អបអរផង! រកឃើញស្នេហ៍ពិតហើយ បើមនុស្សអ្នកកំពុងស្រលាញ់ចេញសញ្ញាបែបនេះ

  • 2019-10-07 10:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ​មនុស្ស​ដែល​អ្នក​ចង់​បាន​ជា​គូ​អនាគត​​ជា​មនុស្ស​បែប​ណា? ​អ្នក​ណា​ក៏​តែង​និយាយ​ថា ​ចង់​បាន​​អ្នក​មាន​បេះ​ដូង​ស្មោះ​ត្រង់ ​​​តែ​ប្រហែល​ភ្លេច​ថា មនុស្ស​មាន​បេះ​ដូង​ស្មោះ ​ប៉ុន្តែបើ​អ្នក​និង​គេ​ពេល​នៅ​ជិត​គ្នា​អត់​មាន​ចំណុច​ស្រប​គ្នា ​​អត់​សើច​សប្បាយ ​នោះ​មិន​ហៅ​ថា​រក​បាន​ស្នេហ៍​ពិត​នោះ​ទេ។ ​ដូច្នេះ ​កញ្ញា ​សូម​បង្ហាញ​ចំណុច​ខ្លះ​ៗ ៖​

១. មាន​គំនិត​លើ​ការ​រស់​នៅ​ស្រដៀង​គ្នា

​អ្នក​និង​គេ ​មាន​របៀប​របប​រស់​នៅ​ប្រហែល​គ្នា ​មិន​ថា​ទម្លាប់​ម៉ោង​ចូល​គេង ​សូម្បី​ភ្ញាក់​ពី​គេង​​ក៏​ដូច​គ្នា​ទៀត។ ​លើស​ពី​នេះ​ ពេល​និយាយ​ពី​​ផ្ទះ​ក្នុង​ក្ដី​ស្រមៃ​​ក៏​អ្នក​ទាំង​ពីរ​និយាយ​ត្រូវ​គ្នា​ល្អ​ទៀត​ផង។ ​មើល​ទៅ​ពិត​ជា​​មនុស្ស​ចុះ​សម្រុង​គ្នា​បាន​ល្អ​ណាស់ ​ប្រៀប​ដូច​មនុស្ស​តែ​មួយ។ ​​មាន​ពេល​ខ្លះ ​មើល​តែ​ភ្នែក​គ្នា​ក៏​ដឹង​ថា​ចង់​និយាយ​ពី​អី ​នេះ​បាន​ហៅ​ថា​មនុស្ស​នៅ​ក្នុង​បេះ​ដូង​មែន។ ​បើ​បែប​នេះ​ ​កុំ​ស្ទាក់​ស្ទើរ​ទៀត ​ព្រោះ​មិន​ងាយ​រក​បាន​មនុស្ស​មាន​លក្ខណៈ​ស្រដៀង​គ្នា​បែប​នេះ​ទេ ​ដោយ​សារ​ពេល​អ្នក​​រៀប​ការ​ជាមួយ​គ្នា​ទៅ ​អ្នក​ត្រូវ​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា​។ ​ដូច្នេះ​បើ​ទម្លាប់​អ្នក​និង​គេ​ប្រហាក់​ប្រហែល​គ្នា​​យ៉ាង​នេះ ​ពិត​ជា​ចុះ​សម្រុង​ល្អ​ណាស់។

២. ​មិន​បាត់​ភាព​ជា​ខ្លួន​ឯង

​អ្នក​ខ្លះ​តាំង​ពី​មាន​មិត្ត​ប្រុស​មក ​ប្រែ​ជា​ស្លៀក​រ៉ូប​ស្ទើរ​រាល់​ថ្ងៃ ​​ដែល​កាល​មុន​អ្នក​តែង​ស្លៀក​ខោ​ខូវប៊យ​សោះ​ហ្នឹង។ ​នោះ​ដោយសារ​​​ចង់​ផ្គាប់​ចិត្ត​មិត្ត​ប្រុស រហូត​បាត់​អ្វី​ជា​ខ្លួន​ឯង។ ​ប៉ុន្តែ ​អេ!​ឈប់​សិន ​បើ​​សង្សារ​អ្នក​តាំង​ពី​ស្រលាញ់​គ្នា​មក ​​អត់​ដែល​បង្ខំ​អ្នក​ឲ្យ​ស្លៀក​អី​ទេ ​តែ​ង​តែ​យល់​ពី​គ្នា មិន​ដែល​ឈ្លោះ​ប្រកែក ឬ​​មិន​ដែល​ឲ្យ​អ្នក​ធ្វើ​​នេះ​ធ្វើ​នោះ​​​ទាំង​អ្នក​មិន​ចង់ នោះ​ជា​​រឿង​ល្អ​ហើយ។​ ​គេ​តែង​ស្រលាញ់​​គោរព​ ព្រម​ទាំង​​តាម​អ្វី​ដែល​អ្នក​ចូល​ចិត្ត និង​តែង​សប្បាយ​ចិត្ត​ជាមួយ​គ្នា។ បើ​ជួប​បុរស​បែប​នេះ ​អ្នក​អាច​ប្រាប់​ពិភព​លោក​បាន​ហើយ ​បុរស​នោះ​ពិត​ជា​មនុស្ស​ប្រុស​ល្អ​ណាស់។

៣. មិន​ខឹង​ពេល​អ្នក​និយាយ​ត្រង់​ៗ

​​​​អ្នក​និង​គេ​ដឹង​ពី​ចំណុច​ល្អ និង​ចំណុច​អាក្រក់​របស់​គ្នា ហើយ​ក៏​អាច​​ទទួល​យក​បាន​ពី​គ្នា​ទៀត​ផង។ ​លើស​ពី​នេះ ​ពេល​នៅ​ជិត​​គ្នា ​អ្នក​គ្មាន​អារម្មណ៍​ទើស​ទាល់​និង​ហ៊ាន​និយាយ​ត្រង់​ៗ ចំអន់​​គ្នា​លេង​ដោយ​គេ​មិន​ខឹង។ ​នេះ​ជា​សញ្ញាណ​នៃ​ក្តី​ស្រលាញ់​ពិត ​ដោយ​សារ​តែ​ស្រលាញ់​ពិត​ហ្នឹង​ហើយ ​ទើប​​ពេល​នៅ​ជិត​គ្នា​សប្បាយ​ចិត្ត ​មាន​ជីវិត​រីក​រាយ។ ​

​នៅ​​ពេល​អ្នក​រក​ឃើញ​​ដៃ​គូ​ដែល​ពេល​នៅ​ជិត​គ្នា​តែង​សប្បាយ​ចិត្ត ​នោះ​ជា​រឿង​ល្អ​ដែល​អ្នក​គួរ​បន្ត​ទៀត​ព្រោះ​នេះ​ជា​ស្នេហ៍​ពិត​ហើយ។ ​នោះ​ជា​ស្នេហា​កើត​ពី​ចិត្ត ​មិន​ត្រូវ​ការ​រៀប​ឬក​ រឹត​តែ​មិន​ខ្វល់​នឹង​ការ​ប្រចណ្ឌ​ ការ​លួច​ក្បត់​ដែល​គូ​ស្នេហ៍​ខ្លះ​ច្រើន​លួច​ធ្វើ​។ ​ដូច្នេះ ​បើ​ជួប​បុរស​បែប​នេះ​ដាច់​ខាត​ត្រូវ​រក្សា​គាត់​ឲ្យ​បាន ព្រោះ​មនុស្ស​ប្រុស​បែប​នេះ​ពិត​ជា​មិន​ងាយ​រក​​បាន​ឡើយ។ ​កុំ​ឲ្យ​គាត់​របូត​ចេញ​ពី​ដៃ​អ្នក បើ​គាត់​ចាក​ចេញ​ទៅ​ ពិត​ជា​គួរ​ឲ្យ​សោក​ស្តាយ​ណាស់៕​​

ចុចអាន៖ ​​ ​មនុស្សប្រុសឲ្យតម្លៃនារីចាត់ទុកដូចព្រះនាង ព្រោះពេញចិត្តអត្តចរិត៣យ៉ាងនេះ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា