មនុស្សប្រុសពេលស្រលាញ់ប្រពន្ធខ្លាំង តែងធ្វើរឿង ៦ យ៉ាងនេះដើម្បីនាង

  • 2019-10-10 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំហំ​នៃ​ក្តី​ស្នេហា​មិន​មែន​ស្ថិត​នៅ​លើ​តែ​សម្ដី សូម្បី​​តែ​កាយវិការ​និង​សកម្មភាព​ប្រចាំ​ថ្ងៃ ក៏​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ ថា​បុរស​ម្នាក់​មាន​ចិត្ត​​​ស្រលាញ់​ប្រពន្ធ​​ខ្លាំង​កម្រិត​ណា​។ បើ​ស្រលាញ់​​ខ្លាំង​ពិត​មែន គាត់​តែង​ធ្វើ​រឿង​ទាំង​នេះ​ដើម្បី​នាង​ហើយ​។

១. ជួយ​ការងារ​ផ្ទះ​ប្រពន្ធ

បើ​ប្តី​របស់​អ្នក​និយាយ​ថា​ "ការងារ​ផ្ទះ​ជា​តួនាទី​របស់​ស្រី​ៗ” មាន​ន័យ​ថា​ គាត់​មិន​ត្រឹម​តែ​គ្មាន​ទំនួល​ខុស​ត្រូវ ប្រកាន់​គំនិត​បុរាណ​ និង​អត់​ចិត្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ខ្ជិល​មិន​ចង់​ជួយ​សម្រាល​បន្ទុក​ទៀត​ផង។ ប៉ុន្តែ​សម្រាប់​មនុស្ស​ប្រុស​ល្អ ចេះ​ស្រលាញ់​ប្រពន្ធ​វិញ​ ទោះ​រវល់​នឹង​ការងារ​ប៉ុណ្ណា​ ក៏​ឆ្លៀត​​ពេល​​អាច​ជួយ​ធ្វើ​ការងារ​ផ្ទះ ព្រោះ​គាត់​​បាន​គិត​គូរ​ពី​នាង​ និង​ដឹង​ច្បាស់​ថា ម្នាក់ៗ​សុទ្ធ​តែ​​មាន​កិច្ចការ​ធ្វើ​រៀង​ៗ​ខ្លួន ដូច្នេះ​ហើយ​គាត់​មិន​ចង់​ដាក់​បន្ទុក​​ទៅ​លើ​ប្រពន្ធ​តែ​ម្នាក់​ឯង​ឡើយ​។

២. ចូល​ចិត្ត​លើក​​និយាយ​ពី​ប្រពន្ធ​នៅ​ចំពោះ​មុខ​អ្នក​ដទៃ

សូម្បី​តែ​ពេល​ទៅ​ខាង​ក្រៅ​ជួប​ជុំ​ជាមួយ​មិត្ត​ភ័ក្តិ គាត់​តែង​តែ​យក​ប្រពន្ធ​ទៅ​ជាមួយ និង​ចូល​ចិត្ត​រំឭក​ពី​នាង​នៅ​ចំពោះ​មុខ​គេ​ឯង ដូច​ជា​លើក​​សរសើរ​ស្នាដៃ​ធ្វើ​ម្ហូប​ រៀប​ចំ​ផ្ទះ​សម្បែង​ ទុកដាក់​លុយ​កាក់​ ​ពូកែ​រក​ស៊ី​​ឬ​ធ្វើការ​​ជា​ដើម​។

៣. ខ្វាយ​ខ្វល់​ពី​ប្រពន្ធជានិច្ច

ពេល​មាន​បញ្ហា​អ្វី​មួយ​កើតឡើង គាត់​គិត​បារម្ភ​​ខ្វាយ​ខ្វល់​ពី​​ប្រពន្ធ​គ្រប់​ពេល​វេលា។ ទោះ​ពេល​ខ្លះ​គាត់​នៅ​ឆ្ងាយ​ពី​នាង​ ក៏​គាត់​មិន​ដែល​​ភ្លេច​សួរ​សុខ​ទុក្ខ និង​ចាំ​ជួយ​លើក​ទឹក​ចិត្ត​ពី​ចម្ងាយ​ជានិច្ច​។

៤. មិន​ទុក​ប្រពន្ធ​ចោល​នៅ​ផ្ទះ​ម្នាក់​ឯង ពេល​នាង​មាន​ផ្ទៃ​ពោះ

បើ​ប្តី​ណា​នៅ​ស្រេក​ឃ្លាន​ស្រា​ ផឹក​ស៊ី​​ជប់​លៀង​​ឥត​ល្ហែ សុខ​ចិត្ត​ទុក​​ប្រពន្ធ​ចោល​ឲ្យ​ចាំ​នៅ​ផ្ទះ​តែ​ឯង​ បង្ហាញ​​ថា​គាត់​ជា​ប្រុស​គ្មាន​បេះដូង​​នោះ​ទេ​។ ប្តី​ណា​ដែល​ស្រលាញ់​ប្រពន្ធ​ខ្លាំង​ អាច​​សង្កេត​ដឹង​ច្បាស់​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​នេះ​ហើយ​។ បើ​គាត់​ជូន​​នាង​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​នៅ​មន្ទីរពេទ្យ​ទៀង​ពេល ជួយ​ក្រើន​រំឭក​ឲ្យ​លេប​ថ្នាំ ជួយ​ធ្វើ​ការងារ​ផ្ទះ​សឹង​មួយ​ចប់ ដើម្បី​ឲ្យ​នាង​បាន​សម្រាក ឬ​សួរ​នាំ​ពី​អាហារ​ដែល​នាង​ចង់​ញ៉ាំ​ជា​ដើម​ ទាំង​អស់​នេះ​ហើយ​ចាត់​ទុក​ជា​សំណាង​ដ៏​ធំ​​មួយ​របស់​មនុស្ស​ស្រី​។

៥. ទុក​ចិត្ត​ប្រពន្ធ

មនុស្ស​ប្រុស​ស្រលាញ់​ប្រពន្ធ​ពិត​ប្រាកដ មិន​ចេះ​លាក់​លៀម និង​តែង​រ៉ាយរ៉ាប់​ប្រាប់​គ្រប់​រឿង​​ ព្រោះ​គាត់​ជឿ​ជាក់​ទុក​ចិត្ត​និង​គិត​ថា​នាង​គឺ​ជា​មិត្ត​ល្អ​​ដែល​អាច​ចែក​រំលែក​បញ្ហា​បាន​គ្រប់​ពេល​។

៦. ឲ្យ​តម្លៃ​ចាត់​ទុក​ប្រពន្ធ​ជា​មនុស្ស​សំខាន់​ចម្បង

គ្មាន​ហេតុផល​ណា​ដែល​ប្តី​ល្អ មិន​ចាត់​ទុក​​ប្រពន្ធ​​សំខាន់​ជាង​គេ​បង្អស់​ឡើយ​។ ទោះ​បី​​នៅ​កន្លែង​ធ្វើ​ការ​មមាញឹក​ ឬ​មាន​មិត្ត​ភ័ក្តិ​បបួល​ខ្លាំង​យ៉ាង​ណា ក៏​គាត់​នៅ​តែ​មាន​ជំហរ​រឹង​មាំ ចេះ​បែង​ចែក​ច្បាស់​លាស់ មិន​ចំណាយ​ពេល​​នៅ​ជាមួយ​អ្នក​ដទៃ​ច្រើន​ជាង​ប្រពន្ធ​កូន៕​​​​​​​​​​

ចុចអានបន្ត៖ បើគេជាស្រីស្អាត ហើយ​បាន​ប្តីអ្នកមាន ហេតុអ្វីយើងត្រូវទៅនិយាយរិះគន់ទើសគេធ្វើអី?

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម