ស្ទីលស្លៀកពាក់ ១០ ប្រភេទ ធ្វើឲ្យអ្នកបាក់សម្រស់ មិនចុះចំណោមនឹងគេ

  • 2019-10-08 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

របៀប​នៃ​ការ​ស្លៀកពាក់​តុបតែង​ខ្លួន ឲ្យ​សម​សួន​​ត្រូវ​តាម​កាលៈទេសៈ គឺ​ជា​អ្វី​ដែល​មនុស្ស​ស្រី​មិន​គួរ​ធ្វេសប្រហែស។ បើ​អ្នក​គិត​ចង់​ជ្រើស​រើស​ស្ទីល​ណា ដើម្បី​​តម្រូវ​ចិត្ត​​ខ្លួន​ឯង ក៏​មិន​ទាស់​ខុស​អី​ដែរ​ ប៉ុន្តែ​​បើ​មិន​ខ្វល់​ទាល់​តែ​សោះ​ពេក វា​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​កាន់​តែ​​យ៉ាប់​យឺន មិន​ចុះចំណោម​គេ​ឯង ថែម​ទាំង​មិន​អាច​ទទួល​បាន​ទំនុក​ចិត្ត​គ្រប់គ្រាន់​ពី​មនុស្ស​ជុំវិញ​ខ្លួន​ផង​ដែរ។

មាន​ស្ទីល​ស្លៀកពាក់​​ច្រើន​ប្រភេទ​ ដូច​ខាង​ក្រោម​នេះ បើ​ជៀស​បាន​គួរ​តែ​ជៀស​ទៅ បើ​មិន​ចង់​​ឲ្យ​​ឃើញ​ឆ្គង។

១. ស្លៀកពាក់​ខោ​អាវ​ហាត់​ប្រាណ​ឬ​ហាត់​យូហ្គា

រូបតំណាង
រូបតំណាង

ប្រហែល​ជា​អ្នក​គិត​ថា ខោអាវ​ប្រភេទ​នេះ​ ពេល​ស្លៀក​ទៅ​ពិត​ជា​ស្រួល​ខ្លួន​ ងាយ​ស្រួល​បត់​បែន​។ យ៉ាង​ណា​មិញ វា​ស័ក្តិសម​សម្រាប់​តែ​ពេល​ហាត់ប្រាណ​ឬ​ហាត់​យូហ្គា​តែ​ប៉ុណ្ណោះ។ សម្រាប់​ថ្ងៃ​ធម្មតា​ឬ​ពេល​ទៅ​ដើរ​លេង​ខាង​ក្រៅ ខោ​​អាវ​​កីឡា​រឹប​ខ្លាំង​បែប​នេះ ពិត​ជា​មើល​ទៅ​ភ្លាវ​ខុស​គេ​តែ​ម្តង​។ ម្យ៉ាង​វិញ​ទៀត មិន​ខ្វះ​ទេ​ម៉ូដ​សម្លៀក​បំពាក់​ ដែល​ងាយ​ស្រួល​ពាក់​ ក្រៅ​ពី​ខោ​អាវ​កីឡា​។

២. រ៉ូប​រឹប​បញ្ចេញ​រាង​ខ្លាំង​ពេក

រូបតំណាង
រូបតំណាង

ស្ទីល​នេះ​មិន​ត្រឹម​តែ​មិន​ទាន់​សម័យ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​មាន​សភាព​រឹប​ខ្លាំង បញ្ចេញ​រូប​រាង​ដង​ខ្លួន បញ្ចេញ​សាច់ ​ជ្រុល​ហួស​ហេតុ​ នាំ​ឲ្យ​ថយ​ចុះ​នូវ​​ភាព​​ទាក់ទាញ​និង​តម្លៃ​នៃ​រ៉ូប។

៣. អាវ​មួយ​កំណាត់​ខ្លួនឬខើចខ្លីខ្លាំង

រូបតំណាង
រូបតំណាង

ទោះ​បី​អ្នក​ស្ថិត​ក្នុង​វ័យ​បែប​ណា​ អាវ​​ខ្លី​មួយ​​កំណាត់​ខ្លួន​ឬ​ចោមពុង អាច​ធ្វើ​ឲ្យ​អ្នក​​មើល​ទៅ​មិន​សមរម្យ​ និង​ងាយ​ទទួល​រង​នូវ​ការ​រិះគន់​ផ្សេងៗ។ ម៉ូដ​​ប្រភេទ​នេះ​ដែរ ទោះ​បី​មាន​តម្លៃ​ថ្លៃ​យ៉ាង​ណា ក៏​មើល​ទៅ​ឆាប់​សាំ​ភ្នែក និង​ច្រឡំ​គ្នា​ជាមួយ​នឹង​ម៉ូដ​ធូរ​ថ្លៃ​ធម្មតា​។ យ៉ាង​ណា​មិញ បើ​អ្នក​ពិត​ជា​ស្រលាញ់​ស្ទីល​អាវ​ខ្លី​​ខ្វះ​មិន​បាន គួរ​ប្រុង​ប្រយ័ត្ន ជ្រើសរើស​ម៉ូដ​ណា ដែល​​ច្នៃ​ប្រឌិត​បែប​សាមញ្ញ​ៗ។​

៤. ខោអាវ​ដែល​មាន​រូប​ស្អេក​ស្កះ​​​ឬ​តុក្តតា​ធំៗ

រូបតំណាង
រូបតំណាង

នៅ​ប្រទេស​មួយ​ចំនួន រូប​តុក្កតា Mickey Mouse ឬ Hello Kitty ដែល​មាន​នៅ​លើ​សម្លៀក​បំពាក់ គឺ​ពេញ​និយម​ខ្លាំង​ណាស់។ ទោះ​​ជា​បែប​នេះ​ក្តី មិន​ថា​ជា​​ខោអាវ​​គេង​យប់ ឬ​សម្រាប់​ពាក់​ចេញ​ទៅ​ក្រៅ​ក៏​ដោយ ឲ្យ​​តែ​មាន​​រូប​ផ្កា​ស្អេក​ស្កះ​ ឬ​តុក្កតា​ធំៗ វា​ហាក់​បី​ដូច​ជា​មិន​ទាន់​សម័យ​កាល និង​គ្មាន​លក្ខណៈ​ជា Fashion បន្តិច​សោះ​។

៥. ពាក់​អាវ​យឺត​រាល់​ថ្ងៃ​ដដែលៗ

រូបតំណាង
រូបតំណាង

អាវ​យឺត​មាន​ភាព​សាមញ្ញ​ស្រស់​ស្អាត ប៉ុន្តែ​បើ​អ្នក​ពាក់​វា​រាល់​ថ្ងៃ​ដដែល​ៗ​ពេក​​ មិន​ផ្លាស់​ប្តូរ​ស្ទីល​តាម​កាលៈទេសៈ វា​នឹង​បណ្តាល​ឲ្យ​បាត់​បង់​ភាព​ទាក់​ទាញ។

៦. ខោ​ខោវប៊យ​រហែក​ខ្លាំង

រូបតំណាង
រូបតំណាង

អាច​នឹង​ត្រូវ​ចិត្ត​មិត្ត​យុវវ័យ​មួយចំនួន ប៉ុន្តែ​មិន​ប្រាកដ​ថា ស្ទីល​ដែល​ពេញ​និយម​តៗ​គ្នា សុទ្ធ​តែ​ស័ក្តិសម​សម្រាប់​អ្នក​ឡើយ។​​

៧. ខោ​ខោវប៊យ​ខ្លី​​និង​មាន​ពណ៌​ទឹក​ប៊ិច

រូបតំណាង
រូបតំណាង

ខោ​ខោវប៊យ​ខ្លី ជា​ស្ទីល​​​ដែល​ទទួល​បាន​ប្រជាប្រិយ​ភាព អស់​​រយៈ​ពេល​ជា​យូរ​មក​ហើយ។ បើ​និយាយ​ពី​ខោ​ខោវប៊យ​ខ្លី​ដែល​មាន​ពណ៌​ស្រាល​ឬ​ពណ៌​ស គឺ​ងាយ​ស្រួល​បំផុត​​នៅ​ពេល​ដែល​អ្នក​ចង់​លេង​ជាមួយ​ស្ទីល​ផ្សេងៗ​ ប៉ុន្តែ​សម្រាប់​ពណ៌​ទឹក​ប៊ិច​វិញ គឺ​មើល​ទៅ​ឆ្គង​ខ្លាំង​ណាស់​ ព្រោះ​វា​ជា​ពណ៌​ដែល​មិន​លេច​ធ្លោ និង​ពិបាក​ក្នុង​ការ​ផ្គូផ្គង​ជាមួយ​នឹង​ពណ៌​ដទៃ​ទៀត។​​​​

៨. ប្រើ​កាបូប​ស្ពាយ​ដែល​ហួស​ពេល​កំណត់

រូបតំណាង

មិន​ថា​អ្នក​ប្រើ​កាបូប​ថ្លៃ​ប៉ុណ្ណា​ក៏​ដោយ បើ​វា​ហួស​ពេល​កំណត់ ចេញ​ច្រែះ របក​ឬ​រហែក វា​នឹង​​ធ្វើ​ឲ្យ​ការ​តុប​តែង​ខ្លួន​របស់​អ្នក​ធ្លាក់​ចុះ​​មួយ​កម្រិត​ភ្លាមៗ។ ​​​​

៩. ខោ​អាវ​ជំនាន់​ឆ្នាំ ៩០

រូបតំណាង
រូបតំណាង

​​ថ្វី​ត្បិត​តែ​ស្ទីល​ស្លៀកពាក់​​មាន​ការ​វិវត្ត​ចុះ​ឡើង​ពិត​មែន ប៉ុន្តែ​​យ៉ាង​ហោច​ណាស់​ ក៏​មាន​​ការ​ប្រឌិត​ខុស​គ្នា​ ឬ​គ្រាន់​តែ​ក្លាយ​បន្តិច​បន្តួច​។ កាល​ណា​​អ្នក​យក​ស្ទីល​ជំនាន់​ដើម​ទាំង​ស្រុង​​តែ​ម្តង គឺ​ពិត​ជា​មិន​អាច​ចុះ​ចំណោម​បាន​ឡើយ​។

១០. ខោ​អាវ​ជ្រួញ

រូបតំណាង

ខ្ជិល​យ៉ាង​ណា​ ក៏​មិន​គួរ​ធ្វេស​ប្រហែស​ដែរ ព្រោះ​បើ​អ្នក​ពាក់​ខោអាវ​ទាំង​ស្នាម​​ជ្រីវ​ជ្រួញ​​អ្នក​ដទៃ​នឹង​វាយ​តម្លៃ​មិន​ល្អ​ គិត​ថា​អ្នក​ជា​មនុស្ស​គ្មាន​របៀប​​។ អាច​ជ្រើស​រើស​ប្រភេទ​ឆ្នាំង​អ៊ុត​ស្ទីម ដែល​មាន​ភាព​ងាយ​ស្រួល​និង​រហ័ស​៕

ចុចអានបន្ត៖ ​​​​​ចង់​​ពាក់​អាវ​​​​យឺត​​​​​សាមញ្ញ​​​​​​​​​​​​​​​​​​​ឲ្យ​មើល​ទៅ​​កាលីប អាច​​​លេង​​​ស្ទីល​តាម​តារា​​កូរ៉េ​​​​​​ល្បី​​ៗ​

ប្រភព៖ jetsetbabe ប្រែ​សម្រួល៖ ដេត ឈុនអ៉ី