ពាក្យបណ្តាំចុងក្រោយដ៏មានន័យ ពីមហាសេដ្ឋីវេជ្ជបណ្ឌិត ធ្វើឲ្យមនុស្សគ្រប់គ្នាចងចាំទុកជារៀងរហូត

  • 2019-11-04 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អស់​រយៈ​ពេល​ ៧​ឆ្នាំ​​មក​ហើយ ដែល​វេជ្ជបណ្ឌិត​ដ៏​មាន​ទេពកោសល្យ Richard Teo បាន​បាត់​បង់​ជីវិត ប៉ុន្តែ​រឿង​ដែល​មនុស្ស​គ្រប់​គ្នា​នៅ​ចងចាំ​​​បំភ្លេច​មិន​បាន​នោះ​គឺ ពាក្យ​បណ្តាំ​ចុង​ក្រោយ​បង្កប់​ដោយ​អត្ថន័យ​ជ្រាលជ្រៅ ដែល​លោក​បាន​បន្សល់​ទុក​។ ក្នុង​អាជីព​ការងារ​ជា​វេជ្ជបណ្ឌិត​វះកាត់​កែ​សម្ផស្ស​ ដែល​មាន​កេរ្តិ៍​ឈ្មោះ​​ល្បីល្បាញ​មួយ​រូប​​នៅ​ក្នុង​ប្រទេស​សិង្ហបុរី អ្វី​ដែល​គាត់​​សោក​ស្តាយ​បំផុត មុន​ពេល​ស្លាប់​​ទៅ មិន​មែន​​ស្ថិត​នៅ​​លើ​ទ្រព្យ​សម្បត្តិ​ឬ​មុខ​មាត់​ក្នុង​សង្គម​ឡើយ ប៉ុន្តែ​ជា​​​​ពាក្យពេចន៍​ទាក់​ទង​ទៅ​នឹង "សុភមង្គល​ពិត” ដែល​​បាន​ឆ្លង​កាត់​ក្នុង​ជីវិត និង​ចង់​ចែក​រំលែក​គំនិត​​ល្អ​ៗ​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា ដើម្បី​កុំ​ឲ្យ​ស្តាយ​ក្រោយ​​ដូច​ជា​រូប​គាត់។

ក្នុង​វ័យ​២០​ឆ្នាំ៖ គាត់​​ឲ្យ​និយមន័យ​ " ទំហំ​នៃ​សុភមង្គល​​គឺស្ថិត​​នៅ​លើ​​ទឹក​លុយ"

​​​កើត​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​លំបាក វេជ្ជបណ្ឌិត Teo Keng Siang (ឈ្មោះ​ពិត) តែង​តែ​មាន​គំនិត​ចង់​ឲ្យ​ជីវិត​មាន​ការ​ផ្លាស់ប្តូរ។ កាល​នៅ​វ័យ​ក្មេង គាត់​បាន​យល់​ឃើញ​ថា ​មាន​តែ​ភាព​ជោគជ័យ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ឲ្យ​​សប្បាយ​រីករាយ។ សម្រាប់​លោក ភាព​ជោគជ័យ​គឺ​ត្រូវ​វាស់​ស្ទង់​នៅ​លើ​​ទ្រព្យសម្បត្តិ ដូច្នេះ​ហើយ​​ ទើប​​បាន​ជា Richard តែង​តែ​ខិត​ខំ​ប្រឹង​រក​លុយ​ខ្លាំង​ណាស់។ មិន​ថា​ធ្វើ​រឿង​អ្វី​ក៏​ដោយ គាត់​តែង​ចង់​បាន​តំណែង​លេខ​មួយ​លើស​គេ​ជានិច្ច​ ដូច​ជា​សិស្ស​ពូកែ​​ប្រចាំ​​សាលារៀន ​ទទួល​បាន​មេដាយ​មាស​​ពី​ការ​លេង​កីឡា និង​ពាន​រង្វាន់​ថ្នាក់​ជាតិ​​ជា​ដើម​។ គាត់​មិន​ដែល​ចង់​ចាញ់​នរណា​ម្នាក់​ដាច់​ខាត។ ក្រៅ​ពី​នេះ លោក​វេជ្ជបណ្ឌិត ក៏​បាន​ចូល​រៀន​​ផ្នែក​ជំងឺ​ភ្នែក ដែល​ជា​មុខ​ជំនាញ​​ពោរពេញ​ដោយ​ការ​​ប្រកួតប្រជែង​នៅ​ក្នុង​វិស័យ​វេជ្ជសាស្រ្ត។ ស្រប​ពេល​ជាមួយ​គ្នា​ គាត់​​ក៏​​ទទួល​បាន​អាហារូបករណ៍ ផ្នែក​ឡាស៊ែរ​ភ្នែក ពី​សាកលវិទ្យាល័យ​ថ្នាក់​​ជាតិ​​ នៃ​ប្រទេស​សិង្ហបុរី​ផង​​ដែរ។ ប៉ុណ្ណឹង​​មិន​ទាន់​គ្រប់គ្រាន់​នៅ​​​ឡើយ​ទេ លោក​​បាន​បន្ត​បើក​ហាង​កែ​សម្ផស្ស បន្ទាប់​ពី​រៀន​ចប់​ ដោយ​សារ​គិត​ថា​ទាល់​តែ​មាន​លុយ​និង​មាន​កេរ្តិ៍​ឈ្មោះ​ទើប​​អស្ចារ្យ​គេ​ឯង​កោត​ស្ញប់ស្ញែង​​។

​​​ក្នុង​វ័យ​៣០​ឆ្នាំ៖ ​ គាត់​​ឲ្យ​និយមន័យ "សុភមង្គល​គឺ​​ជា​ការ​​ពេញចិត្ត​រីករាយ​នឹង​​ចំនួន​​លុយ​និង​តំណែង​​​ដែល​កំពុង​មាន”​​

ការ​​រក​ស៊ី​ធ្វើ​ជំនួញ​បើក​ហាង​កែ​សម្ផស្ស​ បាន​ធ្វើ​ឲ្យ Richard Teo មាន​ទ្រព្យសម្បត្តិ​ហូរហៀរ​និង​ល្បី​ល្បាញ​ខ្លាំង​ណាស់​។ លោក​បាន​បញ្ជាក់​ទៀត​ថា "ក្នុង​មួយ​ឆ្នាំ​ៗ​​បើ​និយាយ​ពី​ចំណូល​សរុប គឺ​ខ្ទង់​លាន​ដុល្លារ​ឯណោះ" ។ ចាប់​ផ្តើម​តាំង​ពី​ខ្លួន​មួយ រហូត​​ជួល​បុគ្គលិក​ជា​ច្រើន​​​​នាក់​​ឲ្យ​ធ្វើការ​ជាមួយ និង​​បាន​ពង្រីក​សាខា​ជា​ច្រើន​កន្លែង ថែម​ទាំង​មាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ទៀត​ផង។ សាខា​កាន់​តែ​រីក លុយ​​កាន់​តែ​ច្រើន​ ជីវិត​ក៏​កាន់​តែ​មាន​ន័យ​" Richard បន្ត។

ដោយ​សារ​តែ​ទទួល​បាន​ជោគជ័យ​ក្នុង​វ័យ​ក្មេង Richard Teo រំភើប​សប្បាយ​ចិត្ត​​រក​​អ្វី​ប្រៀប​ផ្ទឹម​​​ពុំ​បាន​។ គាត់​បាន​ចំណាយ​លុយ លើ​​អ្វី​ដែល​ខ្លួន​​​​ចង់​ធ្វើ ទិញ​ឡាន​ទំនើប Ferrari 430 ទិញ​ផ្ទះ​​​​ធំ​ស្កឹមស្កៃ និង​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ ដែល​អាច​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ល្អ ជាង​អ្វីៗ​ទាំង​អស់។​

​​​​ក្នុង​វ័យ​៣៨​ឆ្នាំ៖ គាត់​បាន​កើត​ជំងឺ​មហារីក និង​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ពិត​ជា​ឯកា​បំផុត​​​

ជីវិត​មិន​អាច​ទាយ​ត្រូវ​ពិត​មែន។ វេជ្ជបណ្ឌិត Richard Teo ចាប់​ផ្តើម​ឈឺ​ចុក​ចាប់​ផ្នែក​ឆ្អឹង​ខ្នង​ នៅ​ក្នុង​ឆ្នាំ ២០១០ ហើយ​បាន​​​សន្និដ្ឋាន​ថា​មូលហេតុ​​បណ្តាល​​មក​ពី​ការ​ហាត់​ប្រាណ​នៅ​ក្លឹប។ ក្រោយ​មក​ទៀត គាត់​បាន​សង្កេត​ឃើញ​ភាព​មិន​ប្រក្រត្រី នៅ​ក្នុង​ឆ្អឹង​ខ្នង។ ដោយ​សារ​​សឹង​មិន​ជឿ​ថា​ខ្លួន​ឯង​មាន​បញ្ហា​សុខភាព គាត់​​បាន​​ធ្វើ​តេស្ត​ពិនិត្យ​រក​មើល​ជំងឺ​ជា​ច្រើន​មុខ​​ ទីបំផុត​លទ្ធផល​បង្ហាញ​ថា គាត់​មាន​ជំងឺ​មហារីក​​សួត​ដំណាក់​​កាល​ទី​៤ បាត់​ទៅ​ហើយ។ កោសិកា​មហារីក បាន​ជ្រាប​សាយភាយ​ ទៅ​កាន់​ខូរក្បាល ឆ្អឹង​ខ្នង ថ្លើម និង​ក្រពេញ​ម្យ៉ាង​​ហៅ​​ថា  adrenal។ បន្ទាប់​ពី​មាន​ជីវិត​ស្រស់ស្រាយ លោក​វេជ្ជបណ្ឌិត បាន​រង​ទុក្ខ​ក្រៀម​ក្រំ​ស្ទើរ​ធ្លាក់​ដល់​កម្រិត​សូន្យ ថែម​ទាំង​ទទួល​ស្គាល់​ថា​ជីវិត​របស់​លោក ពិត​ជា​ឯកា​ខ្លាំង​បំផុត។ លុយ​ ឡាន​ ផ្ទះ​ធំ លែង​មាន​ន័យ​សម្រាប់​លោក​ត​ទៀត​ ហើយ​ក៏​មិន​អាច​ជួយ​អ្វី​បាន​ដែរ។

តើ​អ្វី​ទៅ​ដែល​ជា​សុភមង្គល​ពិត​ប្រាកដ​?

ដើរ​ដល់​ចំណុច​នេះ​ទើប​ Richard Teo អាច​ដឹង​ច្បាស់​ថា​ តើ​សុភមង្គល​​ពិត​ប្រាកដ​គឺ​ជា​អ្វី? វា​គឺ​ជា​ពេលវេលា​ ដែល​​អ្នក​គួរ​ចំណាយ​​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ មិត្តភ័ក្តិ ក្រុម​គ្រួសារ និង​មនុស្ស​​ដែល​​ធ្លាប់​ចែក​រំលែក​ក្តី​សុខ​និង​ទុក្ខ​ជាមួយ​គ្នា​ពី​មុន​មក។ ទម្រាំ​បាន​ដឹង គឺ​ហួស​ពេល​អស់​ទៅ​ហើយ ព្រោះ​​តែ​ភាព​ចង់​មាន​បាន​ ងប់ងុល​នឹង​ទ្រព្យ​សម្បត្តិ​មុខមាត់​ខ្លាំង​ពេក ធ្វើ​ឲ្យ​គាត់​ខក​ខាន​មិន​អាច​​បែក​ចែក​ពេល​វេលា​ឲ្យ​បាន​ត្រឹម​ត្រូវ មិន​អាច​បក​ក្រោយ​វិញ​បាន​ មាន​តែ​ពាក្យ​ថា "ស្តាយ​ក្រោយ" នា​ដង្ហើម​ចុង​ក្រោយ។ គាត់​សង្ឃឹម​ថា ការ​ចែក​រំលែក​បទ​ពិសោធន៍​មួយ​នេះ​អាច ជួយ​ឲ្យ​អ្នក​​​ចេះ​ឲ្យ​តម្លៃ​ចំពោះ​មនុស្ស​គ្រប់​គ្នា​នៅ​ជុំ​វិញ​ខ្លួន​។ ទាន់​ឱកាស​មាន​ ត្រូវ​​មើល​ថែរក្សា មនុស្ស​ដែល​ស្រលាញ់​យក​ចិត្ត​ទុកដាក់​មក​លើ​អ្នក​ បង្កើត​ការ​ចង​ចាំ​ល្អ​ៗ​ជាមួយ​គ្នា​ឲ្យ​បាន​ច្រើន ទាំង​នេះ​ហើយ​ទើប​ចាត់​ទុក​ជា​ សុភមង្គល ពិត​ប្រាកដ​ក្នុង​ជីវិត​។

គួរបញ្ជាក់ដែរថា មហាសេដ្ឋីវេជ្ជបណ្ឌិត Richard Teo Keng Siang បានទទួលមរណភាព នៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១២ ក្នុងអាយុ ៤០ ឆ្នាំ៕

ចុចអានបន្ត៖ ពេលកើតទុក្ខ កុំសំងំយំតែឯង មានដំណោះស្រាយ ៦ យ៉ាង គួរធ្វើភ្លាមៗ

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម