បែងចែកមិនដាច់ថាស្បែកមុខខ្លួនឯងស្ងួតឬខ្លាញ់ មកដឹងវិធីស្គាល់ប្រភេទស្បែកមុខ

  • 2019-10-03 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សុខភាព​ស្បែក​ល្អ ​​កើត​ចេញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ចិញ្ចឹម​​ស្បែក​ត្រឹម​ត្រូវ។ ​ជួន​កាល​វា​​ក៏​​អាស្រ័យ​លើ​ការ​ដឹង​ច្បាស់​ពី​ប្រភេទ​ស្បែក​​មុខ​ដែរ ដើម្បី​ចៀស​វាង​អនុវត្ត​ខុស​​ពេល​ទិញ​ផលិត​ផល​ម្តង​ៗ។ ​អ្នក​អាច​ដឹង​ថា ​ស្បែក​អ្នក​ស្ថិត​ក្នុង​ប្រភេទ​អ្វី ​ដោយ​គ្រាន់​តែ​សង្កេត​ពេល​ភ្ញាក់​ពី​គេង​លើ​ចំណុច​ច្រមុះ ​ថ្ងាស ​និង​ថ្ពាល់។

វិធី​នេះ ​គឺ​ត្រូវ​ធ្វើ​នៅ​ពេល​ព្រឹក​​បន្ទាប់​ពី​អ្នក​​ភ្ញាក់​ពី​គេង។ ​តំបន់​ដែល​ត្រួត​ពិនិត្យ​លើ​មុខ (​ដូច​រូប) ៖ “T-Part​ (​ពណ៌​ខៀវ​)” ​ ​”​ថ្ពាល់ ​(ពណ៌​ទឹក​ក្រូច​)" ​ដូច​ខាង​ក្រោម៖

១. អត់​មាន​ខ្លាញ់​លើ​ផ្ទៃ​មុខ ទាំង​លើ T-Part ​និង​ថ្ពាល់ ហើយ​សភាព​ស្បែក​តឹង និង​ស្ងួត​តិច​តួច។

២. ​មុខ​អត់​របក អត់​មាន​ខ្លាញ់​ហើយ​អត់​ស្ងួត​ទៀត។ សភាព​ស្បែក​ទន់​រលោង​ទាំង​លើ T-Part ​និង ថ្ពាល់។ មាន​អារម្មណ៍​ថា​ស្បែក​​មុខ​ដូច​កូន​ក្មេង ពេល​ស្ទាប​ម្ដង​ៗ។

៣. តំបន់ ​ T-Part ​មាន​ខ្លាញ់​ច្រើន ហើយ​ថ្ពាល់​​និង​ផ្នែក​ផ្សេងៗ​លើ​ផ្ទៃ​មុខ រៀង​ស្ងួត​បន្តិច។

៤. ស្បែក​មុខ​ផ្នែក T​ -Part ​និង ​ថ្ពាល់ មាន​សភាព​ស្ងួត​ស្រាល​ៗ ហើយ​គ្មាន​ខ្លាញ់​លើ​ផ្ទៃ​មុខ។

៥. តំបន់​ពិសេស​របស់​ស្បែក T-Part ​និង​ថ្ពាល់ ​មើល​ទៅ​មាន​​សភាព​រលើប​រលោង ហើយ​ងាយ​កើត​មុន។

​​ចម្លើយ៖

១៖ ស្បែក​​ស្ងួត ស្បែក​ឆាប់​ប្រតិកម្ម

​ស្បែក​ប្រភេទ​នេះ​​គួរ​តែ​ផ្ដល់​ជីវជាតិ​​ដល់​ស្បែក​មុខ​ដោយ​ផលិត​ផល​ផ្ដល់​សំណើម ​ដូច​ជា​គ្រីម ​ឡេ ​ឬ​ផលិត​ផល​ដែល​មិន​ផ្ទុក​ជាតិ​ទឹក​អប់ ​អាល់​កុល​ជា​ដើម ​ដើម្បី​កាត់​បន្ថយ​កត្តា​ធ្វើ​ឲ្យ​ស្បែក​មុខ​កាន់​តែ​យ៉ាប់​លើស​ដើម។

២៖ ស្បែក​មុខ​ធម្មតា

អប​អរ​សាទរ​ផង​ប្រសិន​ស្បែក​មុខ​អ្នក​ស្ថិត​ក្នុង​លេខ​រៀង​នេះ​។ ​មាន​ន័យ​ថា ​អ្នក​មាន​​លក្ខខណ្ឌ​ស្បែក​មុខ​​ល្អ កម្រ​មាន​បញ្ហា​លើ​ស្បែក​មុខ​ខ្លាំង​​ណាស់។ ​អ្នក​គ្រាន់​តែ​ប្រើ​ផលិត​ផល​លក្ខណៈ​ទូ​ទៅ​ដែល​ជួយ​ចិញ្ចឹម​ស្បែក​មុខ​ក៏​បាន​ទៅ​ហើយ។ ​ជា​ធម្មតា ប្រភេទ​ស្បែក​មុខ​បែប​នេះ ​មិន​សូវ​ឡើង​មុន តែ​បើ​មិន​អើពើ​គេង​ឲ្យ​​គ្រប់​គ្រាន់​ឬ​ញ៉ាំ​អាហារ​បំពង​ចៀន​ច្រើន ​ក៏​អាច​បំផ្លាញ​ស្បែក​មុខ​បាន​ដែរ។ ​​ពេល​នោះ​ស្បែក​មុខ​អ្នក​នឹង​ប្រែ​ជា​ស្ងួត​លាយ​ខ្លាញ់​ចូល​គ្នា។

៣៖ ស្បែក​លាយ​ខ្លាញ់​និង​ស្ងួត

ស្បែក​អ្នក​​​មាន​ខ្លាញ់​ផង​ស្ងួត​ផង​លាយ​គ្នា។ ​ប្រភេទ​​នេះ​គឺ​ស្បែក​បែប​ធម្មតា​ផង ​ស្ងួត​និង​ខ្លាញ់​ផង។ ​ដូច​នេះ​អ្នក​គួរ​ផ្ដោត​លើ​ផលិត​ផល​ណា​ដែល​មិន​ផ្ទុក​ជាតិ​ប្រេង រួម​ទាំង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ផ្ដល់​​សំណើម​ស្បែក​មុខ។ ម្យ៉ាង​ទៀត ​កុំ​លាង​មុខ​ញឹក​ញាប់​​ពេក ​និង​ត្រូវ​ត្រួត​ពិនិត្យ​​ជាតិ​ខ្លាញ់​​លើ​តំបន់ ​ T-Part ​។

៤៖ ​ស្បែក​ស្ងួត

​ជា​ប្រភេទ​ខ្វះ​ជាតិ​សំណើម ដូច្នេះ​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​តំបន់ T-Part កាត់​បន្ថយ​សំងួត។ អ្នក​គួរ​រើស​​ផលិត​ផល​ណា​ដែល​មាន​ជាតិ​ប្រេង។ ​ម្យ៉ាង​ទៀត ​បើ​ស្បែក​នៅ​តំបន់ ​ T-Part ​​មិន​ស្ងួត​ខ្លាំង តែ​បែរ​ជា​សង្កេត​ឃើញ​មាន​ខ្លាញ់​តិច​ៗ ​អ្នក​ត្រូវ​ងាក​មក​​រក​ផលិត​ផល​ណា​ដែល​ផ្ដល់​សំណើម​ស្បែក​មុខ​វិញ ចៀស​វាង​ស្បែក​ងាយ​ឡើង​ជ្រួញ​។ ​​កុំ​ប្រើ​សាប៊ូ​ដើម្បី​លាង​មុខ ​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ស្ងួត ហើយ​ក៏​មិន​ត្រូវ​ប្រើ​ហ្វូម​លាង​មុខ​ដែល​គ្មាន​ផ្ទុក​ជាតិ​សំណើម​ដែរ។

៥៖ ស្បែក​​ខ្លាញ់

​​ប្រភេទ​ស្បែក​បែប​នេះ​ងាយ​នឹង​កើត​មុន​ណាស់ ម្ល៉ោះ​ហើយ​គួរ​លាង​សម្អាត​មុខ​​ឲ្យ​បាន​ទៀង​ទាត់។ បើ​មើល​ទៅ​ស្បែក​ដូច​រលោង​ៗ​ប្រិលៗ ដូច​ខ្លាញ់​រលើប​ពេញ​មុខ ​អ្នក​ត្រូវ​ប្រើ​ផលិត​ផល​មាន​ជាតិ​សំណើម ​និង​គ្មាន​ជាតិ​ប្រេង​។ ​មិន​គួរ​លាង​មុខ​​ដោយ​ប្រើ​សាប៊ូ ​ឬ​ហ្វូម​មាន​ជាតិ​កាត់​ខ្លាំង ​ព្រោះ​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ផលិត​ជាតិ​ខ្លាញ់​ខ្លាំង​ឡើង។ បន្ថែម​ពី​នេះ ​បន្ទាប់​ពី​លាង​មុខ​រួច ត្រូវ​ប្រើ​ឡេ​ ឬ​ជែល​ដែល​ផ្ដល់​ជាតិ​ទឹក​ដល់​មុខ។

​ពេល​នេះ​អ្នក​បាន​ស្គាល់​ច្បាស់​ពី​ប្រភេទ​ស្បែក​មុខ​ហើយ ​ដូច​នេះ​​កុំ​ភ្លេច​ជ្រើ​ស​រើស​ផលិត​ផល​ណា​ដែល​សក្ដិសម​នឹង​ស្បែក​មុខ​អ្នក ដើម្បី​ស្បែក​មាន​សុខភាព​ល្អ ​​និង​មិន​មាន​បញ្ហា​៕ ​​​​​​​

ចុចអាន៖ ​ ភស្តុតាងបញ្ជាក់ថា នារីសក់រួញមើលទៅឃើញស្អាតហើយក្មេងជាងវ័យ

​​

ប្រភព៖ akerufeed ប្រែ​សម្រួល៖ លឹម សុនា