ឆែកមើលរោគសញ្ញា ចង់ដឹងខ្លួនឯងមានកើតស្រ្តេស ឬ Depression ដែរទេ

  • 2019-10-22 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មួយ​រយៈ​នេះ ​សង្កេត​ឃើញ​ថា​ចំនួន​អ្នក​​ធ្លាក់​ទឹក​ចិត្ត​កាន់​តែ​កើន​ឡើង។ ​ជាមួយ​នឹង​រោគ​សញ្ញា​នៃ​ការ​បាក់​ទឹក​ចិត្ត​របស់​មនុស្ស​មួយ​ចំនួន ជា​ការ​សង្ស័យ​និង​​មិន​ច្បាស់​ថា​ខ្លួន​កំពុង​ស្ថិត​ក្នុង​លក្ខខណ្ឌ​អ្វី​។ ​ក្នុង​នោះ​ក៏​មាន​អ្នក​​យល់​ច្រឡំ​រវាង​ការ​ស្រេ្តស​ និង Depression ​ផង​ដែរ។ ​តាម​ពិត​​​ទាំង​ពីរ​នេះ​មិន​ដូច​គ្នា​ទេ ​។ ដូច្នេះ ​សាក​ល្បង​តាម​ដាន​​និង​ត្រួត​ពិនិត្យ​រោគ​សញ្ញា​ខ្លួន​ឯង​ជា​មុន​សិន ​ថា​តើ​អ្នក​កំពុង​ស្រ្តេស ​ឬ កើត Depression ​។​

រូបតំណាង

**-ស្រេ្តស**

​ស្រេ្តស​គឺ​ជា​​​ការ​ផ្ដោត​លើ​ការ​គិត​អ្វី​មួយ​រយៈ​ពេល​ខ្លី​ដែល​កើត​ឡើង​ក្នុង​ជីវិត​រស់​នៅ​ហើយ​តែង​កើត​មាន​គ្រប់​​វ័យ​ទាំង​អស់។ ​វា​អាច​ដូច​ជា​ ​ពេល​ប្រលង​ ​ជម្លោះ​ជាមួយ​គ្រួសារ ឬ​គ្មាន​លុយ​ចាយ​គ្រប់​គ្រាន់​ជា​ដើម។ ​​ហេតុ​ផល​ដ៏​សាមញ្ញ​នេះ ​បណ្ដាល​ឲ្យ​​ក្លាយ​​ជា​ស្រេ្តស​ដ៏​ធំ​​សម្បើម​មួយ។ ​ជា​ទូ​ទៅ ​​ត្រូវ​បាន​គេ​រក​ឃើញ​យ៉ាង​តិច​ ៨០​ %​ លើ​គ្រប់​វ័យ​ទាំង​អស់។ ​

រូបតំណាង

​ស្រេ្តស ​ជះ​ឥទ្ធិពល​អាក្រក់​លើ​សុខភាព​និង​ផល​​អវិជ្ជមាន​លើ​ការ​រស់​នៅ​ផ្សេង​ៗ​។ ​អ្នក​ខ្លះ ​ថែម​ទាំង​គេង​មិន​លក់ ​បារម្ភ​ច្រើន​លើ​រឿង​ដែល​កន្លង​ផុត​ដដែរ​ៗ​រហូត​​​ឈាន​ដល់​ដោះ​ស្រាយ​ដោយ​ការ​លេប​ថ្នាំ។ ​​យ៉ាង​ណា​ក៏​ដោយ ​មាន​មនុស្ស​​មួយ​ចំនួន​បាន​កាត់​បន្ថយ​ស្រ្តេស​ដោយ​ខ្លួន​ឯង ​តាម​រយៈ​ការ​ចេញ​ដើរ​កម្សាន្ត​​ ​ដើរ​ផ្សារ​ទិញ​អីវ៉ាន់ ​​ឬ​ជួប​ជុំ​មិត្តភក្កិ​ជា​ដើម។ ​ម្ល៉ោះ​ហើយ ​ជីវិត​ក៏​ចាប់​ផ្ដើម​ប្រែ​ជា​ធម្មតា​វិញ។ ​ដូច្នេះ ​នេះ​ជា​សញ្ញា​ទូ​ទៅ​​ដែល​ចាត់​ទុក​ថា ​ "​ស្រ្តេស​" ។ វា​មិន​ត្រូរ​បាន​គេ​ហៅ​ថា ​Depression ​ឡើយ។ ​ដូច​នេះ ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​តាម​ដាន​រោគ​សញ្ញា​ទាំង​នេះ​សិន ​ថា​កំ​ពុង​ស្ថិត​ក្នុង​ដំណាក់​ការ​ស្រ្តេស​ឬ​យ៉ាង​ណា។

​រោគ​សញ្ញា​របស់​មនុស្ស​ដែល​កើត​ស្រ្តេស

-ផ្តោត​លើ​កិច្ចការ​អ្វី​មួយ​មិន​សូវ​បាន​ល្អ ​ចេះ​តែ​គិត​ថា​ខ្លួន​​មិន​អាច

​-ងងុយ​គេង

​-ការ​ចង​ចាំ​ចុះ​ខ្សោយ

​-គ្មាន​ថាម​ពល​ធ្វើ​អ្វី​មួយ

​-ខឹង​ច្រើន

​​-មិន​សូវ​ឃ្លាន ធុំ​អាហារ

​-មាន​អារម្មណ៍​ពិបាក​ក្នុង​ខ្លួន

​-គ្មាន​អារម្មណ៍​នឹង​ន ការ​សិក្សា​ឬ​ធ្វើ​ការ​មិន​សូវ​ប្រក្រតី​ដូច​មុន

រូបតំណាង

​-Depression

​​ជា​ជំ​ងឺ​មួយ​ប្រភេទ​ដែល​ជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង​ដែល​គ្រោះ​ថ្នាក់​​ដល់​ជីវិត។ អ្នក​កើត​ជំ​ងឺ​មួយ​ប្រភេទ​នេះ​មិន​ងាយ​ឆ្លង​កាត់​ឬ​ធ្វើ​សកម្មភាព​អ្វី​មួយ​​​រលូន​ដូច​មនុស្ស​ទូ​ទៅ ​ឬ​អ្នក​ត្រឹម​កើត​ស្រេ្តស​នោះ​ឡើយ។ ដោយសារ​តែ​ក្នុង​ខួរ​ក្បាល​ចេះ​តែ​ជំរុញ​ឲ្យ​គិត​ថា ​ពិបាក​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជុំ​វិញ។ ​ ​រោគ​សញ្ញា​មួយ​របស់​អ្នក​កើត Depression ​ចូល​ចិត្ត​សំ​ងំ​តែ​ម្នាក់​ឯង ​​ហើយ​រឿង​ទាំង​អស់​នេះ​ពេល​​ខ្លះ​យើង​មិន​​បាន​ចាប់​ថ្នាក់​។ ​​​ជួន​កាល ​អ្នក​កើត​ជំ​ងឺ​ជា​មនុស្ស​ឆ្លាត ​បុគ្គលិក​លក្ខណៈ​ល្អ ​​​វាង​វៃ ​ប៉ុន្តែ​រាល់​យប់​បែរ​​ជា​ពួក​គេ​ជា​មនុស្ស​ច្រើន​គិត​ថា​ខ្លួន​ឯង​ជា​​អ្នក​​​រង​នូវ​គ្រោះ​ថ្នាក់​ គ្មាន​ប្រយោជន៍​គ្រប់​ពេល​វេលា​ទៅ​វិញ​។

រូបតំណាង

Depression ​មិន​អាច​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង​បាន​ទេ។ ​វា​ទាម​ទារ​ការ​ព្យាបាល​ពី​គ្រូពេទ្យ​​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ​ដោយសារ​មាន​ហេតុ​ផល​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​កើត Depression ​ដូច​ជា​ខ្វះ​ការ​លើក​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ​ពេក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ​សម្ពាធ​ដោយសារ​ស្ថាន​ភាព​​ដ៏​តាន​តឹង​ក្នុង​ការ​រស់​នៅ ​​ឬ​រឿង​រ៉ាវ​សៅ​ហ្មង​ក្នុង​ចិត្ត​អស់​ពេល​ច្រើន​ឆ្នាំ​ជា​ដើម។ ​លើស​ពី​នេះ ​ក៏​មាន​កត្តា​ច្រើន​ដែល​រួម​បញ្ចូល​​គ្នា​ ទៅ​ជា​ភាព​ខុស​​ប្រក្រតី​បំផ្លាញ​ខួរ​ក្បាល ​ឲ្យ​ក្លាយ​ជា​ក្រៀម​ក្រំ​គ្រប​ដណ្ដប់​ចិត្ត​ដោយ​​ភាព​​ធុញ​ថប់​​គ្រប់​ពេល។

​រោគ​ស​ញ្ញា​នៃ​ជំ​ងឺ Depression

​-អស់​សង្ឃឹម​និង​តែង​តែ​បាក់​ទឹក​ចិត្ត

​-ចង​ចាំ​ពាក្យ​ដែល​គេ​និយាយ​មិន​ល្អ​ស្ទើរ​គ្រប់​ម៉ាត់​ក្នុង​ចិត្ត ​ហើយ​ខ្វល់​ច្រើន​ពី​ពាក្យ​ទាំង​នោះ​

​​-គ្មាន​កម្លាំង​ចិត្ត​បន្ត​ធ្វើ​រឿង​គ្រប់​យ៉ាង

​-គេង​ច្រើន ​ឬ​គេង​តិច​ជាង​ខុស​ធម្មតា

​-សម្រេច​ចិត្ត​លើ​រឿង​គ្រប់​យ៉ាង​ដោយ​គំនិត​អវិជ្ជមាន

​-តែ​ង​តែ​គិត​​ថា​ខ្លួន​ឯង​មិន​ល្អ​គ្រប់​គ្រាន់

​​-ឃើញ​តម្លៃ​ខ្លួន​ឯង​កាន់​តែ​ទាប

-អស់​កម្លាំង​ញឹក​ញាប់

​-គ្មាន​លទ្ធភាព​ផ្តោត​លើ​រឿង​រ៉ាវ​ដែល​ខ្លួន​ចូល​ចិត្ត

​-មាន​អារម្មណ៍​​ថា​ខ្លួន​កំពុង​សាង​កំហុស និង​អារម្មណ៍​មិន​ល្អ​សឹង​គ្រប់​​វេលា

​-គិត​អំ​ពី​រឿង​មិន​ល្អ​​ដែល​កើត​ឡើង ​ស្ទើរ​គ្រប់​ពេល​ទាំង​អស់

​-មិន​អាច​បំ​ភ្លេច​ហេតុការណ៍​​អតីតកាល​ងាយ​ៗ សូម្បី​រឿង​តូច​តាច

​-បង្ខាំង​ខ្លួន​ឯង​មិន​ចង់​សាក​អ្វី​ថ្មី​ៗ

​-ចង់​ធ្វើ​អត្តឃាត​ខ្លួន​ឯង

រូបតំណាង

ដូច្នេះ ​បើ​​ត្រួត​ពិនិត្យ​ឃើញ​​ថា​ខ្លួន​ឯង​មាន​ចំណុច​ទាំង​នេះ ​វា​ជា​ស​ញ្ញា​គ្រោះ​ថ្នាក់​ដែល​អ្នក​គួរ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​ដើម្បី​ពិភាក្សា​ជា​បន្ទាន់។ ​ករណី​​នេះ​ អ្នក​មិន​គួរ​ទុក​ខ្លួន​ឯង​ចោល​ម្នាក់​ឯង​ឡើយ។ ​​នៅ​ពេល​អ្នក​ទុក​ឲ្យ​ជំ​ងឺ​នេះ​​ចាក់​ឬស​គល់​ជ្រៅ​ទៅ​ៗ ​ដោយ​មិន​បាន​ពិភាក្សា​​ទេ ​បញ្ហា​នឹង​មិន​អាច​ដោះ​ស្រាយ​បាន​ឆាប់​រហ័ស​ឡើយ។ ​​យ៉ាង​ហោច​ណាស់ ​​គួរ​រក​មនុស្ស​ទុក​ចិត្ត​ណា​ម្នាក់​ស្ដាប់​អ្នក​និយាយ ​ហើយ​អាច​ជួយ​អ្នក​បាន។ ​កុំ​គិត​ថា ​អ្នក​​ជា​មនុស្ស​ឯកោ​នៅ​ក្នុង​ពិភព​លោក​នេះ ​ប្រសិន​បើ​​អ្នក​ពិត​ជា​ចង់​ចាក​ឆ្ងាយ​ពី​ជំ​ងឺ​នេះ ​ត្រូវ​ប្រញាប់​ទៅ​រក​គ្រូ​ពេទ្យ​៕​

ចុចអាន៖ ​ ឧស្សាហ៍​ក្រោក​យឺត​ហើយ​ចង់​​​តែ​គេង​ត មិន​មែន​ខ្ជិល​ទេ​ តែ​អាច​ជា​​ជំងឺ​ផ្លូវ​ចិត្ត

​​

ប្រភព៖ akerufeed ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម