​​ប្តី​គ្រប់​​រូប​​​​គួរ​​ដឹង​​​! ​ទុក្ខ​​លំបាក​​​​ប្រពន្ធ​​ចាប់​​តាំង​ពី​មាន​គភ៌​រហូត​ក្រោយ​ពេល​​​​​​សម្រាល​រួច

  • 2019-10-04 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ក្លាយ​ជា​​​អ្នក​ម្តាយ​មួយ​​រូប គឺ​ជា​​អ្វី​ដែល​​មនុស្ស​ស្រី​ហ៊ាន​​លះបង់ ទោះ​បី​​​​​​ដឹង​​ថា​វា​លំបាក​​យ៉ាង​ណា​ក៏​ដោយ​​។ មនុស្ស​ប្រុស​​​​ជា​ច្រើន​ នៅ​មិន​ទាន់​​បាន​ដឹង​​នៅ​ឡើយ​ទេ ពី​​ទុក្ខ​លំបាក​ទាំង​នោះ ថា​មនុស្ស​ស្រី​​មាន​​ការ​ឈឺ​ចាប់​​​ប៉ុន​ណា ​ចាប់​តាំង​ពី​​​​មាន​គភ៌​ រហូត​ក្រោយ​ពេល​​​​​​សម្រាល​រួច។

​​បើក​​ភ្នែក​ឡើង​ភ្លាម​ ​​​មាន​អាការ​​ចាញ់​កូន​ទាំង​ព្រលឹម​​

មាន​មនុស្ស​ស្រី​មិន​​តិច​ទេ ដែល​ធ្លាប់​ឆ្លង​កាត់​​បទ​​ពិសោធន៍ ចាញ់​កូន​​​​បន្ទាប់​​ពី​ភ្ញាក់​ឡើង​ភ្លាម គ្រាន់​តែ​​មាន​ស្រាល​និង​ធ្ងន់​​​ អាស្រ័យ​លើ​សុខភាព​​របស់​​អ្នក​ម្តាយ​​​​និមួយៗ។ អ្នក​ខ្លះ​​ចាញ់​ខ្លាំង ​រហូត​​​ដល់​ថ្នាក់​ក្អួត​ញ៉ាំ​អ្វី​មិន​ចូល ​បណ្តាល​ឲ្យ​អស់​ជាតិ​​​ទឹក​ ខ្សោះ​​​​​​កម្លាំង​​​​​ពី​ក្នុង​​ខ្លួន។

​​កូន​​ក្នុង​​​ផ្ទៃ​លូត​លាស់​កាន់​ធំ ម្តាយ​កាន់​តែ​​ពិបាក​ពី​មួយ​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ​​

ពោះ​​កាន់​តែ​​​​ខ្ទាត​​បន្តិច​ម្តងៗ ធ្វើ​ឲ្យ​ស្រី្ត​​មាន​អារម្មណ៍​ថា​អស់​​កម្លាំង ហាក់​បី​ដូច​ជា​មាន​ដុំ​ថ្ម​ធ្ងន់​នៅ​ក្នុង​ពោះ ពិបាក​​ធ្វើ​​ចលនា និង​ធ្វើ​ការងារ​ផ្សេងៗ។ សូម្បី​តែ​ពេល​​​ងើប​ឈរ​ ​​ឬ​អង្គុយ​​ចុះ ក៏​មាន​អារម្មណ៍​ថា​នឿយ​ហត់ ឈឺ​ចង្កេះ ឈឺ​ខ្នង ឈឺ​ក្បាល ​ជើង​​អាច​រមួល​ក្រពើ និង​កូន​ធាក់​ជា​ដើម។

​អ្វី​​ដែល​​​ស្រ្តី​ពិបាក​ប្រឈម​ជាមួយ​ជាង​គេ គឺ​​បញ្ហា​សម្រស់ ដូច​ជា​ស្បែក​​​​នៅ​​ត្រង់​កន្លែង​ពោះ​បែក​សង្វារ​ មុខ​​​​និង​​​ខ្នង​កើត​​មុន​ ថ្ពាល់​មាន​​ស្នាម​អុជ​ខ្មៅ ស្បែក​ស្រអាប់ សក់​ជ្រុះ...ដោយ​​​សារ​អ័រម៉ូន​មាន​ការ​ប្រែប្រួល ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។

​ចំណែក​ឯ​ផ្លូវ​ចិត្ត​វិញ ក៏​​​មាន​ការ​ផ្លាស់​ប្តូរ​គួរ​​ឲ្យ​គត់​សម្គាល់​ផង​ដែរ។ ស្រ្តី​​​ជា​ម្តាយ តែង​តែ​គិត​​ខ្វាយ​ខ្វល់​ពី​​សុវត្ថិភាព​​​ទារក​ក្នុង​ផ្ទៃ ​បារម្ភ​ពី​​​​របៀប​ចិញ្ចឹម​បីបាច់​​​ក្រោយ​​សម្រាល​រួច និង​​រូប​សម្រស់​របស់​ខ្លួន​។ ម្យ៉ាង​វិញ​ទៀត ពេល​ខ្លះ​នាង​​ឆាប់​ខឹង​​ដោយ​គ្មាន​មូលហេតុ ​ឆាប់​កើត​ទុក្ខ អា​រម្មណ៍​ប្រែប្រួល​ពិបាក​ស្មាន។

​​​​​​​ក្នុង​​​ពេល​​សម្រាល​​

នេះ​​​គឺ​ជា​ដំណាក់​មួយ​ដែល​​មនុស្ស​ស្រី​រង​ទុក្ខ​ខ្លាំង​ជាង​គេ ដូច្នេះ​​ហើយ​​បាន​ជា​វេជ្ជបណ្ឌិត​​ អនុញ្ញាត​ឲ្យ​ស្វាមី​ចូល​ទៅ​ក្នុង​ទៅ​ក្នុង​បន្ទប់​សម្រាល ដើម្បី​ផ្តល់​​ជា​កម្លាំង​ចិត្ត។ បញ្ហា​​​ចម្បង​ជាង​គេ ពេល​ដែល​​ទារក​​​​មាន​​ទំហំ​ធំ​​ពេក​ពិបាក​កើត ​​គ្រូពេទ្យ​​នឹង​ធ្វើ​ការ​​ច្រឹប​​​ផ្នែក​​មាត់​ស្បូន ដោយ​ប្រើ​ថ្នាំ​​ស្ពឹក។ យ៉ាង​ណា​ក្តី ​ស្ត្រី​​​នៅ​តែ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​​ក្រោយ​សម្រាល​រួច និង​ត្រូវ​​ចំណាយ​​ពេល​​​វេលា​យូរ​​​គួរ​សម​​​ ទម្រាំ​បាន​​ជា​សះ​ស្បើយ​ឡើង​វិញ។ ហេតុ​នេះ​ហើយ​ ​​ការ​ចូល​​រួម​ជួយ​លើក​ទឹក​ចិត្ត​ពី​​ស្វាមី ​គឺ​ជា​ថ្នាំ​​បន្ថែម​​ដ៏​ស័ក្ដិសិទ្ធិ​បំផុត។​

​​ក្រោយ​​ពេល​សម្រាល​រួច​​

​​​​​​អ្នក​ដឹង​​ហើយ​ថា ​ក្រោយ​ពេល​សម្រាល​រួច​​គឺ​​​តែង​តែ​រវល់​ សឹង​រក​ពេល​​សម្រាក​គ្មាន ត្រូវ​មើល​​ថែ​​​​កូន​ផង បំបៅ​ដោះ​​ផង ​ព្រម​ទាំង​​​មាន​កិច្ចការ​ជា​ច្រើន​ផ្សេង​ទៀត​ រៀបរាប់​មិន​អស់។ ​ហេតុ​ផល​ទាំង​នេះ ដែល​ស្វាមី គួរ​​​មាន​ទំនួល​ខុស​ត្រូ​វ​ខ្ពស់ ​ចេះ​​ជួយ​សម្រាល​ទុក្ខ​ប្រពន្ធ។

​​​ស្រ្តី​បំបៅ​ដោះ​កូន​មាន​ការ​ឈឺ​ចាប់​​ខ្លាំង​​

សម្រាប់​អ្នក​ម្តាយ​​​បំបៅ​ដោះ​កូន អាច​ទទួល​រង​នូវ​សម្ពាធ​ច្រើន ដូច​ជា​​​មាន​ការ​ឈឺ​ចាប់​​នៅ​ក្នុង​​និង​នៅ​ចុង​សុដន់ ពេល​​ខ្លះ​ទារក​អាច​​​​​ខាំ​ ធ្វើ​ឲ្យ​​ហើម​ក៏​មាន។ លើក​​ដំបូង​​ អ្នក​​ប្រហែល​ជា​ត្រូវ​ជួប​ការ​លំបាក​ច្រើន ប៉ុន្តែ​យូរ​ៗ​ទៅ រាង​កាយ​អ្នក​នឹង​​ស៊ាំ​ទៅ​នឹង​ការ​ផលិត​ទឹក​ដោះ​ ហើយ​ការ​​​ឈឺ​ចាប់​​នឹង​ថយ​​ចុះ​ទៅ​តា​ម​ហ្នឹង​ដែរ ៕

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី