ព្យាយាម​ចាប់​កំហុស​អ្នកដទៃ គឺ​កំពុង​យក​ទុក្ខ​ដាក់​ខ្លួន​ហើយ

  • 2019-11-01 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ជីវិត​មនុស្ស​គ្រប់​រូប ជំនួស​ឲ្យ​ការ​ឆ្កឹះឆ្កៀល​កំហុស​អ្នក​ដទៃ សូម​រស់​នៅ​ដោយ​​ខ្វល់​តែ​ជាមួយ​រឿង​របស់​ខ្លួន​បាន​ហើយ ឲ្យ​បាន​ធូរស្រាល​ខ្លះ ព្រោះ​រាល់​ថ្ងៃ​គឺ​មាន​សម្ពាធ​គ្រប់គ្រាន់​ពេក​ហើយ។

រូបតំណាង

អ្វី​ដែល​យើង​ងាយ​ប្រទះ​ឃើញ​បំផុត​នោះ​គឺ នៅ​ពេល​ដែល​មាន​អារម្មណ៍ល្អ យើង​ឃើញ​អ្វី​ក៏​ចូល​ភ្នែក​ទាំង​អស់ មាន​រឿង​អី​ក៏​អាច​លើក​លែង​ឲ្យ​បាន។ ទោះ​បី​ជា​រឿង​ពិបាក​ទទួល​ដល់​ថ្នាក់​ណា​ក៏​ដោយ ក៏​យើង​អាច​ញញឹម​ឲ្យ​រឿង​កន្លង​ផុត​ទៅ​បាន​ដែរ។

នៅ​ពេល​ទាំង​នោះ មាន​អារម្មណ៍​ថា​ពិភពលោក​ទាំង​មូល​ហាក់​ដូច​ជា​មាន​សន្តិភាព អ្វី​ៗ​ក៏​ធូរស្រាល។ ប៉ុន្តែ​គ្រាន់​តែ​មាន​ក្ដី​បារម្ភ​បន្តិច ពិបាក​ចិត្ត​បន្តិច ខ្វាយខ្វល់​រឿង​អតីតកាល ឬ​អនាគត​នឹង​ធ្វើ​ឲ្យ​ពិភពលោក​ដែល​កំពុង​ស្រស់ស្អាត​នេះ ប្រែ​ទៅ​ជា​ផ្ទាំង​គំនូរ​ដ៏​អួរអាប់​មួយ​រំពេច។

រូបតំណាង

នៅ​ពេល​នោះ សំឡេង​សើច​លេង​សប្បាយ​របស់​កូន​ក្មេង នឹង​ស្ដាប់​ទៅ​គួរ​ឲ្យ​ធុញ សម្ដី​និយាយ​ចេញ​មក​របស់​អ្នក​ណា​ម្នាក់​ក៏​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត ឬ​មាន​របួស​ចិត្ត។ រឿង​តូចតាច​ដែល​មិន​​គួរ​យក​ចិត្ត​គិត​រាល់​ដង ក៏​ក្លាយ​ទៅ​ជា​បន្ទុក​មួយ។

ការ​ពិត​ទៅ មិន​មែន​ពិភពលោក​មាន​បញ្ហា​នោះ​ឡើយ តែ​បញ្ហា​គឺ​ស្ថិត​នៅ​លើ​ចិត្ត​យើង ​គឺ​យើង​ធ្វើ​ចិត្ត​ឲ្យ​ស្រាល​មិន​ទាន់​បាន។ ដោយ​ទាំង​ការ​ពិត រឿង​មិន​ធំដុំ​អ្វី​សោះ តែ​យើង​ដើរ​ចាប់​កំហុស​វា ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា​សំពាធ​មិន​ដឹង​ខ្លួន។

រូបតំណាង

នៅ​ក្នុង​សង្គម​នេះ យើង​តែង​មាន​ទំនោរ​មើល​អ្វី​ដែល​យើង​ចូលចិត្ត មនុស្ស​ដែល​យើង​ស្រលាញ់​ដោយ​ពណ៌​ស៊ី​ជម្ពូ និង​ផ្ទុយ​មក​វិញ មើល​អ្វី​ដែល​យើង​មិន​ចូលចិត្ត មនុស្ស​ដែល​យើង​មិន​ចូល​ចិត្ត​ដោយ​ពណ៌​ខ្មៅ។ ពោល​គឺ​ឲ្យ​តែ​អ្វី​ដែល​យើង​ស្រលាញ់​គឺ​សុទ្ធ​តែ​ល្អ  ហើយ​អ្វី​ដែល​ខ្លួន​ស្អប់​គឺ​សុទ្ធ​តែ​អាក្រក់។

រូបតំណាង

ដោយ​សារ​តែ​ទម្លាប់​នេះ​ហើយ យើង​បាន​អចេតនា​ដាក់​ទម្ងន់​លើ​ខ្លួន​ឯង​ដោយ​មិន​ដឹង​ខ្លួន ព្រោះ​ឃើញ​គេ​ធ្វើ​អ្វី​ក៏​មិន​ត្រូវ​ចិត្ត​យើង ចង់​ឲ្យ​តែ​គេ​មិន​បាន​សុខ។ ពេល​ឃើញ​គេ​មិន​បាន​សុខ យើង​ក៏​​បាន​ចិត្ត។ តែ​នេះ​គ្រាន់​តែ​ជា​រួបភាព​នៅ​នឹង​មុខ​ប៉ុណ្ណោះ តែ​នៅ​ក្នុង​ជម្រៅ​ចិត្ត​យើង ការ​ដែល​ឈ្នានីស​គេ​បែប​នេះ គឺ​ធ្វើ​ឲ្យ​ខ្លួន​រឹត​តែ​រង​ទុក្ខ​ប៉ុណ្ណោះ ព្រោះ​មួយ​ថ្ងៃ​ៗ គ្មាន​គិត​អ្វី​ក្រៅ​ពី​ទើស​គេ។

រូបតំណាង

សូម​គិត​ឡើង​វិញ​ចំពោះ​ទង្វើ​ទាំង​នេះ ហើយ​រឿង​ណា​ដែល​អាច​ឲ្យ​កន្លង​ហួស សូម​បណ្ដោយ​ឲ្យ​វា​ទៅ​តាម​ខ្យល់​ទៅ​ចុះ កុំ​ឲ្យ​ធ្ងន់​ខ្លួន៕

ចុចអាន៖ ​ ៥ ម៉ាត់ មិនគួរនិយាយទៅកាន់មនុស្សកំពុងតែមានបញ្ហាធុញថប់ពិបាកចិត្ត

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម