ពេលកើតទុក្ខ កុំសំងំយំតែឯង មានដំណោះស្រាយ ៦ យ៉ាង គួរធ្វើភ្លាមៗ

  • 2019-11-04 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឥឡូវ​នេះ​​ប្រហែល​ជា​អ្នក​កំពុង​ជួប​បញ្ហា​ច្រើន​​ណាស់​ហើយ។ អារម្មណ៍​វិលវល់​ស្មុគស្មាញ គិត​អ្វី​មិនបាន​ឆ្ងាយ មាន​តែ​សំងំ​យំ​តែ​ម្នាក់​ឯង។ បើ​ទោះ​ជា​ពេល​បង្ហូរ​ទឹក​ភ្នែក អាច​ជួយ​​ឲ្យ​អ្នក​​ធូរ​ទ្រូង​បន្តិច​មែន​ ប៉ុន្តែ​វា​​មិនមែន​ជា​វិធី​​ល្អ​នោះ​ទេ។ ដំណោះ​ស្រាយ​ត្រឹម​ត្រូវ​ ទើប​អាច​សង្គ្រោះ​ខ្លួន​ឯង​ចេញ​ពី​ទុក្ខ​អាក្រក់​​ទាំង​នោះ​។​

​១. ចំណាយ​ពេល​ ៣​នាទី បំភ្លេច​បញ្ហា​ឲ្យ​អស់​សិន ហើយ​សម្រាក​មើល​រឿង​តុក្កតា​​លំហែ​អារម្មណ៍

រឿងរ៉ាវ​ទុក្ខ​សោក​​ទាំង​អំបាលម៉ាន បំភ្លេច​ចោល​សិន​ទៅ ហើយ​សាកល្បង​​យក​ពេល​វេលា​នេះ​​​មើល​រឿង​តុក្កតា​វិញ​ម្តង។​ រូបភាព សំឡេង រួម​ទាំង​សាច់​រឿង​បង្កប់​អត្ថន័យ​អប់រំ កម្សាន្ត​ លើក​ទឹក​ចិត្ត​ឲ្យ​មាន​ភាព​ក្លាហាន​រឹង​មាំ អាច​ជួយ​ឲ្យ​អ្នក​បាន​លំហែ​អារម្មណ៍ និង​មិន​ផ្តោត​លើ​បញ្ហា​ជា​ធំ​។

​២. ចំណាយ​ពេល ៥នាទី កត់​ត្រា​នូវ​អ្វី​​ដែល​​ជា​សមិទ្ធផល​ធ្លាប់​ទទួល​បាន​ក្នុង​ជីវិត​

មុន​នឹង​បន្ទោស​​ថា​ខ្លួន​គ្មាន​បាន​ការ ចុះ​​មាន​នឹក​ស្រមៃ​ដល់​អ្វី​ដែល​ធ្លាប់​ទទួល​បាន​ពី​មុន​មក​ដែរ​ទេ? មិន​ថា​វា​ជា​សមិទ្ធផល​តូច​ឬ​ធំ​ក្តី​​ បើ​គិត​ឃើញ​ហើយ ត្រូវ​យក​ប៊ិច​កត់​ត្រា​ទុក​ក្នុង​សៀវភៅ​ផង។ កុំ​ចេះ​តែ​ប្រើ​គំនិត​អវិជ្ជមាន​ ចំពោះ​ខ្លួនឯង​ខ្លាំង​ពេក។

៣. ពេល​ធ្វើ​អ្វី​មួយ​ខុស ត្រូវ​ឈប់ ១០នាទី ដើម្បី​ទទួល​ស្គាល់​​​នូវ​អ្វី​ដែល​បាន​កើត​ឡើង

ព្រម​ទទួល​នូវ​ទង្វើ​​ដែល​បាន​ប្រព្រឹត្ត​ខុស​ ស្តាប់​ទៅ​ហាក់​បី​ដូច​ជា​ពិបាក​បន្តិច​ហើយ​ ប៉ុន្តែ​​ក៏​គ្រាន់​បើ​ជាង​មាន​កំហុស​ហើយ​មិន​ហ៊ាន​ទទួល​ស្គាល់​ដែរ។ មិន​ស្គាល់​​ការ​ពិត បញ្ហា​គ្រប់​យ៉ាង​ គ្មាន​ថ្ងៃ​ដោះស្រាយ​បាន​ឡើយ​។

៤. ចំណាយ​ពេល​ ១៥​នាទី ធ្វើ​អ្វី​ថ្មីៗ ឬ​អ្វី​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន

យក​ពេល​វេលា ធ្វើ​រឿង​ណា​ដែល​អាច​ជួយ​ឲ្យ​អ្នក​សប្បាយ​ចិត្ត។ មាន​គំនិត​ថ្មីៗ ច្នៃ​ប្រឌិត​របស់​ប្លែកៗ ទុក​គ្រាន់​​តាំង​មើល​ក្នុង​ផ្ទះ​ បន្លប់​ទុក្ខ​សោក​ចេញ​ពី​ខ្លួន​ឲ្យ​អស់។

៥. ចំណាយ​ពេល ២០នាទី ស្ប៉ា​ខ្លួន​ចេញ​ម្តង

​​នៅ​កន្លែង​ស្ប៉ា គេ​តែង​តែ​មាន​របៀប​រៀប​ចំ​តាម​ក្បួន​ខ្នាត​ និង​​ដាក់​ក្លិន​ក្រអូប​​ប្រហើរ ដើម្បី​ជួយ​បន្ធូរ​អារម្មណ៍​តាន​តឹង​របស់​អ្នក។ វា​​ជា​ជម្រើស​ដ៏​ល្អ​មួយ​ ប្រសិន​បើ​អ្នក​មិន​ចង់​ចេញ​ទៅ​ណា​ឆ្ងាយ​។ ហើយ​បើ​មាន​នៅ​ផ្ទះ​ស្រាប់​ទៀត​កាន់​តែ​ល្អ​ មិន​ចាំ​​បាច់​អស់​លុយ​ច្រើន​។

៦. ចំណាយ​ពេល ៣០នាទី អាន​សៀវភៅ​ល្អៗ

មិន​ខ្វះ​ទេ​សៀវភៅ​ល្អៗ ប៉ុន្តែ​គួរ​ជ្រើសរើស​មួយ​ណា​ដែល​អ្នក​ចូល​ចិត្ត​ខ្លាំង​បំផុត​។ អាច​ជា​សៀវភៅ​ប្រលោមលោក លើក​ទឹក​ចិត្ត​ផ្សេងៗ។​ កាលណា​អាន​កាន់​តែ​ច្រើន សាច់​រឿង​អាច​នឹង​ត្រូវ​ជាមួយ​នឹង​ជីវិត​របស់​អ្នក​ ធ្វើ​ឲ្យ​​យល់​ថា​លើ​លោក​នេះ មិន​មែន​តែ​អ្នក​ឡើយ​ដែល​មាន​ទុក្ខ​ ហើយ​គ្រប់​បញ្ហា​ទាំង​អស់​តែង​មាន​ដំណោះ​ស្រាយ​ជា​និច្ច គ្រាន់​តែ​ត្រូវ​ប្រើ​ពេល​យូរ​ឬ​ឆាប់​ប៉ុណ្ណោះ​៕

ចុចអានបន្ត៖

ប្រភព៖ sistacafe ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម