បើ​មិន​ស្រលាញ់​ កុំ​ធ្វើ​ល្អ​ដាក់​អ្នក​ឯកា​ខ្លាំង​ពេក ព្រោះ​ពួក​គេ​ងាយ​ទន់​ចិត្តណាស់

  • 2019-10-11 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​មនុស្ស​ឯកា គ្រាន់​តែ​គេ​បង្ហាញ​សកម្មភាព​កក់​ក្ដៅ​បន្តិច សម្ដី​លួង​លោម​បន្តិច នឹង​មាន​អារម្មណ៍​ថា​មាន​សុភមង្គល​ភ្លាម។ ដូច​នេះ​បើ​មិន​មាន​ចិត្ត​លើ​ទេ សូម​កុំ​ធ្វើ​ឲ្យ​គេ​យល់​ខុស​អី។

នៅ​លើ​​លោក​នេះ សួរ​ថា​អ្នក​ណា​ដែល​មិន​ចង់​បាន​មនុស្ស​ដែល​ស្រលាញ់​ខ្លួន​ពិត​ប្រាកដ តែ​ជាក់​ស្ដែង​ទៅ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​អាច​រក​ឃើញ​ស្នេហា​ពិត​របស់​ខ្លួន​នោះ? ពេល​នៅ​លីវ​យូរ​ទៅ មនុស្ស​មួយ​ចំនួន​​ស៊ាំ​នឹង​អារម្មណ៍​ដែល​ធ្វើ​អ្វី​ម្នាក់​ឯង ទោះ​បី​ជា​វា​អាច​ពិបាក​នៅ​ពេល​ដំបូង​បន្តិច​ក៏​ដោយ។

តែ​រយៈ​ពេល​ឆ្លង​ផុត​ទៅ អារម្មណ៍​មួយ​នេះ​ក៏​នឹង​មិន​ធ្ងន់ធ្ងរដូច​ដែល​យើង​បាន​គិត​នោះ​ទេ។ យ៉ាងណាក្ដី អ្វី​ដែល​មិន​អាច​ជៀស​ផុត​នោះ​គឺ អារម្មណ៍​ឯកា។ ទៅ​ណា​មក​ណា​ក៏​ម្នាក់​ឯង ធ្វើ​អ្វី​ក៏​ម្នាក់​ឯង សូម្បី​តែ​មនុស្ស​ម្នាក់​ដែល​អាច​ចែក​រំលែក​រឿង​ជាមួយ​ក៏​អត់​មាន។ ទាំង​នេះ​នឹង​ជម្រុញ​ឲ្យ​ភាព​ឯកា​ឡើង​ដល់​កំពូល។

សម្រាប់​មនុស្ស​ទាំង​នេះ នឹង​​ឆាប់​ទន់​ចិត្ត ចំពោះ​ទឹក​ចិត្ត​របស់​អ្នក​ដទៃ​ណាស់ ទោះ​បី​ជា​វា​គ្រាន់​តែ​ជា​សកម្មភាព​តូច​តាច​ក៏ដោយ។ ជាក់​ស្ដែង នៅ​ចំណត​យានយន្ត​មួយ បើ​គេ​ឃើញ​​មនុស្ស​ស្រី​ហើយ​ជួយ​បណ្ដើរ​ម៉ូតូ​ឲ្យ​នោះ បេះដូង​យើង​ក៏​លោត​ញាប់​ដែរ ដ្បិត​រឿង​ទាំង​នេះ​កម្រ​កើត​ឡើង​ចំពោះ​យើង។

នៅ​កន្លែង​ធ្វើការ ឬ​នៅ​ក្នុង​ថ្នាក់​រៀន​មួយ យើង​មិន​ស្រួល​ខ្លួន ហើយ​មាន​អ្នក​សួរ​សុខ​ទុក្ខ​បែប​កក់​ក្ដៅ​បន្តិច យើង​ក៏​នឹង​ចាប់​ផ្ដើម​សួរ​ខ្លួន​ឯង​ភ្លាម​ថា តើ​គេ​មាន​ចិត្ត​លើ​យើង ឬ​ក៏​យ៉ាង​ម៉េច​បានសួរ​នាំ​បែប​នេះ ទាំង​ដែល​គេ​សួរ​ក្នុង​នាម​ជា​មិត្ត​រួម​ថ្នាក់ ឬ​មិត្ត​រួម​ការងារ​សោះ។

ភាព​ឯកា​ខ្លាំង ធ្វើ​ឲ្យ​ការ​ស្រមើស្រមៃ​របស់​មនុស្ស​ហោះ​បាន​ឆ្ងាយ និង​ងាយ​ទន់​ចិត្ត​ចំពោះ​មនោសញ្ចេតនា​របស់​អ្នក​ដទៃ ដោយ​នៅ​ក្នុង​កាលៈទេសៈ​ជា​ច្រើន ពួក​គេ​ជា​អ្នក​យល់​ច្រឡំ​ដោយ​ខ្លួន​ឯង ហើយ​ឈឺ​តែ​ម្នាក់​ឯង។

ព្រោះ​ទោះ​បី​ជា​ទង្វើ​ដែល​គេ​សម្ដែង​ចេញ​មក​គឺ​មាន​ស្មើ​គ្នា​ ចំពោះ​មនុស្ស​គ្រប់​គ្នា​ក៏​ដោយ តែ​អ្នក​ឯកា​តែង​តែ​មាន​ទំនោរ​គិត​លើស​ពី​នោះ ហើយ​ស្មាន​ថា​នេះ​គឺ​ជា​មនោសញ្ចេតនា​ស្នេហា ដែល​ចុង​បញ្ចប់​ត្រូវ​ខក​ចិត្ត ព្រោះ​ត្រូវ​គេ​បដិសេធ។ ដូច​នេះ បើ​មិន​មាន​មនោសញ្ចេតនា​ទេ សូម​កុំ​ទន់ភ្លន់​ដាក់​អ្នក​ឯកា​ពេក ព្រោះ​អាច​ធ្វើ​ឲ្យ​គេ​គិតច្រឡំ៕

ចុចអាន៖ ​​ កំហុសឆ្គងដ៏ធំរបស់មនុស្សស្រីពេលដាក់ចិត្តស្រលាញ់នរណាម្នាក់ ខ្លាំងពេក

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel