៥ វិធីជួយឱ្យអ្នកបាត់ខ្ជិល បែរមកជាឧស្សាហ៍មានកម្លាំងថាមពលឡើងវិញ

  • 2019-11-21 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​ខ្ជិល​ច្រអូស​ ជា​សញ្ញា​អាក្រក់​មួយ​ដែល​នរណា​ៗ​ក៏​ធ្លាប់​មាន​ដែរ។ បើក​ភ្នែក​ឡើង​គ្រាន់​តែ​​នឹក​គិត​ឬ​សម្លឹង​​ឃើញ​ដល់​កិច្ចការ​ដែល​ត្រូវ​ធ្វើ​នៅ​នឹង​មុខ បែរ​ជា​មាន​អារម្មណ៍​ថា​ធុញ​មិន​ចង់​ធ្វើ​អ្វី​ទាំងអស់​ទៅ​វិញ​។​ កុំ​ថា​ឡើយ​ធ្វើ​ ជួន​កាល​សូម្បី​​តែ ក្រោក​​ឡើង​ក៏​​ក្រោក​មិន​ចង់​រួច ចង់​តែ​ដេក​ននាល​លើ​ពូក ទៅ​ណា​មក​ណា​យឺត​ស្ទើរ​គ្រប់​ពេល​។ ទុក​យូរ​ទៀត​មិន​បាន​ទេ​ ត្រូវ​តែ​រក​វិធី​បំបាត់​ភាព​ខ្ជិល ទើប​អាច​ធ្វើ​អ្វី​​ៗ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​។

១. កំណត់​គោលដៅ​និង​ជូន​រង្វាន់​ដល់​ខ្លួន​ឯង

ការ​ចេះ​​កំណត់​គោលដៅ​ជា​រឿង​ចម្បង​ដែល​អ្នក​​ត្រូវ​ធ្វើ។ នៅ​ពេល​ដែល​អ្នក​​​ដឹង​ពី​ទិសដៅ​ច្បាស់​លាស់ វា​​​ប្រៀប​​បាន​ដូច​ជា​​កម្លាំង​ថាមពល ដែល​អាច​ជួយ​ជម្រុញ​​ ឱ្យ​​អ្នក​​​រក​ឃើញ​ផ្លូវ​​ត្រូវ​ទៅ​​កាន់​កន្លែង​ដែល​បាន​គ្រោង​ទុក។ ទន្ទឹម​គ្នា​នេះ​ដែរ កុំ​ភ្លេច​ជូន​រង្វាន់​ដល់​ខ្លួន​ឯង រាល់​ពេល​ធ្វើ​អ្វី​មួយ​បាន​ជោគជ័យ ទោះ​បី​ជា​​តូច​ឬ​ធំ​ក៏​ដោយ ព្រោះ​មា​ន​តែ​ខ្លួន​អ្នក​នេះ​ហើយ ដែល​ជា​មនុស្ស​ដំបូង​អាច​លើក​​ទឹក​ចិត្ត​ខ្លួន​ឯង​គ្រប់​ពេល​វេលា។

២. រាយ​ក្នុង​បញ្ជី

ការ​សរសេរ​កំណត់​ចំណាំ​ក្នុង​សៀវភៅ​តូច​មួយ អាច​ជួយ​ឱ្យ​អ្នក​ធ្វើ​កិច្ចការ​ផ្សេងៗ បាន​ល្អ​ប្រសើរ​ជាង​មុន។ ​​អ្នក​ក៏​​ពុំ​ចាំ​​បាច់​បង្ខំ​ឱ្យ​ខួរ​ក្បាល​​ត្រូវ​គិត​ចង​ចាំ​រឿង​យ៉ាង​​ពេក​​នាំ​ឲ្យ​ស្មុគស្មាញ​ដែរ។ រឿង​ណា​​ចាំបាច់​គួរ​ធ្វើ​មុន រឿង​ណា​មិន​ទាន់​​បាន​ធ្វើ​ អាច​​ចាប់​ផ្តើម​ជា​បន្តបន្ទាប់​ដោយ​មិន​អូស​បន្លាយ​ទុក​យូរ​។

៣. ឈប់​ប្រើ​ពាក្យ “ចាំ​នេះ​ចាំ​នោះ​ត​ទៀត”

នរណា​ដែរ​ថា​​មិន​ធ្លាប់​ប្រើ​ពាក្យ​មួយ​ឃ្លា​​នេះ​? ភាគ​ច្រើន​តែង​បោក​ប្រាស់​ប្រាប់​​ខ្លួន​ឯង​ថា ចាំ​ថ្ងៃ​នេះ​ថ្ងៃ​នោះ ចាំ​ស្អែក​ ចាំ​​ពេល​ក្រោយ​ធ្វើ​ក៏​បាន។ ទាំង​នោះ​ហើយ​ជា​មូលហេតុ បណ្ដាល​​ឱ្យ​កិច្ចការ​គរ​លើ​គ្នា​​ច្រើន ​នាំ​ឱ្យ​​អ្នក​កាន់​តែ​​ធុញ​​និង​ខ្ជិល​​លើស​ដើម ដូច្នេះ​គួរ​ព្យាយាម​បញ្ចប់​កិច្ច​ការ​ផ្សេងៗ​​ឱ្យ​រួច​រាល់​ត្រឹម​ត្រូវ​។​

៤. មាន​ទម្លាប់​ល្អ​រាល់​ថ្ងៃ

ភាព​ជោគជ័យ​ចេញ​មក​ពី​ទម្លាប់​ល្អ​នេះ​ហើយ។ ពេល​ដំបូងៗ​ អ្នក​អាច​នឹង​​​​ពិបាក​សម្រប​ខ្លួន​ជាមួយ​នឹង​ទម្លាប់​ថ្មី ប៉ុន្តែ​យូរ​ៗ​ទៅ ការ​ខិត​ខំ​មាន​ទម្លាប់​ល្អ ដូច​ជា​​ភា្ញក់​​ពី​ព្រលឹម អាន​សៀវភៅ​ កាត់​បន្ថយ​​ការ​ចុច​ទូរសព្ទ ឬ​​ហាត់​ប្រាណ​ជា​ដើម នឹង​ធ្វើ​ឱ្យ​រាង​កាយ​​រួម​ទាំង​ខួរក្បាល ចាប់​ផ្តើម​ស៊ាំ​និង​ញៀន​ជាមួយ​នឹង​ទម្លាប់​ល្អ​​​ដែល​អ្នក​តែង​ធ្វើ​ជា​ប្រចាំ។

៥. គិត​ពី​លទ្ធផល

រាល់​ពេល​ដែល​មាន​អារម្មណ៍​​ថា​ខ្ជិល​ខ្លាំង ដាច់​ខាត​ត្រូវ​ប្រកាន់​ខ្ជាប់​គំនិត​វិជ្ជមាន និង​​​គិត​ថា​បើ​អ្នក​ឧស្សាហ៍​ព្យាយាម​ជាង​នេះ នោះ​អ្នក​​នឹង​ទទួល​បាន​លទ្ធផល​​​​​ជា​ទី​គាប់​ចិត្ត មិន​មែន​នៅ​ស្ទក់​ៗ​ដើរ​ក្រោយ​គេ​។ ធ្វើ​អ្វី​ក៏​ដោយ តែង​មាន​ផល​ល្អ​ឬ​​មិន​ល្អ​ ជា​​រឿង​​ធម្មតា សំខាន់​អ្នក​មិន​រារែក បាក់​ទឹក​ចិត្ត​ពេល​ឃើញ​លទ្ធផល​មិន​ល្អ។ ហើយ​នៅ​តែ​អាច​បន្ត​​​ដំណើរ​ទៅ​មុខ​រហូត​​ទទួល​បាន​ជោគជ័យ។

ដើម្បី​បង្កើន​​​​ថាមពល​​​ឱ្យ​ខ្លួន​ឯង​កាន់​តែ​ឧស្សាហ៍​ព្យាយាម​ទ្វេ​ដង អ្នក​គួរ​តែ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​ ដោយ​ការ​ចេញ​ទៅ​ខាង​ក្រៅ​ស្រូប​យក​ខ្យល់​អាកាស​និង​​ពន្លឺ​ព្រះអាទិត្យ ព្រោះ​វា​​អាច​​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់​ស្រាយ​​ ចំណែក​ឯ​ការ​ចង​ចាំ​ក៏​ល្អ​ប្រសើរ។ បន្ទាប់​មក​ត្រូវ​ដក​ដង្ហើម​ចេញ​ចូល​ឱ្យ​បាន​វែងៗ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​លើស​សម្ពាធ​ឈាម និង​ចង្វាក់​បេះដូង។ វិធី​មួយ​ផ្សេង​ទៀត​ ដែល​អាច​ចូល​ទៅ​ដាស់​ខួរ​ក្បាល​ឱ្យ​ភ្ញាក់​ឡើង​ គឺ​ការ​ទទួល​ទាន​ភេសជ្ជៈ​ដែល​​មាន​ជាតិ​កាហ្វេអ៊ីន​ ដូចជា​តែ​​ឬ​​កាហ្វេ​ជាដើម​ ប៉ុន្តែ​​ដាច់​ខាត​មិន​ត្រូវ​ផឹក​លើស​កម្រិត​ទេ ព្រោះ​​វា​អាច​​ប៉ះពាល់​ដល់​សុខភាព​និង​បង្ក​ទៅ​ជា​អាការៈ​គេង​មិន​លក់៕

ចុចអានបន្ត៖ ទង្វើប្រចាំថ្ងៃដែលអ្នកពុំសូវចាប់អារម្មណ៍ ប៉ុន្តែវាអាចបំផ្លាញសុខភាពបេះដូងធ្ងន់ធ្ងរ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សរ សុគន្ធី