កុំ​រើស​យូរ​ពេក! ៧​​មូលហេតុ​​បង្ហាញ​ថា​អ្នក​​មិន​គួរ​នៅ Single ទៀត​ទេ

  • 2019-11-05 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យ​កាល​កាន់​តែ​ជឿនលឿន​ មនុស្ស​ដែល​សុខ​ចិត្ត​នៅលីវ​យូរ​ក៏​មាន​ចំនួន​កាន់​តែ​ច្រើន។ អាច​មាន​ហេតុផល​ជា​ច្រើន​ដែល​ពួក​គេ​សម្រេ​ច​ចិត្ត​មិន​ទទួល​យក ឬ​ស្វែង​រក​​ស្នេហា ប៉ុន្តែ​អ្នក​មាន​គូ​ជា​ច្រើន​ក៏​មាន​ហេតុផល​របស់​គេ​ដែរ​ដែល​ពួក​គេ​សម្រេច​ចិត្ត​មាន​ស្នេហា។ ខាង​ក្រោម​នេះ កញ្ញា​នឹង​បង្ហាញ​អំពី​គុណសម្បត្តិ​ខ្លះ​ៗ​ដែល​គ្រប់​គ្នា​នឹង​អាច​ទទួល​បាន​នៅ​ពេល​ជួប​ស្នេហា​ល្អ​មួយ៖

១. មិន​ឯកោ

គុណសម្បត្តិ​ដំបូង​គេ​នេះ​គឺ​អ្នក​នឹង​មិន​បាច់​ទ្រាំ​ឯកោ​ត​ទៀត​ឡើយ ព្រោះ​នៅ​ពេល​អ្នក​មាន​សង្សារ អ្នក​នឹង​មាន​មនុស្ស​ឲ្យ​នឹក មាន​មនុស្ស​ជជែក​គ្នា សួរ​សុខទុក្ខ ទៅ​ណា​មក​ណា​ជាមួយ​គ្នា​បាន មិន​បាច់​ត្រូវ​អង្គុយ​ញ៉ាំ​បាយ​ម្នាក់​ឯង​កណ្ដោចកណ្ដែង​ទៀត​ទេ។ ទោះ​បី​អ្នក​គឺ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ភាព​ស្ងប់ស្ងាត់ និង​ចូល​ចិត្ត​នៅ​ម្នាក់​ឯង​ប៉ុណ្ណា ប៉ុន្តែ​ប្រាកដ​ជា​មិន​អាច​បដិសេធ​បាន​ឡើយ​ថា​ក៏​មាន​ពេល​ខ្លះ​ដែល​មាន​អារម្មណ៍​ឯកោ។ ដូច្នេះ​ហើយ​ការ​មាន​ដៃ​គូ​នេះ​ហើយ​ដែល​នឹង​ជួយ​បំពេញ​ចន្លោះ​នៃ​អារម្មណ៍​ឯកោ​របស់​អ្នក​បាន។ បើ​មិន​ជឿ​ទេ​សាក​រក​សង្សារ​មួយ​ទៅ​ដឹង​ហើយ។

២. មាន​អ្នក​ស្ដាប់​រឿង​យើង​ពេល​យើង​មាន​បញ្ហា

មនុស្ស​ស្រី​ទោះ​បី​រឹងមាំ​ប៉ុណ្ណា ប៉ុន្តែ​ចុង​ក្រោយ​ក៏​ត្រូវ​ការ​មិត្ត​​ដែល​ជា​ដៃ​គូ​គំនិត​​ម្នាក់​ដដែល។ ការ​ដែល​មាន​មនុស្ស​ដែល​ចាំ​ស្ដាប់​បញ្ហា និង​ជួយ​គិត​​រក​ដំណោះស្រាយ​ជាមួយ​គ្នា​គឺ​ជា​អ្វី​ដែល​ល្អ​បំផុត ព្រោះ​វា​ជា​ហេតុផល​បញ្ជាក់​ថា​អ្នក​មិន​បាន​នៅ​តែ​ម្នាក់​ឯង​ទេ​លើ​លោក​នេះ មិន​ចាំបាច់​រ៉ាប់រង​បញ្ហា​ និង​ឧបសគ្គ​តែ​ម្នាក់​ឯង​ឡើយ។ យ៉ាងណា​ៗ​ការ​មាន​គូ​ស្នេហ៍​នៅ​ក្បែរ​ក៏​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កក់​ក្ដៅ​ជាង​នៅ​ម្នាក់​ឯង​ដែរ មែន​អត់?

៣. មាន​មនុស្ស​ដែល​យើង​អាច​ចែក​រំលែក​រឿង​ល្អ​ៗ​ជាមួយ​បាន

ធ្លាប់​ទេ នៅ​ពេល​ជួប​អ្វី​ល្អ​ៗ ប៉ុន្តែ​មិន​ដឹង​ចែក​រំលែក​វា​ជាមួយ​អ្នក​ណា។ ចង់​និយាយ​ប្រាប់​មិត្តភ័ក្ដិ មិត្តភ័ក្ដិ​ក៏​មាន​សង្សារ​អស់ ថែម​ទាំង​អាច​មិន​សូវ​ចាប់​អារម្មណ៍​ចង់​ស្ដាប់​រឿង​យើង​ទៅ​ទៀត។ ការ​លាក់​ទុក​រឿង​ល្អ​ៗ​តែ​ម្នាក់​ឯង​វា​ក៏​មាន​ក្ដី​សុខ​ដែរ ប៉ុន្តែ​វា​មិន​សូវ​សប្បាយ​ដូច​ដែល​បាន​និយាយ​ប្រាប់​អ្នក​ណា​ម្នាក់​ទេ​មែន​អត់? តែ​បើ​មាន​សង្សារ អ្នក​នឹង​អាច​ចែក​រំលែក​វា​ជាមួយ​គេ​បាន។

៤. មាន​អ្នក​មើល​ថែ

ទោះ​អ្នក​និយាយ​ថា​វា​មិន​ចាំបាច់ ព្រោះ​អ្នក​អាច​មើល​ថែ​ខ្លួន​ឯង​បាន​ក៏​ដោយ​ចុះ ប៉ុន្តែ​ការ​ដែល​មាន​មនុស្ស​ចាំ​មើល​ថែ វា​ក៏​ល្អ​ជាង​ដែរ​មែន​ហ្អេ? វា​មិន​អាស្រ័យ​លើ​ថា​តើ​យើង​រឹងមាំ ឬ​ទន់​ខ្សោយ​​អ្វី​ទេ ប៉ុន្តែ​វា​រឿង​ធម្មជាតិ​មួយ​ដែល​យើង​ត្រូវ​ការ​ការ​ខ្វល់ខ្វាយ និង​យក​ចិត្ត​ទុក​ដាក់។

៥. មាន​កម្លាំង​ចិត្ត

កម្លាំង​ចិត្ត​ក៏​ជា​បច្ច័យ​ដ៏​សំខាន់​មួយ​ដែរ​ចំពោះ​ការ​ដំណើរ​ជីវិត​របស់​យើង។ មនុស្ស​ជា​ច្រើន​អ្នក​ប្រហែល​ជា​អាច​កសាង​កម្លាំង​ចិត្ត​ដោយ​ការ​ស្វែង​រក​​ការ​ជំរុញ​ចិត្ត​ផ្សេង​ៗ​សម្រាប់​ខ្លួន​ឯង ប៉ុន្តែ​វា​ក៏​មិន​ប្រាកដ​ថា​គ្រប់​គ្នា​អាច​ធ្វើ​បាន​ដូច្នេះ​ទេ។ ដូច្នេះ​ហើយ​ការ​មាន​ដៃ​គូ​ នឹង​ជា​ប្រភព​នៃ​កម្លាំង​ចិត្ត​ល្អ​ៗ មិន​ថា​អ្នក​បរាជ័យ បាក់​ទឹក​ចិត្ត​យ៉ាង​ណា យ៉ាង​ហោច​ណាស់​អ្នក​ក៏មាន​មនុស្ស​ម្នាក់​នៅ​ក្បែរ ចាំ​និយាយ​រឿង​កំប្លែង​ៗ​ឲ្យ​ស្ដាប់ នាំ​ទៅ​ញ៉ាំ​អី​ឆ្ងាញ់​ៗ។ តែ​ប៉ុណ្ណឹង​ក៏​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ប្រសើរ​ឡើង​បាត់​ទៅ​ហើយ។

៦. មាន​អារម្មណ៍​សុវត្ថិភាព កក់​ក្ដៅ

ព្រោះ​ថា​កើត​ជា​មនុស្ស​ស្រី​ពិត​ជា​មិន​ងាយ​ស្រួល​ទេ មិន​ថា​យុគ​សម័យ​ណា មនុស្ស​ស្រី​តែង​ត្រូវ​ការ​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ជានិច្ច។ ការ​មាន​សង្សារ​ចាត់​ទុក​ថា​ជា​ការ​បន្ថែម​សុវត្ថិភាព​មួយ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត។ គូ​ខ្លះ ទោះ​បី​មិន​បាន​នៅ​ជាមួយ​គ្នា ប៉ុន្តែ​យ៉ាង​ហោច​នៅ​ពេល​មាន​បញ្ហា អ្នក​ក៏​អាច​ទូរសព្ទ​សួរ​គេ សុំ​ជំនួយ​ពី​គេ​បាន បែប​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​កក់​ក្ដៅ។

៧. បំពេញ​ចំណែក​ដែល​ខ្វះ​ខាត

ចំណុច​ចុង​ក្រោយ​នេះ​គឺ​ជា​អ្វី​ដែល​រ៉ូមែនទិក​បំផុត ព្រោះ​ការ​មាន​សង្សារ​គឺ​សំដៅ​លើ​ការ​មាន​មនុស្ស​ម្នាក់​មក​បំពេញ​ចំណែក​ដែល​ខ្វះ​ខាត​របស់​យើង។ អ្នក​ខ្លះ​ក៏​មិន​ដឹង​ខ្លួន​ថា​ខ្លួន​ឯង​ខ្វះ​អ្វី អាច​ដោយ​សារ​ស៊ាំ​ជាមួយ​ការ​រស់​នៅ​ម្នាក់​ឯង។ ឧទាហរណ៍ នៅ​ពេល​នៅ​លីវ​អ្នក​​រមែង​ធ្វើ​អ្វី​ដដែល មិន​ចូល​ចិត្ត​ផ្លាស់​ប្ដូរ​អី​ច្រើន​ទេ ប៉ុន្តែ​នៅ​ពេល​មាន​សង្សារ​ គេ​អាច​នឹង​នាំ​អ្នក​ទៅ​ធ្វើ​អ្វី​ថ្មី​ៗ មិន​ថា​ជា​ការ​ដើរ​លេង លេង​ហ្គេម ធ្វើ​សកម្មភាព​សប្បាយ​ៗ​នានា ទៅ​កន្លែង​ដែលមិន​ធ្លាប់​ទៅ ឬ Surprise ផ្សេង​ៗ។ វា​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត និង​ទទួល​បាន​បទពិសោធន៍​ថ្មី​ៗ​ទៀត​ផង ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម