។

រូបតំណាង

៧. ដាក់​ចិត្ត​ដាក់​កាយ​ពេល​ធ្វើ​កិច្ច​ការ​អ្វី​មួយ

នេះ​គឺ​ជា​តម្លៃ​មួយ​ដែល​ខ្វះ​មិន​បាន។ ការ​ដាក់​ចិត្ត​ដាក់​កាយ ​ហ៊ាន​លះបង់​​លើ​កិច្ចការ​ដែល​អ្នក​កំពុង​​ធ្វើ បាន​បង្ហាញ​ពី​ភាព​មោះមុត​អង់​អាច ប្រុង​ប្រយ័ត្ន និង​ភាព​​អំណត់​​តស៊ូ ដែល​មិន​មែន​​មនុស្ស​ស្រី​គ្រប់​គ្នា​សុទ្ធ​តែ​មាន​​​ដូច​អ្នក​ទេ។

៨. មាន​ភាព​អង់អាច​លាយឡំ​នឹង​ភាព​ទន់ភ្លន់

ប្រកាន់​ខ្ជាប់​នូវ​ភាព​រឹង​មាំ​អង់​អាច​​​ប៉ុន្តែ​កុំ​ភ្លេច​​ប្រើ​ភាព​ទន់​ភ្លន់ និង​ចេះ​លេង​សើច​​ខ្លះ​ផង បើ​ចង់​ឲ្យ​គេ​គោរព​ឲ្យ​តម្លៃ។

រូបតំណាង

៩. មិន​តាម​ចិត្ត​គេ​គ្រប់​រឿង

គ្រាន់​តែ​គេ​ខល​ហៅ​ភ្លាម មិន​គួរ​​ទុកចោល​​កិច្ចការ​ដែល​អ្នក​គ្រោង​នឹង​ធ្វើ​​នោះ​ទេ​ ព្រោះ​​មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​រវល់​និង​មាន​ការងារ​ធ្វើ​រៀង​ៗ​ខ្លួន។ កុំ​ព្រោះ​តែ​ស្រលាញ់ គិត​ថា​ត្រូវ​តាម​ចិត្ត​គេ​រហូត។ នេះ​ជា​វិធី​ដ៏​ល្អ ដើម្បី​ឲ្យ​គេ​ចេះ​គោរព​ពេលវេលា​របស់​អ្នក និង​ចេះ​ឲ្យ​តម្លៃ​​​ចំពោះ​ពេលវេលា​ដែល​​បាន​​នៅ​ក្បែរ​អ្នក​។

១០. ចេះ​ប្រកែក

ហ៊ាន​និយាយ​ថា​ "ទេ" ចំពោះ​រឿង​ណា​ដែល​​អ្នក​មិន​ចង់​ ឬ​ផ្ទុយ​ពី​គំនិត​របស់​អ្នក។ បើ​​​គិត​ថា ការ​ស្រប​តាម​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​មិន​ប្រកែក​ទាល់​តែ​សោះ​ទើប​ល្អ អ្នក​ភាន់​ច្រឡំ​ធំ​ហើយ។ មនុស្ស​ប្រុស​នឹង​គោរព​​មើល​ឃើញ​ពី​តម្លៃ ដរាប​ណា​អ្នក​មាន​គំនិត​ផ្ទាល់​ខ្លួន មិន​ទោរទន់​​​តាម​​​គេ​។

១១. ចេះ​គោរព​​​មនុស្ស​ជុំ​វិញ​ខ្លួន​

ចង់​ឲ្យ​គេ​គោរព ត្រូវ​តែ​ចេះ​គោរព​គេ​វិញ​ដូច​គ្នា។ ប្រឹង​ធ្វើ​ម៉ឺងម៉ាត់​កាច​ជ្រុល​ពេក​ក៏​មិន​កើត​ដែរ ព្រោះ​តម្លៃ​ពិត​ស្ថិត​នៅ​លើ​សន្តាន​ចិត្ត ចេះ​ជួយ​ចែក​រំលែក​ទុក្ខ​ធុរៈ​និង​គោរព​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​​មក​។

តម្លៃ​ប្រៀប​បាន​ដូច​ជា​ពេជ្រ​មិន​ទាន់​ច្នៃ កាល​ណា​អ្នក​អាច​រក​ឃើញ​ពី​តម្លៃ​ពិត​និង​រក្សា​ឲ្យ​​បាន​គង់​វង្ស​ វា​នឹង​មាន​​ពន្លឺ​ចែងចាំង​ស្រស់ថ្លា​​ នរណាៗ​ក៏​ប្រាថ្នា​​ចង់​បាន​គ្រប់​គ្នា៕

រូបតំណាង

ចុចអានបន្ត៖ រឿង ៥ យ៉ាង មនុស្សស្រីរីករាយនិងមានទំនុកចិត្តខ្ពស់ មិនបណ្តោយឲ្យយាយីសុភមង្គលរបស់នាង

ប្រភព៖ YouTube ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម